(ព្រះវិហារ)៖ ក្រសួងបរិស្ថាន និងអង្គការជាដៃគូ ព្រមទាំងសហគមន៍តំបន់ការពារធម្មជាតិ បានរួមសហការគ្នាពង្រឹងទៅលើកិច្ចការការពារ និងអភិរក្សធនធានធម្មជាតិ ដោយមិនត្រឹមតែមានទិសដៅការពារធនធានធម្មជាតិព្រៃឈើ និងសត្វព្រៃនោះទេ ប៉ុន្តែក្រសួងបានអភិរក្សមុខរបរប្រជាសហគមន៍ ចូលអភិរក្សប្រពៃណី ទំនៀមទម្លាប់របស់ប្រជាពលរដ្ឋដែលរស់នៅក្នុងសហគមន៍របស់គាត់ផងដែរ។

លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាន នាឱកាសដឹកនាំគណៈប្រតិភូក្រសួងបរិស្ថាន រដ្ឋបាលខេត្តព្រះវិហារ និងក្រុមអ្នកសារព័ត៌មានទស្សនកិច្ចស្វែងយល់នៅតំបន់ដែនជម្រកសត្វព្រៃព្រះរកា ស្ថិតនៅភូមិក្រឡាពាស ឃុំព្រីងធំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃទី៩ ខែមិថុនា បានបញ្ជាក់ថា «បច្ចុប្បន្ននេះក្រសួងបរិស្ថាន អង្គការដៃគូ និងស្ថាប័នពាក់ព័ន្ធមួយចំនួនបានរួមគ្នាក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ក៏ដូចជាចូលរួមបង្កើតមុខរបរជូនប្រជាពលរដ្ឋសហគមន៍ អភិរក្សបេតិកភណ្ឌវប្បធម៌ប្រពៃណីទាំងរូបិយ និងអរូបិយ ឱ្យបានគង់វង្ស និងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការបង្កើតតំបន់ទេសចរណ៍ធម្មជាតិ ដើម្បីបង្កើនសេដ្ឋកិច្ចមូលដ្ឋាន»

លោកបានឱ្យដឹងថា នៅក្នុងតំបន់សហគមន៍ការពារធម្មជាតិ ក្នុងខេត្តព្រះវិហារ មានដល់សហគមន៍ តំបន់ការពារធម្មជាតិចំនួន ៤១សហគមន៍ ហើយក្នុងចំណោមសហគមន៍ទាំងនេះ តែងមានប្រជាពលរដ្ឋប្រកបរបរដងជ័រទឹក។ សម្រាប់មុខរបរដងជ័រទឹកនេះដែរ គឺជាមុខរបរមួយផ្តល់ប្រាក់ចំណូលបន្ថែមដល់ប្រជាពលរដ្ឋក្នុងសហគមន៍ សម្រាប់ផ្គត់ផ្គង់ជីវភាព។

លោករដ្ឋលេខាធិការ បានលើកឡើងដោយបញ្ជាក់ថា «ក្នុងក្របខណ្ឌគោលនយោបាយរបស់ក្រសួងបរិស្ថាន គឺកំពុងតែរៀបចំការកំណត់តំបន់ និងជំរុញលើការបោះបង្គោលកំណត់តំបន់ឱ្យបានច្បាស់លាស់ ដើម្បីធ្វើការបែងចែកតំបន់ការពារធម្មជាតិ»

ដោយឡែកដែនជម្រកសត្វព្រៃព្រះរកា ខេត្តព្រះវិហារនេះដែរ គឺបានផ្ទេរមកការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន នៅឆ្នាំ២០២១៦ ដែលមន្រ្តីឧទ្យានុរក្សបានចាប់ផ្តើមមានវត្តមាននៅទីនេះ ហើយក៏បានខចូលរួមពីសហគមន៍ការពារតំបន់ធម្មជាតិ អង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS) ដែលជាដៃគូ បានធ្វើការរួមគ្នាគឺទី១៖ ដើម្បីពង្រឹងទៅលើការការពារ និងអភិរក្សធនធានធម្មជាតិ និងទី២៖ អភិរក្សនូវមុខរបរប្រជាសហគមន៍ដែលមានជាលក្ខណៈប្រពៃណីដូចជា របរដងជ័រទឹក និងផ្តល់ជម្រើសនិងមុខថ្មី។ ជាទិសដៅក្រសួងមិនត្រឹមតែការពារធនធានធម្មជាតិ ដែលមានព្រៃឈើ សត្វព្រៃទេ តែយើងបានចូលរួម អភិរក្សនូវប្រពៃណី ទំនៀមទម្លាប់ របស់ប្រជាពលរដ្ឋដែលរស់នៅក្នុងសហគមន៍របស់គាត់ផងដែរ។

ដោយឡែកនៅសហគមន៍ផ្សេងៗទៀត ក្រសួងក៏កំពុងស្រង់ស្ថិតិ នៃមុខរបររបស់ប្រជាពលរដ្ឋក្នុងការធ្វើជ័រច្បោះនេះ ដើម្បីកំណត់ទីតាំងឱ្យបានច្បាស់លាស់ ពិសេសដើមជ័រច្បោះនេះស្ថិតនៅក្នុងព្រៃជ្រៅៗ ដែលអាចធ្វើឱ្យគេមានទិន្នន័យច្បាស់លាស់និងសិក្សាតំបន់ទាំងអស់នេះ។ សម្រាប់តំបន់សហគមន៍ ក្រសួងបានប្រគល់តួនាទីដល់សហគមន៍ ដើម្បីចូលរួមការពារថែរក្សា ហើយវាជាផលប្រយោជន៍របស់គាត់។ ពួកគាត់អាចអាស្រ័យផលពីព្រៃសហគមន៍នេះបាន។

ប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍តំបន់ការពារធម្មជាតិព្រៃទ័ព បានចូលរួមជាមួយមន្រ្តីអាជ្ញាធរមូលដ្ឋាន មន្រ្តីឧទ្យានុរក្សក្នុងការពារដើមច្បោះ និងធនធានធម្មជាតិទាំងនេះដើម្បីផលប្រយោជន៍រួមទាំងអស់គ្នា។ ពួកគាត់មិនត្រឹមតែទទួលបានផលពីជ័រច្បោះនេះទេ ប៉ុន្តែពួកគាត់ក៏អាចដកផលប្រយោជន៍ពីអនុផលព្រៃឈើផ្សេងៗទៀតដូចជា៖ បន្លែ បង្កា ផ្លែឈើ និងទឹកឃ្មុំជាដើម។

ក្រៅពីនេះមុខរបរទាំងនេះ ក្រសួងបរិស្ថាន បានសហការជាមួយអង្គកា WCS ដើម្បីបង្កើតមុខរបរថ្មីមួយបន្ថែមទៀត គឺការធ្វើស្រូវត្រយងដែលជាស្រូវមួយអាចលក់ក្នុងតម្លៃខ្ពស់។ ប្រជាពលរដ្ឋអាចបង្កើតមុខរបរធ្វើស្រូវថ្មី ដែលមានតម្លៃខ្ពស់ពីស្រូវពួកគាត់ប្រកបរបរធ្វើស្រែរៀងរាល់ឆ្នាំអស់កាលជាយូរមកហើយនេះ។ ពួកគាត់អាចផ្លាស់ប្តូរមុខរបរថ្មី ដើម្បីផ្តាច់ខ្លួនចេញពីការពឹងផ្អែកទៅលើធនធានធម្មជាតិ ដោយពួកគាត់មិនត្រូវកាប់ព្រៃឈើ បរបាញ់សត្វ ការទន្ទ្រានដីខុសច្បាប់ ហើយមកប្រកបរបរថ្មីដែលជារបរមួយរឹងមាំអាចរកចំណូលចិញ្ចឹមគ្រួសារ។ នេះជាផែនការរបស់ក្រសួងបរិស្ថាន ដើម្បីបង្កើនជីវភាពគ្រួសាររបស់ប្រជាសហគមន៍ ឱ្យកាន់តែធូរធា និងរឹងមាំយូរអង្វែង។

គួរបញ្ជាក់ថាជ័រទឹក ឬក៏ប្រជាជនជនជាតិដើមភាគតិចកួយ ហៅថាជ័រច្បោះនោះ គឺជាមុខរបរទំនៀមទម្លាប់បន្តវេនពីដូនតារបស់ពួកគាត់បានបន្សល់ទុក ឱ្យមកដល់សព្វថ្ងៃនេះ។ ជ័រច្បោះត្រូវបានយកចេញពីដើមឈើមួយចំនួនដូចជាដើមឈើទាល ដើមឈើផ្ចឹក និងឈើត្រាច ជាដើម។

ពាក់ព័ន្ធក្នុងមុខរបរចៀរជ័រច្បោះនេះ លោក នង ដេង ប្រធានសហគមន៍ស្រែទ័ព ស្ថិតនៅក្នុងតំបន់អភិរក្សសត្វព្រៃព្រះរកា ខេត្តព្រះវិហារ បានឱ្យដឹងថាសព្វថ្ងៃ លោកមានដើមច្បោះ ចំនួន ១,០០៨ដើម ហើយក្នុងនេះមួយដើមអាចផ្តល់ជាជ័រ ក្នុងមួយខែ ១,០២៥កាន ហើយអាចលក់បាន ៨ម៉ឺនរៀល។

ប្រធានសហគមន៍រូបនេះ បានឱ្យដឹងបន្ថែមថា នៅតំបន់នេះមានទំហំដីចំនួន ៣,៤៩០ហិកតា ហើយក្នុងចំណោមនេះប្រជាពលរដ្ឋរស់នៅ ៣០០គ្រួសារ បានប្រកបរបរចៀរជ័រច្បោះ នេះជាងពាក់កណ្តាលទៅហើយ។

លោកបានពន្យល់ប្រាប់ថា៖ «ដើមច្បោះមួយដើម គេអាចយកជ័រក្នុងមួយខែ ៣ដង ហើយគេអាចដងគ្រប់ខួបពោល គឺអាចទាញយកជ័រ បានពេញមួយឆ្នាំតែម្តង។ ចំពោះដើមច្បោះមួយដើមក្នុង១ថ្ងៃ អាចផ្តល់ជ័រ២ ទៅ៣លីត្រ និងដើមខ្លះក៏បានតិចជាងនេះ។ ចំពោះដើមច្បោះដែលផ្តល់ជ័របានតិចបំផុត គឺស្ថិតខែ៣ និងខែ៤ ដែលជាខែក្តៅបំផុតនោះជ័រមិនសូវចេញទេ។ បន្ទាប់ពីឈានចូលដល់ខែ ៥ ទៅជ័រច្បោះវា នឹងផ្តល់ជ័រច្រើនដូចធម្មតាវិញ!»

លោកបានប្រាប់ផងថាសព្វថ្ងៃប្រជាជនជនជាតិដើមភាគតិច អាចប្រមូលអនុផលពីជ័រច្បោះម្តងៗបានចាប់ពី៣ ទៅ ៤កាន ដែលក្នុង១កានមានចំណុះ ៣០លីត្រ ឬក៏លើសពីនេះទៅតាមដើមច្បោះ ដែលពួកគាត់មាន។ ដោយពួកគាត់ត្រូវចំណាយពេលប្រហែលជា ២យប់ ៣ថ្ងៃ ក្នុងការចូលព្រៃដើម្បីប្រមូលផល ហើយពួកគាត់អាចលក់ជ័រទឹកទៅឱ្យឈ្នួញកណ្តាល បានមួយកានចាប់ពីតម្លៃ ៧ម៉ឺនរៀល ទៅដល់ ៨ម៉ឺនរៀល ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារដែរ។

គួរបញ្ជាក់ថា ជនជនដើមភាគតិចកួយ បានចែកកេរមរតដើមជ័រច្បោះ ដែលមាននៅក្នុងព្រៃព្រះរកា ឱ្យទៅកូនចៅរបស់ពួកគាត់ ពីមួយជំនាន់ទៅមួយជំនាន់ ដើម្បីប្រកបរបរចិញ្ជឹមជិវិតជាប្រចាំថ្ងៃ។ ចំពោះ វិធីដែលបងប្អូនជនជាតិដើមភាគតិចកួយ ដងជ័រច្បោះ ពីដើមឈើទាល ដើមផ្ចឹក និងដើមឈើត្រាច គឺពួកគាត់ត្រូវចោះដើមឈើយកមុខប្រហែលជា ៦០សង់ទីម៉ែត្រ និងធ្វើការដុតភ្លើងត្រង់កន្លែងចោះនោះ ដើម្បីឱ្យវាចេញជ័របានល្អ និងដងយកជ័រច្បោះដាក់កាន បន្ទាប់មកទៀតពួកគាត់មានធ្វើជាឧបរកណ៍ដាក់បាំងទឹកភ្លៀង កុំឱ្យហូរចន្លោះនាំឱ្យខួចខាតជ័រច្បោះ របស់ពួកគាត់។

អត្ថប្រយោជន៍របស់ជ័រច្បោះ គេអាចយកវាមកលាយជាមួយជ័រចុង ទុកសម្រាប់បិត ឬក៏លាបទូកកុំឱ្យជ្រាបទឹក និងប្រើសម្រាប់ធ្វើគប់ភ្លើង ឬចន្លុះក៏បាន។ ដោយសារតែជ័រច្បោះ មានភាពស្អិតយខ្លាំងអាចធ្វើឱ្យគេលាបនៅលើផ្ទៃខាងក្រៅឥដ្ឋ ដើម្បីបន្សារពីដុំឥដ្ឋទៅដុំឥដ្ឋមួយទៀត ពេលសាងសង់ប្រាសាទផងដែរកាលពីសម័យដើម៕