(កណ្តាល)៖ លោក នូ សុវណ្ណារ៉ា អភិបាលក្រុងតាខ្មៅ បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកណ្ដាល នារសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ ២០២១នេះថា លោកមិនអនុញ្ញាតឱ្យមានបែត្រី ទូក ឬផ្ទះទូករបស់ជនជាតិវៀតណាម មកស្នាក់អាស្រ័យនៅដែនទឹកក្រុងតាខ្មៅនោះឡើយ ព្រមទាំងព្រមានវិធានការតាមផ្លូវច្បាប់ ទាំងស្នើឱ្យប្រជាពលរដ្ឋចូលរួមផ្ដល់ព័ត៌មានបន្ទាន់ បើសិនឃើញមានករណីនេះកើតឡើងនៅចំណុចណាមួយ។

លោកអភិបាលក្រុងតាខ្មៅ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «បើសិនពួកគេទាំងនោះមានបំណងមកសុំស្នាក់អាស្រ័យ គឺលោកមិនអនុញ្ញាតជាដាច់ខាត ប៉ុន្តែបើសិនជាឆ្លងកាត់ គឺអាចឆ្លងបានហើយទៅឱ្យហួសពីដែនទឹកដីក្រុងតាខ្មៅបាន លោកនឹងចាត់ចែងក្រុមការងារឃ្លាំមើលតាមផ្លូវទឹករួចរាល់ហើយ និងបានបញ្ជាដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់តាមមូលដ្ឋានត្រូវធ្វើកិច្ចការនេះឱ្យបានម៉ត់ចត់បំផុត»

លោកបានបញ្ជាក់ទៀតថា ចំពោះជនជាតិវៀតណាម ដែលកំពុងស្នាក់អាស្រ័យ តាំងពីមុនពេលមានសេចក្ដីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញមក គឺរដ្ឋបាលក្រុងតាខ្មៅ ពុំទាន់មានការសម្រេចចិត្តយ៉ាងណាចំពោះពួកគាត់ឡើយ ពោលគឺអ្នកចាស់បន្តនៅធម្មតា អ្នកថ្មីហាមចូលមកនៅ។

សូមជម្រាបថា រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជារដ្ឋបាលខណ្ឌច្បារអំពៅ កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ កន្លងទៅ ក៏បានចេញប្រកាសព័ត៌មានផងដែរថា កន្លងមកមានជនឆក់ឱកាសមួយចំនួន បានលបលួចធ្វើបែចិញ្ចឹមត្រី ផ្ទះបណ្តែតទូក ផ្ទះតូចៗ និងសំណង់មិនរៀបរយនៅលើផ្ទៃទន្លេ ហើយកន្លែងខ្លះបានប្រែក្លាយជាកន្លែងស្នាក់នៅដោយខុសច្បាប់យ៉ាងអាណាធិបតេយ្យ ដែលបង្កឱ្យបាត់បង់សណ្តាប់ធ្នាប់ ប៉ះពាល់ដល់ផ្លូវនាវាចរ ប៉ះពាល់ដល់ប្រព័ន្ធអេកូឡូហ្ស៉ី មានចរន្តទឹកហូរ គោករាក់ ពិសេសការប្រើប្រាស់ចំណីសម្រាប់ចិញ្ចឹមត្រី និងការបញ្ចេញកាកសំណល់ ការបន្ទោបង់ពាសវាល ពាសកាលក្នុងទន្លេ ធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ជីវៈចម្រុះក្នុងទឹក ខូចគុណភាពទឹក បំពុលបរិស្ថាន និងប៉ះពាល់ដល់សោភ័ណភាព រាជធានីភ្នំពេញ ព្រមទាំងប៉ះពាល់ដល់សុខភាព នៃប្រជាពលរដ្ឋ ដែលបានប្រើប្រាស់ទឹកមិនស្អាតផងដែរ។

ដើម្បីរក្សាបរិស្ថាន ជីវៈចម្រុះ គុណភាពទឹក និងលុបបំបាត់បាតុភាពអសកម្មខាងលើ រដ្ឋបាលរាជធានីភ្នំពេញ តម្រូវឱ្យម្ចាស់បែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ម្ចាស់ផ្ទះតូចៗ និងម្ចាស់សំណង់មិនរៀបរយនៅលើផ្ទៃទន្លេទាំងអស់ ត្រូវរុះរើ ឬចល័តចេញជាបន្ទាន់ ដោយទុករយៈពេល ១សប្ដាហ៍ គិតចាប់ពីកាលបរិច្ឆេទ ចេញសេចក្តីជូនដំណឹងនេះតទៅ។

ផុតរយៈពេលនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងចាត់វិធានការរដ្ឋបាលដោយពុំទទួលខុសត្រូវរាល់ការខូចខាត ឬការបាត់បង់ណាមួយឡើយ ហើយក្នុងករណីរឹងរូសអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញនឹងកសាងសំណុំរឿងបញ្ជូន ទៅតុលាការតាមផ្លូវច្បាប់។

ទន្ទឹមនឹងនេះ រដ្ឋបាលរាជធានីភ្នំពេញ ស្នើឱ្យប្រជាពលរដ្ឋប្តូរទម្លាប់ពីការចិញ្ចឹមត្រីតាមបែរលើផ្ទៃទន្លេ នៅភូមិសាស្ត្ររាជធានីភ្នំពេញ មកចិញ្ចឹមត្រីតាមស្រះវិញ៕