(បន្ទាយមានជ័យ)៖ កម្លាំងសមត្ថកិច្ចស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១នេះ បានបញ្ជូនបុរសចំណាស់ម្នាក់ ទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់ បន្ទាប់ពីបុរសនេះ បានលួងលោមក្មេងស្រីម្នាក់ យកទៅរំលោភរហូតបានសម្រេចជាច្រើនដង។

សមត្ថកិច្ចបានឱ្យដឹងថា បុរសចំណាស់ល្មោភកាមនេះមានឈ្មោះ ឆុត ឆាត់ អាយុ៧៨ឆ្នាំ រស់នៅភូមិតាផោក ឃុំចង្ហាស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ចំណែកក្មេងរងគ្រោះមានឈ្មោះ ត.រ.ស អាយុ១៤ឆ្នាំ នៅភូមិតាផោក ឃុំចង្ហា ស្រុកអូរជ្រៅ ឪពុកម្តាយទៅធ្វើការនៅប្រទេសថៃ ហើយរស់នៅជាមួយជីដូនចាស់ជរា។

លោកអធិការស្រុកអូរជ្រៅ បានបញ្ជាក់ថា «នៅថ្ងៃកើតហេតុនោះ ដោយអ្នកជិតខាង ឈ្មោះ វឿង តឿង ភេទស្រី អាយុ៥៤ឆ្នាំ មើលឃើញរូបរាងក្មេងស្រីរងគ្រោះមានអាការៈខុសប្រក្រតី គាត់ក៏បានសួរនាំហើយក្មេងស្រីរងគ្រោះ ហើយនាងបាននិយាយរឿងរ៉ាវប្រាប់ថា តា ឆុត ឆាត់ រំលោភនាង។ ក្រោយពីឮដូច្នោះ ឈ្មោះ វឿង តឿង បានប្តឹងមកនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំចង្ហា បន្ទាប់មកសមត្ថកិច្ចបានហៅជនសង្ស័យទៅសួរនាំ»។

លោកអធិការបានរៀបរាប់បញ្ជាក់ទៀតថា នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួងលោមក្មេងស្រីរងគ្រោះរំលោភមែននៅក្នុងទ្រុងមាន់ក្រោយផ្ទះរបស់ខ្លួន បានសម្រេចចំនួន ៣ដង តាំងពីអំឡុងខែឧសភា ឆ្នាំ២០២១ មកម្ល៉េះ ដោយលួងលោមឱ្យលុយនាង លើកទី១ ចំនួន២០,០០០រៀល, លើកទី២ ចំនួន១០,០០០រៀល និងលើកទី៣ ចំនួន២០,០០០រៀល។

លោកស្រីឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរង ទទួលការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានឲ្យដឹងថា ដោយផ្អែកលើបណ្តឹងក្រុមគ្រួសារក្មេងស្រីរងគ្រោះ និងចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ឆុត ឆាត់ ត្រូវបានកម្លាំងនរបាលជំនាញ ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បញ្ជូនខ្លួនទៅសាលាដំបូខេត្ត នៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ ចាត់ការតាមនីតិវិច្បាប់៕