(ភ្នំពេញ)៖ ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ជិត៥០០គ្រួសារ រស់នៅតាមបន្ទាប់ជួល ក្នុងសង្កាត់ទន្លេបាសាក់ បានទទួលអំណោយដ៏ថ្លៃថ្លារបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈអភិបាលរាជធានីភ្នំពេញ។

ពិធីប្រគល់អំណោយនេះដឹកនាំដោយលោក ថេង សុថុល អភិបាលខណ្ឌ និងលោក ខាត់ ណារិទ្ឋ ចៅសង្កាត់ទន្លេបាសាក់ រួមជាមួយអភិបាលរងខណ្ឌ, លោកនាយករដ្ឋបាលខណ្ឌ, លោកប្រធាន ការិយាល័យចំណុះរដ្ឋបាលខណ្ឌ, និងរដ្ឋបាលសង្កាត់ទន្លេបាសាក់ នៅថ្ងៃសៅរ៍ ទី១៥ ខែឧសភា ឆ្នាំ២០២១នេះ។

ក្នុងឱកាសនេះដែរ លោក ថេង សុថុល ក៏បាននាំមកនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានសាខាកាកបាទក្រហមរាជធានី ជូនចំពោះប្រជាពលរដ្ឋ ដែលសម្ដេចតែងបានគិតគូរខ្ពស់ចំពោះបងប្អូន ដោយបានចាត់ឱ្យមន្ត្រីក្នុងមូលដ្ឋាន ចុះសួរសុខទុក្ខ និងនាំយកអំណោយមកចែកជូនបងប្អូននាពេលនេះ ដែលជាសក្ខីភាពមួយបញ្ជាក់ឱ្យឃើញបេះដូង សប្បុរសធម៌ និងសេចក្តីស្រឡាញ់ ចេះចែករំលែក ជួយសង្គ្រោះ ដោយមិនប្រកាន់ពណ៌សប្បុរ ឬសាសនា និងនិន្នាការនយោបាយណាមួយឡើយ ពោលគឺធ្វើឡើងដោយទឹកចិត្តអាណិតស្រាឡាញ់ និងស្របតាមពាក្យថា ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជាជានិច្ច។

លោកអភិបាលខណ្ឌក៏បានបង្ហាញពីការយកចិត្តទុកដាក់ពីសំណាក់លោកអភិបាលរាជធានីភ្នំពេញ ដល់បងប្អូនកំពុងធ្វើចត្តាឡីស័ក ដែលជាអ្នករងផលប៉ះពាល់នៃព្រឹត្តិការណ៍ «សហគមន៍ ២០ កុម្ភៈ» និងសូមឱ្យបងប្អូនរក្សាអនាម័យ ខ្លួនប្រាណពាក់ម៉ាស ឱ្យបានត្រឹមត្រូវលាងសំអាតដៃឱ្យបានញឹកញាប់រក្សាគំលាត ឱ្យបានឆ្ងាយពីគ្នា មុនប្រើប្រាសរបស់អ្វីមួយ ត្រូវតែលាងសំអាត ឱ្យបានស្អាតល្អ បាញ់អាល់កុល និងត្រូវទៅទទួលការចាក់វ៉ាក់សាំង ឱ្យបានទាន់ពេលវេលាងដែរ។

លោក ថេង សុថុល បានលើកឡើងថា សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តល់អំណោយជាគ្រឿងឧបភោគ បរិភោគដល់ប្រជាពលរដ្ឋស្មើៗគ្នា ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ ដាច់ពោះស្លាប់ដោយការខ្វះខាតស្បៀងឡើយ។

ជាមួយគ្នានេះលោកអភិបាលខណ្ឌ ក៏បានផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋ ឱ្យចូលរួមអនុវត្តន៍ តាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសសង្កត់ធ្ងន់លើខ្លឹមសារ «៣ការពារ ៣កុំ» ដើម្បីទាំងអស់គ្នា ជៀសផុតពីជំងឺកាចសាហាវកូវីដ-១៩។

ដោយសង្កេតឃើញថា ពេលនេះជារដូវក្ដៅផងនោះ លោក ថេង សុថុល ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ មេត្តាប្រុងប្រយ័ត្ន ចំពោះគ្រោះអគ្គិភ័យ ដែលអាចកើតឡើងបណ្ដាលមកពីភ្លើងចង្ក្រាន ធូប ទៀន ជាពិសេសបញ្ហាអគ្គីសនី ដោយធ្វើយ៉ាងណាពិនិត្យឱ្យបានម៉ត់ចត់កុំមានការធ្វែសប្រហេសឱ្យសោះ។

សូមបញ្ជាក់ថា អំណោយដែលចែកជូននៅពេលនេះ ក្នុង១គ្រួសារទទួលបាន៖ អង្ករ ១បាវ ទម្ងន់ ២៥គីឡូក្រាម, មី ០១កេស, ត្រីខ ០១យួរ អំបិល ១គីឡូ និងទឹកស៊ីអ៊ីវ ឬទឹកត្រី ០១យួរ។

ដោយឡែកនៅថ្ងៃដដែលនេះ លោក ថេង សុថុល រួមជាមួយរដ្ឋបាលសង្កាត់ទន្លេបាសាក់ ក៏បាននាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់ជូនប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ ដើម្បីសម្រាប់ប្រើប្រាស់តាមការចាំបាច់ ក្នុងពេលបំពេញភារកិច្ចផ្សព្វផ្សាយ ទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ ក្នុងមូលដ្ឋាន ដែលអំណោយនេះរួមមាន៖ អង្ករ ១២បាវ, មី ១២កេស, ត្រីខ ១២យួរ, ទឹកស៊ីអ៊ីវ ១២យួរ, ទឹកត្រី ១២យួរ, ម៉ាស ១០០០សន្លឹក និងអាល់កុល ០១កាន៕