(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប នាថ្ងៃទី១០ ខែមិថុនា បានបន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៤៥នាក់បន្ថែមទៀត ខណៈអ្នកជំងឺ ៣នាក់ បានជាសះស្បើយ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្ត ដែលបណ្ដាញសារព័ត៌មាន Fresh News ទទួលបាន បានគូសបញ្ជាក់ថា ករណីទី១ ដល់ទី៣០ គឺជាករណីឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍ នៅក្នុងស្រុកសូទ្រនិគម និងស្រុកជីក្រែង ដែលមានប្រភពចេញមកពីភោជនីយដ្ឋានពិភពធម្មជាតិ។

ចំពោះករណីទី៣១ ដល់ទី៤០ គឺជាករណីពុំទាន់អាចសន្និដ្ឋានពីប្រភពចម្លងច្បាស់លាស់នៅឡើយ។ ដោយឡែក ករណីទី៤១ ដល់ទី៤៥ គឺជាប្រជាពលរដ្ឋដែលត្រឡប់មកពីប្រទេសថៃ មកដល់ខេត្តសៀមរាប ហើយជាករណីសង្ស័យ ត្រូវបានក្រុមគ្រូពេទ្យដាក់ឱ្យធ្វើចត្តាឡីស័កនៅវិទ្យាល័យសម្ដេចឪ។

នៅថ្ងៃដដែលនោះដែរ មានអ្នកជំងឺ ៣នាក់ បានព្យាបាលជាសះស្បើយ។ ក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្ត ត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ។

គិតត្រឹមថ្ងៃទី១០ ខែមិថុនា ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៣៤៤នាក់។ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ១០៦នាក់ ស្លាប់៣នាក់ និង២៣៥នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប៕