(ព្រៃវែង)៖ រដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នេះ បានបង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ចំនួន៣៨នាក់បន្ថែមទៀត ដែលទើបរកឃើញថ្មី តាមរយៈការធ្វើតេស្តរហ័ស (Rapid Test)។

សេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានរដ្ឋបាលខេត្តព្រៃវែង បញ្ជាក់ថា អ្នកដែលទើបរកឃើញថ្មីនេះ មានទាំងពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍៣០កុម្ភៈ និងមកពីរាជធានី-ខេត្តផ្សេង ព្រមទាំងក្រៅប្រទេសផងដែរ។

ជាមួយគ្នានេះ រដ្ឋបាលខេត្តព្រៃវែង អំពាវនាវដល់អ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាក និងធ្វើចត្តាឡីស័ក។

សូមជម្រាបថា គិតត្រឹមថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តព្រៃវែង មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៨៦២នាក់ បានព្យាបាលជាសះស្បើយចំនួន៣៨៣នាក់, កំពុងសម្រាកព្យាបាលចំនួន៤៧១នាក់ និងស្លាប់៨នាក់៕