(ស្វាយរៀង)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន គណៈកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង បាននាំយកថវិកា២ម៉ឺនដុល្លារ និងអង្ករចំនួន៦តោន និង១២៥គីឡូក្រាម ពីសប្បុរសជនដើម្បីប្រគល់ជូនដល់ សាខាកាកបាទ ក្រហមកម្ពុជា ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១នេះ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្ត។

ក្នុងពិធីប្រគល់នេះ លោកស្រី ម៉ែន សំអន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសប្បុរសជនទាំងក្នុង និងក្រៅខេត្ត ដែលបានចូលរួមជាថវិកា និងសម្ភារដល់សាខាកាកបាទក្រហមកម្ពុជាខេត្ត នាថ្ងៃនេះប្រកបដោយ ទឹកចិត្តមនុស្សធម៌។ សាខានឹងបន្តយកចិត្តទុកដាក់ប្រើប្រាស់អំណោយដ៏សប្បុរសនេះ ដើម្បីបម្រើសកម្មភាពមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋ ដែលជួបការលំបាកដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ ឱ្យបានទាន់ពេលវេលា។

លោកស្រីបានបន្តថា ទោះបីឆ្នាំនេះ សាខាមិនបានរៀបចំពិធីដើម្បីអបអរខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហមអឌ្ឍចន្ទក្រហម ដូចធ្លាប់បានធ្វើជារៀងរាល់ឆ្នាំក្តី សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង នៅតែបន្តកៀងគរ មូលនិធិ និងស្វាគមន៍ចំពោះការចូលរួមវិភាគទានថវិកា សម្ភារៈ ពីសំណាក់លោកឧកញ៉ា លោក លោកស្រី ជាសប្បុរសជន នៅរាជធានីភ្នំពេញ តាមរយៈលោកស្រីផ្ទាល់ ព្រមទាំងលោកស្រី ដួង វណ្ណា ក្នុងនាមប្រធានកិត្តិយសសាខា និងលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្នាក់នាំខេត្តលោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា។

ការចូលរួមឧបត្ថម្ភគាំទ្រថវិកា និងសម្ភារៈ ដល់សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង កន្លងមកក៏ដូចជាពេលនេះពិតជាមានសារៈសំខាន់ ដើម្បីឆ្លើយតបសេចក្តីត្រូវការចំពោះជនរងគ្រោះ និងងាយរងគ្រោះមហន្តរាយនៅក្នុងខេត្តបានទាន់ពេលវេលាផងដែរ។

សូមបញ្ជាក់ថា អំណោយក្នុងថ្ងៃនេះ រួមមានរបស់នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងខេមរភូមិន្ទ និងជាមេបញ្ជាការដ្ឋានអង្គរក្ស ជូនលោកស្រីកិត្តិសង្គហបណ្ឌិត តាមរយៈលោកឧកញ៉ា លី យ៉ូគៀត រួមមាន៖ អង្ករ៦,១២៥គីឡូក្រាម និងថវិការបស់សប្បុរសជនចំនួន ២០,០០០ដុល្លារ ប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ក្នុងឱកាសអបអរខួបទី១៥៨ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២១ ក្រោមប្រធានបទ «ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ១៩ និងកសាងភាពធន់របស់សង្គមជាតិ» ដែលទទួលដោយលោកលោក ដួង វណ្ណា ប្រធានកិត្តិយស សាខា និងលោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា៕