(កណ្តាល)៖ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល រួមជាមួយលោកប្រធាម អនុប្រធានមន្ទីរ អង្គភាព គណៈអភិបាលស្រុក ប្រធានក្រុមប្រឹក្សាស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បានចុះពិនិត្យដំណើរការ នៃយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋទាំងអស់ នៅក្នុងស្រុកខ្សាច់កណ្តាល និងស្រុកល្វាឯម។

លោក នុត ពុធដារ៉ា បានធ្វើការថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែង យកចិត្តទុកដាក់ក្នុងការបំពេញភារកិច្ចចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ របស់ក្រុមគ្រូពេទ្យ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងយុវជន ស.ស.យ.ក។ លោកអភិបាលរងខេត្ត ក៏បានណែនាំដល់គ្រូពេទ្យ អជ្ញាធរមូលដ្ឋាន កងកម្លាំង យុវជន ចូលរួមជំរុញការងារចាក់វ៉ាក់សាំងអោយបានឆាប់រហ័ស ជូនប្រជាពលរដ្ឋ ដើម្បីបញ្ជៀសការរីករាលដាលនៃ ជម្ងឺកូវីដ១៩ ដោយអនុវត្តតាមវិធាន ការរបស់សម្តេចតេជោ គឺ «៣ការពារ និង៣កុំ» ជាពិសេសការពាក់ម៉ាស់ រក្សាគម្លាតសុវត្ថិភាពអោយបានត្រឹមត្រូវ ក្នុងពេលចាក់វ៉ាក់សាំង និងអនុវត្តវិធានការនានាដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។

យុទ្ធនាការនៃការចាក់វ៉ាក់សាំងកូវីដ-១៩ នេះ បានចាប់ផ្តើមដំណើរការចាក់ជូនប្រជាពលរដ្ឋទូទៅទាំងអស់ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើង ដែលរស់នៅក្នុងមូលដ្ឋានស្រុកទាំង២។ ក្នុងឱកាសនោះ ក៏បានធ្វើពិធីប្រគល់សម្ភារសម្រាប់ គាំទ្រដល់ដំណើរការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនដល់រដ្ឋបាលស្រុកខ្សាច់កណ្តាលផងដែរ៕