(ភ្នំពេញ)៖ ផលប៉ះពាល់នៃជំងឺកូវីដ-១៩ បានបណ្តាលឲ្យកុមារមួយចំនួន ក្នុងសហគមន៍ក្រីក្រ រងផលប៉ះពាល់ដល់ការសិក្សា ហេតុនេះការឧបត្ថម្ភជាសម្ភារៈសិក្សា រួមមានសៀវភៅសម្រាប់អាន ដល់កុមារក្នុងសហគមន៍ក្រីក្រ អំឡុងពេលដែលសាលារៀនរបស់ពួកគេត្រូវបានបិទ ដោយសារវិបត្តិកូវីដ-១៩ ជាការឆ្លើយតបដ៏សមស្រប។

ដោយមើលឃើញពីតម្រូវការនេះ លោក ម៉េង ហៀង និងលោកស្រី ថេង ធារី អគ្គនាយក/អគ្គនាយិកា ក្រុមហ៊ុនម៉ូនូមែនប៊ុក (Monument Books Store) បានឧបត្ថម្ភជាសៀវភៅភាសាអង់គ្លេសសម្រាប់កុមារកម្រិតបឋមសិក្សាចំនួន ១៨០០ក្បាល ដែលមានតម្លៃជាទឹកប្រាក់ចំនួន ១០៨០០ដុល្លារអាមេរិក​​ ដល់អង្គការទស្សនៈពិភពលោក។ ការប្រគល់សៀវភៅទាំងជិត ២ពាន់ក្បាលនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ ក្នុងអគារ ម៉ូនូមែនប៊ុក ផ្ទាល់តែម្តង។

ក្នុងឱកាសប្រគល់សៀវភៅ កញ្ញា ម៉េង ម៉ារីលីន កូនស្រីបង្កើតម្ចាស់ ម៉ូនូមែនប៊ុក បានថ្លែងថា ម៉ូនូមែនប៊ុក បានស្វះស្វែង និងទំនាក់ទំនងទៅបណ្តាក្រុមហ៊ុនបោះពុម្ភ ក្រៅប្រទេស ដើម្បីស្នើសុំជំនួយឧបត្ថម្ភមកសិស្សានុសិស្ស នៅតាមទីជនបទ ដែលកំពុងខ្វះខាត។ McGraw-Hill បានគាំទ្រ និងបរិច្ចាគសៀវភៅភាសាអង់គ្លេស សម្រាប់កុមារកម្រិតបឋមសិក្សា ហើយម៉ូនូម៉ែនប៊ុក បានទទួលនិងចាត់ចែងទៅតាមបណ្តាសាលារៀន និងអង្គការជាដៃគូរ ដើម្បីធ្វើយ៉ាងណាឲ្យសៀវភៅទាំងនេះ បានដល់ដៃសិស្សានុសិស្សខ្វះខាតពិតប្រាកដ។

ជាក់ស្តែង កាលពីអំឡុងខែមិនាកន្លងទៅ ក្រុមហ៊ុនបានប្រគល់ជូនទៅសាលារៀននៅស្រុកកោះសូទិន ចំនួនជាង ៣ពាន់ក្បាល ដែលមានតម្លៃជាទឹកប្រាក់ជាង ២០,០០០ដុល្លារអាមេរិក តាមរយៈក្រសួងព័ត៌មាន ហើយនៅថ្ងៃនេះ បានប្រគល់ជិត ២ពាន់ក្បាលទៀត ដែលមានតម្លៃជាទឹកប្រាក់ ១០,៨០០ដុល្លារអាមេរិក តាមរយៈអង្គការទស្សនៈពិភពលោក។ «ម៉ូនូមែនប៊ុក នឹងបន្តចែកចាយចំនួនស្តុក ដែលនៅសល់ជាបន្តបន្ទាប់ទៀតក្នុងពេលឆាប់ៗនេះ»។ នេះបើតាមកញ្ញា ម៉េង ម៉ារីលីន។

មន្ត្រីបច្ចេកទេសជាន់ខ្ពស់ផ្នែកអប់រំ និង អំណាន នៃអង្គការទស្សនៈពិភពលោក ព្រំ រិទ្ធី ជឿជាក់ថាការឧបត្ថម្ភនេះ នឹងជួយបន្ថែមទៀតដល់កុមារដែលខ្វះខាត ឬមិនមានសម្ភារៈគ្រប់គ្រាន់ សម្រាប់ការសិក្សា នៅពេលពួកគេមិនបានបន្តរៀនតាមអនឡាញនៅផ្ទះ។

លោក ព្រំ រិទ្ធី បានថ្លែងថា «ការផ្តល់ជាសម្ភារៈសិក្សា ឬ សៀវភៅរឿងផ្សេងៗ ពិតជាមាន សារៈសំខាន់ណាស់សម្រាប់កុមារក្នុងបានអត្ថប្រយោជន៍ពីការអាន ដើម្បីទទួលបានចំណេះដឹងបន្តទៀត សម្រាប់ពេលខាងមុខដែលសាលានិងបើកឡើងវិញ និងជួយការសិក្សារបស់កុមារនៅផ្ទះ ក៏ជួយកាត់បន្ថយផងដែរនៅភាពតប់ប្រមល់របស់កុមារ»

បើតាមលោក ព្រំ រិទ្ធី សៀវភៅភាសាអង់គ្លេសសម្រាប់កុមារកម្រិតបឋមសិក្សាទាំង ១៨០០ក្បាល ដែលជាការឧបត្ថម្ភរបស់ ម៉ូនូមែនប៊ុក នឹងចែកទៅកុមារប្រមាណ ៥៤០០នាក់ ដែលកំពុងរស់នៅក្នុងសហគមន៍ក្រីក្រចំនូន១០ នៅរាជធានីភ្នំពេញ៕