(ភ្នំពេញ)៖ អង្ករចំនួន៤តោន ត្រូវបានសមាគមអតីតនិស្សិតកម្ពុជាពីរុស្ស៊ី នាំយកមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋ ដែលទទួលរងគ្រោះប៉ះពាល់ធ្ងន់ធ្ងរនៃជំងឺកូវីដ១៩ ខណៈដែលជំងឺនេះបាន និងកំពុងរីករាលដាលក្នុងព្រឹត្តការណ៍សហគមន៍២០កុម្ភៈនៅឡើយ។

ពិធីប្រគល់ និងទទួលនេះ បានធ្វើឡើងនារសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នេះ ក្រោមវត្តមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានថ្លែងថា ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលរាជធានីភ្នំពេញ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សមាគមអតីតនិស្សិត កម្ពុជាពីរុស្ស៊ី ដែលបានឧបត្ថម្ភរអង្ករ ចំនួន៤តោន ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋ ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរពីជំងឺកូវីដ១៩។

លោកបន្តថា តាមរយៈកាយវិការដ៏ល្អប្រពៃប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាលស្របតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងប្រទេស បានទាន់ពេលវេលា។

ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាមួយនេះ ស្តែងឱ្យឃើញអំពីការគិតគូ និងក្តីអាណិតស្រលាញ់ចំពោះជនរួមជាតិ ដោយឈរលើបុព្វហតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នា នៅក្នុងកាលៈទេសៈដែលប្រទេសជាតិ បាននិងកំពុងជួបប្រទះគ្រោះភ័យ នៃការរាតត្បាតពីជំងឺកូវីដ១៩។ សមានចិត្តដ៏ប្រពៃនេះ នឹងត្រូវបានចងចាំទុក ដោយរដ្ឋបាលរាជធានីភ្នំពេញ និងប្រជាជនក្នុងរាជធានីភ្នំពេញ៕