(ព្រះវិហារ)៖ ក្រោមការតាំងចិត្ត និងគោលនយោបាយការពារធនធានធម្មជាតិ ព្រៃឈើរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលក្នុងនោះមានក្រសួងបរិស្ថាន ជាសេនាធិការ កម្ពុជាបានក្លាយជាប្រទេសឈានមុខមួយក្នុងចំណោមប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ លើកិច្ចការងារលក់ឥណទានកាបូនលើទីផ្សារស្ម័គ្រចិត្ត ខណៈពេលនេះ ក្រសួងបរិស្ថាន និងអង្គការសមាគមន៍អភិរក្សសត្វព្រៃកម្ពុជា (WCS) កំពុងរៀបចំសារពើភណ្ឌព្រៃឈើ សិក្សាលទ្ធភាព ដើម្បីលក់ឥណទានកាបូន នៅភូមិភាគខាងជើងកម្ពុជា ដែលគ្របដណ្តប់ទៅលើតំបន់ការពារធនធានធម្មជាតិមួយចំនួន ក្នុងខេត្តព្រះវិហារ។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា ក្រសួងបរិស្ថាន បានអនុញ្ញាតឱ្យអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS) អនុវត្តនូវគម្រោងរេដបូក (REDD+) នៅតំបន់ការពារធម្មជាតិចំនួន៤ នៅលើដីនៃខេត្តព្រះវិហារ រួមមានដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ដែនជម្រកសត្វព្រៃឆែប ដែនជម្រកសត្វព្រៃព្រះរការនិងតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង។ លោកបានបន្តថា តំបន់ទាំង៤ ដែលត្រូវសិក្សានេះ ត្រូវបានយកគំរូចំនួន ៤៣ទីតាំង ដើម្បីធ្វើការសិក្សាវាយតម្លៃ ដើម្បីឱ្យមន្ត្រីជំនាញផ្សេងទៀតវាយតម្លៃ មុននឹងដាក់លក់នៅលើទីផ្សារអន្តរជាតិ ដែលជាទីផ្សារស្ម័គ្រចិត្ត។

លោកបានបន្ថែមថា ទីផ្សារលក់ឥណទានកាបូននេះ ពិតជាមានសារៈសំខាន់ សម្រាប់ប្រទេសកម្ពុជា ការបោះជំហាននៅក្នុងទីផ្សារឥណទានកាបូន គឺបញ្ជាក់ពីភាពប្រសើរឡើងនៃការការពារធនធានធម្មជាតិរបស់យើង។

អ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងយ៉ាងដូច្នេះថា៖ «នៅក្នុងដំណាក់កាលនៃតំបន់ធម្មជាតិ ចំនួន៤ ដែលយើងធ្វើការងារជាមួយអង្គការ WCS ដែលក្រសួងបរិស្ថាន ប្រគល់តួនាទី និងឱ្យអង្គការ WCS ក្នុងការអនុវត្តគម្រោង និងសម្របសម្រួលលក់ឥណទានកាបូន នៅលើទីផ្សារស្ម័គ្រចិត្តនេះ បានកំពុងតែឈានដល់ដំណាក់កាលធ្វើសារពើភណ្ឌ និងប្រឹក្សាយោបល់ជាមួយសហគមន៍ ពិនិត្យទៅលើការចាប់ផ្តើមក្នុងការធ្វើកំណត់តំបន់ ក្នុងការសិក្សាវាយតម្លៃលើកម្រិត បាយអូម៉ាស់ នៅក្នុងតំបន់ទាំងអស់ហ្នឹង ហើយបន្ទាប់ទៅហ្នឹងមានការជួបជាមួយសហគមន៍ និងការចុះមកវាយតម្លៃពីអ្នកវាយតម្លៃឯករាជ្យ លើស្ថានភាពទាំងអស់ហ្នឹង មុននឹងដាក់លក់ជាសាធារណៈ ហើយព័ត៌មានដែលពាក់ព័ន្ធ នឹងដាក់ជូនសាធារណៈ ដើម្បីឱ្យសាធារណជនបានដឹង»

លោក កែន សេរីរដ្ឋា នាយកកម្មវិធីរបស់អង្គការសមាគមន៍អភិរក្សសត្វព្រៃកម្ពុជា (Wildlife Conservation Society - WCS) បានឱ្យដឹងថា គម្រោងរេដបូក ដែល WCS រៀបចំនៅភូមិភាគខាងជើង គ្របដណ្តប់ទៅលើតំបន់ការពារធនធានធម្មជាតិមួយចំនួន ដែលចាប់ផ្តើមពីតំបន់ការពារសត្វព្រៃឆែប ដែនជម្រកសត្វព្រៃព្រះរកា ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ក្នុងភូមិសាស្ត្រខេត្តព្រះវិហារនេះ គឺជាជំហានបឋម ដើម្បីឱ្យអាចឈានទៅពង្រីកការគ្របដណ្តប់វិសាលភាព នៃផ្ទៃដីគម្រោងរេដបូក សម្រាប់ភូមិសាស្ត្រខេត្តព្រះវិហារទាំងមូល»។

លោក កែន សេរីរដ្ឋា បានបន្តថា សម្រាប់គម្រោងរេដបូកនេះ គឺទទួលបានការគាំទ្រផ្នែកគោលនយោបាយពីរាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងបរិស្ថាន ជាសេនាធិការបច្ចេកទេស ដោយបានផ្តល់នូវកិច្ចគាំទ្រទៅទិដ្ឋភាពផ្លូវច្បាប់ និងបច្ចេកទេសសម្រាប់ធ្វើលើកិច្ចការងារនេះ។ បន្ថែមនេះ WCS បានទទួលជំនួយពីគម្រោង USAID តាមរយៈគម្រោងព្រៃឡង់បៃតង សម្រាប់ជួយឧបត្ថម្ភប្រើប្រាស់នូវថវិកា ក្នុងការដំណើរការទូទៅនេះជាដើម។

លោកបានបន្តថា សម្រាប់កិច្ចការរៀបចំកម្រោងលក់ឥណទានកាបូននេះ គឺអង្គការរបស់លោកបានរៀបចំដកស្រង់នូវបទពិសោធន៍មួយចំនួនដែលអង្គការបាននិងកំពុងតែអនុវត្តបានដោយជោគជ័យ ចំពោះការងាររៀបចំគម្រោងរេដបូកនេះ នៅភាគខាងកើតប្រទេសកម្ពុជា គឺក្នុងដែនជម្រកសត្វព្រៃកែវសីមា ដូច្នេះសម្រាប់បទពិសោធន៍ដែលយើងទទួលបានជោគជ័យនៅដែនជម្រកសត្វព្រៃកែវសីមា ដែលមានរយៈពេល១ឆ្នាំកន្លងមកនេះ នឹងត្រូវយកមកអនុវត្តគម្រោងនេះ នៅក្នុងដែនជម្រកសត្វព្រៃក្នុងខេត្តព្រះវិហារ។

លោកបានបន្ថែមថា ការលក់ឥណទានកាបូនលើទីផ្សារស្ម័គ្រចិត្តកម្ពុជា ដែលទទួលបានជោគជ័យកន្លងមក និងជាមោទនភាពមួយរបស់កម្ពុជា ដែលយើងបានចូលរួមជាពិសេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ គឺកម្ពុជា ជាប្រទេសមួយដែលបានឈានមុនគេក្នុងការលក់ឥណទានកាបូន។

លោកបានគូសបញ្ជាក់ថា នេះជាមោទភាពមួយដែលកម្ពុជា ពីមុនត្រូវរងការរិះគន់ ពីសំណាក់មហាជនមួយចំនួនថា កម្ពុជា ជាតំបន់មួយដែលបាត់បង់ព្រៃឈើ តាមការកាប់បំផ្លាញព្រៃឈើ។ល។ ដូច្នេះ តាមរយៈការតាំងនេះរបស់កម្ពុជាលើកិច្ចការពារព្រៃឈើ និងធនធានធម្មជាតិ តាមរយៈការលក់ឥណទានកាបូនលើទីផ្សារស្ម័គ្រចិត្តនេះ គឺស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងកិច្ចការការពារព្រៃឈើរបស់ខ្លួន។
តំបន់ការពារធម្មជាតិចំនួន៤ នៅលើដីខេត្តព្រះវិហារ រួមមានដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ដែនជម្រកសត្វព្រៃឆែប ដែនជម្រកសត្វព្រៃព្រះរការ និងតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង មានផ្ទៃដីសរុប ចំនួន ៥៤៦,១២៩,៤១ហិកតា។ តំបន់ការពារធម្មជាតិទាំង៤ គាំទ្រដល់ការរស់នៅរបស់ប្រជាពលរដ្ឋមូលដ្ឋានជិត ១០,០០០គ្រួសារ និងមានសត្វព្រៃ រងការគំរាមកំហែងជាសកលជាង ៣០ប្រភេទ ដូចជាដំរីអាស៊ី និងសត្វស្លាបជិតផុតពូជបំផុត៥ប្រភេទមាន៖ ត្មាតផេះ ត្មាតត្នោត ត្មាតភ្លើង ត្រយងយក្ស និងត្រយងចង្កំ-កស ជាដើម។

ជាមួយគ្នានេះដែរ លោកបានបន្តថា ចាប់តាំងពីឆ្នាំ២០១៦ មកដល់បច្ចុប្បន្ន កម្ពុជាបានទទួលថវិកាចំនួន ១១,៦លានដុល្លារ ពីការលក់ឥណទានកាបូនឱ្យទៅក្រុមហ៊ុនអន្តរជាតិធំៗមានដូចជា៖ Disney Kering Intuit និង Shall និងក្រុមហ៊ុន Gucci។ កម្ពុជាកំពុងតែធ្វើការសិក្សា និងអនុវត្តគម្រោងឥណទានកាបូន សាកល្បងនៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង បន្ថែមទៀតជាមួយក្រុមហ៊ុនជប៉ុន «Mitsui»។

មកទល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានបង្កើនផ្ទៃដីតំបន់ការពារធម្មជាតិ រហូតដល់ប្រមាណ ៤១ភាគរយ នៃផ្ទៃដីប្រទេសកម្ពុជា គឺស្មើនឹងប្រមាណ ៧.៣លានហិកតា ដែលក្នុងនោះមានឧទ្យានជាតិ ដែនជម្រកសត្វព្រៃ តំបន់ប្រើប្រាស់ច្រើនយ៉ាង តំបន់រ៉ាមសារ តំបន់ការពារបេតិកភណ្ឌធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះសរុបចំនួន ៦៩ កន្លែង និងមានមន្ត្រីឧទ្យានុរក្សចំនួន ១២៦០នាក់ ដោយសហការជាមួយសហគមន៍តំបន់ការពារធម្មជាតិ និងអង្គការដៃគូនានា បាននិងកំពុងឈរជើងការពារ។

សូមបញ្ជាក់ថា ក្រសួងបរិស្ថាន បានសហការជាមួយអង្គការ WCS បានរៀបចំដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មានទៅទស្សនា និងស្វែងយល់ពីការគ្រប់គ្រង និងអភិរក្សតំបន់ការពារធម្មជាតិ និងជីវៈចម្រុះ និងការអភិវឌ្ឍសហគមន៍មូលដ្ឋាន ព្រមទាំងជីវភាពរបស់ពលរដ្ឋនៅក្នុងសហគមន៍តំបន់ការពារធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ រយៈពេល២ ថ្ងៃគឺថ្ងៃទី៩ និងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១។ ដំណើរទស្សនកិច្ចនេះ រៀបចំឡើងក្នុងបំណងផ្សព្វផ្សាយពីធនធានធម្មជាតិ ជីវៈចម្រុះ និងសត្វព្រៃនៅកម្ពុជា រួមទាំងកិច្ចការថែរក្សា អភិរក្សធនធានធម្មជាតិនៅកម្ពុជា របស់ក្រសួងបរិស្ថាន និងអង្គការដៃគូ៕