(បន្ទាយមានជ័យ)៖ យ៉ាងហោចណាស់មានពលករចំនួន៤៥នាក់ ក្នុងនោះស្ត្រី ចំនួន២៣នាក់ ត្រូវបានកម្លាំងកងពលតូចថ្មើរជើងលេខ៥១ ឈរជើងនៅត្រង់ចំណុចភូមិសាស្ត្រ ភូមិល្បើកស្វាយ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនបានបន្ទាប់ពីពួកគេបម្រុងលួចឆ្លងដែនខុសច្បាប់ ទៅប្រទេសថៃ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នេះ។

លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ និងដឹកនាំកម្លាំងផ្ទាល់ដោយលោកវរសេនីយ៍ទោ ប៉ែន សុគន្ធ មេបញ្ជាការវរសេនាតូចថ្មើរជើងលេខ៥១៤ បានដឹកនាំកម្លាំងល្បាត២៤ម៉ោងលើ២៤ម៉ោង ដោយប្តូរវេនគ្នា សហការជាមួយកម្លាំងចម្រុះ ដើម្បីទប់ស្កាត់ពលករលួចឆ្លងដែនខុសច្បាប់ និង ការរីករាលដាល នៃជំងឺកូវីដ-១៩ មិនឱ្យចូលទៅក្នុងសហគមន៍។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បានឱ្យដឹងថា ខណៈកងកម្លាំងចម្រុះចុះល្បាតក៏បានជួបពលករ បម្រុងលួចឆ្លងដែនចេញទៅប្រទេសថៃ ត្រូវបានកម្លាំង វរសេនាតូចថ្មើរជើងលេខ៥១៤ កងពលតូចថ្មើរជើងលេខ៥១ ឃាត់ខ្លួនបានតែម្តង។

សូមបញ្ជាក់ថា ក្រោយពីឃាត់ខ្លួនបាន លោកមេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥១៤ ក៏បានណែនាំដល់ប្រជាពលរដ្ឋ កុំបន្តចាញ់បោកមេខ្យល់ ដែលតែងតែបញ្ចុះបញ្ចូល នាំពលករឆ្លងដែនដោយខុសច្បាប់ ដោយមិនគិតពីសុវត្ថិភាព និងខាតបង់ប្រាក់ជាបន្តបន្ទាប់ ជាពិសេសសូមបន្តចូលរួមអនុវត្តវិធានការ «៣កុំ និង៣ការពារ» ឱ្យទាំងអស់គ្នា។

បច្ចុប្បន្នពលករទាំង៤៥នាក់ ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័ក ខេត្តបន្ទាយមានជ័យ និងបន្តស្រាវជ្រាវរកមេខ្យល់ និងអ្នកពាក់ព័ន្ធចាត់វិធានការតាមផ្លូវច្បាប់៕