(ភ្នំពេញ)៖ លោកបណ្ឌិត ញឹម ខេមរា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នេះ បានដឹកនាំកិច្ចប្រជុំស្តីពី «ការអនុវត្តយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ច ឆ្នាំ២០២១-២០២៣» តាមប្រព័ន្ធវីដេអូ។ កិច្ចប្រជុំនេះមានការចូលរួមពីស្ថានតំណាងកម្ពុជានៅបរទេសទាំងអស់ សភាពាណិជ្ជកម្មកម្ពុជា និងវិស័យឯកជនផងដែរ។

កិច្ចប្រជុំនៅថ្ងៃនេះ គឺជាកិច្ចប្រជុំលើកទី២ ដែលកិច្ចប្រជុំលើកទី១ បានប្រព្រឹត្តទៅនៅថ្ងៃទី០៩ ខែមិថុនា ឆ្នំា២០២១ និងបានអញ្ជើញបើកដោយ លោក អ៊ុច បូររិទ្ធ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងការបរទេស។ កិច្ចប្រជុំនេះមានគោលបំណងសំខាន់ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងរដ្ឋ និងវិស័យឯកជន ជាពិសេស ដើម្បីជំរុញទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធរវាងស្ថានតំណាងកម្ពុជានៅបរទេស និងវិស័យឯកជននៅកម្ពុជា សំដៅជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។

«យុទ្ធសាស្រ្តការទូតសេដ្ឋកិច្ចឆ្នាំ២០២១-២០២៣» (Economic Diplomacy Strategy 2021-2023) ត្រូវបានដាក់ឱ្យអនុវត្តជាផ្លូវការក្រោមអធិបតីភាពរបស់ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ សំដៅរួមចំណែកឱ្យសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ តាមរយៈការជំរុញពាណិជ្ជកម្មអន្តរជាតិ ការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស ការលើកកម្ពស់វិស័យ ទេសចរណ៍ និងការជំរុញការផ្លាស់ប្តូរវប្បធម៌ និងកីឡា។

ថ្លែងក្នុងពិធីបើកកិច្ចប្រជុំលើកទី២នេះ លោកបណ្ឌិត ញឹម ខេមរា បានគូសបញ្ជាក់អំពីតួនាទីដ៏សំខាន់របស់វិស័យឯកជន ដែលមិនអាចកាត់ផ្តាច់បាន នៅក្នុងការអនុវត្តការងារការទូតសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព។ លោកក៏បានសង្កត់ធ្ងន់អំពីតួនាទីរបស់ក្រសួងការបរទេស ក្នុងការសម្របសម្រួលការងារការទូតសេដ្ឋកិច្ច ជាមួយក្រសួង-ស្ថាប័នជាតិ និងវិស័យឯកជន ក្នុងន័យធ្វើឱ្យគ្រប់តួអង្គកាន់តែយល់ពីគ្នា និងសហការគ្នាកាន់តែជិតស្និទ្ធ និងមានប្រសិទ្ធភាព។

បន្ថែមលើនេះ នៅក្នុងបទបង្ហាញអំពីការងារការទូតសេដ្ឋកិច្ច លោក ប្រាក់ ដាវីដ អនុរដ្ឋលេខាធិការក្រសួងការបរទេស ក៏បានគូសបញ្ជាក់បន្ថែមថា សេដ្ឋកិច្ចកម្ពុជាគឺជាសេដ្ឋកិច្ចបើកចំហ ប៉ុន្តែវិបត្តិជំងឺកូវីដ-១៩ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ពិភពលោក និងទេសចរណ៍អន្តរជាតិ ដែលបណ្តាលឱ្យសេដ្ឋកិច្ចកម្ពុជា មានកំណើនអវិជ្ជមាននៅក្នុងឆ្នាំ២០២០។ ដើម្បីបន្តកំណើនសេដ្ឋកិច្ច កម្ពុជាចាំបាច់ត្រូវបន្តធ្វើសមាហរណកម្មសេដ្ឋកិច្ចរបស់ខ្លួន ទៅក្នុងសេដ្ឋកិច្ចតំបន់ និងពិភពលោក តាមរយៈឧបករណ៍ដ៏មុតស្រួចរបស់ខ្លួន គឺយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ច។

នៅចុងបញ្ចប់នៃកិច្ចប្រជុំ អង្គប្រជុំបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមរបស់ក្រសួងការបរទេស ក្នុងការសម្របសម្រួលឱ្យមានកិច្ចប្រជុំនៅក្នុងព្រឹកនេះ។ អង្គប្រជុំបានឯកភាពគ្នាថា ការងារការទូតសេដ្ឋកិច្ច គឺជាការងាររួម ដែលគ្រប់ក្រសួង-ស្ថាប័នជាតិ និងវិស័យឯកជនត្រូវធ្វើការរួមគ្នា ហើយអង្គប្រជុំក៏បានឯកភាពក្នុងការចាត់ឱ្យមានតំណាង ១រូប មកពីគ្រប់ក្រសួង-ស្ថាប័នជាតិ និងវិស័យឯកជន ដើម្បីអាចចែករំលែកព័ត៌មានគ្នាទាន់ពេលវេលា និងមានប្រសិទ្ធភាព។

គួរកត់សម្គាល់ថា ការងារការទូតសេដ្ឋកិច្ច គឺជាអាទិភាពមួយក្នុងចំណោមអាទិភាពទាំង៥ នៃបន្ទាត់នយោបាយការបរទេសកម្ពុជា ដែលត្រូវបានដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា រួមមាន៖

១៖ ការពារឯករាជ្យ អធិបតេយ្យភាពជាតិ បូរណភាពទឹកដី អព្យាក្រឹត្យភាព រក្សាការពារឱ្យបានគត់មុតនូវសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់ និងឯកភាពសង្គម
២៖ បង្កើនមិត្តខាងក្រៅ ដោយឈរលើស្មារតីឯករាជ្យជាតិ
៣៖ ការងារការទូតសេដ្ឋកិច្ច
៤៖ បន្តគាំទ្រ និងពង្រឹងពហុភាគីនិយម
៥៖ លើកកម្ពស់គុណភាព ប្រសិទ្ធភាពការងារ និងការអភិវឌ្ឍសមត្ថភាពមន្រ្តីការទូតកម្ពុជា៕