(ភ្នំពេញ)៖ «ប្រទេសមួយមានការរីកចម្រើន ទៅបានលុះត្រាតែប្រជាជនគ្រប់រូបមានគ្រួសារល្អ មានសុភមង្គល មានជីវភាពរស់នៅសមរម្យ ដោយសមាជិកគ្រួសារម្នាក់ៗ មានចំណេះដឹងខ្ពង់ខ្ពស់ សីលធម៌ សុជីវធម៌ និងសេចក្តីថ្លៃថ្នូរនៅក្នុងគ្រួសារ សហគមន៍ និងសង្គមជាតិ»។ នេះជាការបញ្ជាក់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងសារលិខិតអបអរសាទរ ខួបលើកទី២៦ ទិវាអន្តរជាតិគ្រួសារ ១៥ ឧសភា។

សារលិខិតដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១នេះ បានឲ្យដឹងថា ទិវាអន្តរជាតិគ្រួសារ ១៥ ឧសភា ឆ្នាំនេះ ធ្វើឡើងក្រោមប្រធានបទ «កម្លាំងសេវាសង្គមមានតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់តួនាទីគ្រួសារ»

តាមរយៈសារលិខិតដដែល សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវការកោតសរសើរ និងគោរពដឹងគុណជាទីបំផុតចំពោះក្រុមគ្រួសារទាំងឡាយ ជាពិសេសគឺលោកឪពុក និងអ្នកម្តាយទាំងឡាយ ដែលតែងតែពលិកម្ម និងលះបង់គ្រប់បែបយ៉ាងក្នុងការចិញ្ចឹមបីបាច់ថែរក្សាកូនចៅ ឱ្យក្លាយជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អសម្រាប់គ្រួសារ សហគមន៍ និងសង្គមជាតិ ព្រមទាំងការចូលរួម ចំណែកយ៉ាងសកម្មក្នុងការបន្តថែរក្សា និងលើកស្ទួយមរតកវប្បធម៌ សាសនា ប្រពៃណី ទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ប្រជាជាតិយើង ដោយប្រកាន់ខ្ជាប់នូវសីលធម៌ សុជីវធម៌ ការយោគយល់ ការអធ្យាស្រ័យ, ការសណ្តោសប្រណី និងការគោរពច្បាប់ ដើម្បីរក្សាឱ្យបាននូវភាពសុខដុមរមនា សាមគ្គីភាព និងសេចក្តីថ្លៃថ្នូរក្នុងសង្គមជាតិ ស័ក្តិសមជាឧត្តមប្រទេសមួយដែលមានវប្បធម៌ អរិយធម៌ដ៏ល្អផូរផង់ និងសម្បូរបែបនៅលើសកលលោកតាំងពីបុរាណកាលរហូតមកដល់បច្ចុប្បន្ន។

ក្នុងស្មារតីដ៏ប្រពៃនេះ សម្តេចតេជោសង្ឃឹមយ៉ាងមុតមាំថា គ្រួសារទាំងអស់នឹងបន្តអនុវត្តនូវប្រពៃណីដ៏ល្អផូរផង់នេះ ដើម្បីបន្តរួមចំណែកថែរក្សា និងកសាងសមិទ្ធផលនានាបន្ថែមទៀតសម្រាប់ឧត្តមប្រយោជន៍ជាតិ សាសនាព្រះមហាក្សត្រ និងបន្តលើកកម្ពស់មនសិការទទួលខុសត្រូវ ក្នុងការកសាងសង្គមជាតិ ឆ្ពោះទៅរកសង្គមមួយប្រកបដោយសុខសន្តិភាព ស្ថិរភាព កិត្យានុភាព វឌ្ឍនភាព ភាពរុងរឿង និងសុខដុមនីយកម្ម។ ជាពិសេស នៅក្នុងដំណាក់កាលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ គ្រួសារបានដើរតួនាទីស្នូលយ៉ាងសំខាន់ ក្នុងការអប់រំកូនចៅក្នុងការរស់នៅតាមបែបគន្លងថ្មី ការបង្ការទប់ស្កាត់ការរីករាលដាល តាមរយៈការអនុវត្តវិធាននានារបស់សុខាភិបាល ការទប់ស្កាត់សកម្មភាពជាហានិភ័យផ្សេងៗទៀត ដែលអាចកើតមានជាយថា ហេតុក្នុងដំណាក់កាលកូវីដ-១៩ ដូចជាការបៀតបៀន ឬរំលោភបំពានផ្លូវភេទ អំពើហិង្សាក្នុងគ្រួសារ ការសេពគ្រឿងស្រវឹង ការប្រើប្រាស់គ្រឿងញៀន ការរងគ្រោះថ្នាក់ដោយលង់ទឹក គ្រោះថ្នាក់ផ្សេងៗ។ល។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា «នៅក្នុងពិភពលោកក៏ដូចជានៅក្នុងប្រទេសកម្ពុជាយើងផងដែរ គ្រួសារគឺជាផ្នែកមួយដ៏សំខាន់សម្រាប់ មនុស្សគ្រប់រូប ព្រោះមនុស្សគ្រប់គ្នារស់នៅលូតលាស់អភិវឌ្ឍ នៅក្នុងគ្រួសារដោយមានលោកឪពុក អ្នកម្តាយគឺជាអ្នកអប់រំ និងជាគ្រូបង្រៀនដំបូងរបស់កុមារ ដូច្នេះតួនាទីរបស់ពួកគេ ក្នុងការបង្កើតបុគ្គលិកលក្ខណៈរបស់មនុស្ស ដែលកំពុងលូតលាស់គឺធំធេងណាស់»

បើតាមប្រសាសន៍សម្តេចតេជោ, ព្រមជាមួយគ្នានេះផងដែរគ្រួសារមួយ គឺជាសមូហភាពមួយដែលសមាជិកត្រូវបានផ្សារភ្ជាប់គ្នាដោយការទទួលខុសត្រូវជាក់លាក់ ក្នុងនាមជាសមាជិកនៃសហគមន៍គ្រួសារកុមារ ក៏ចូលក្នុងប្រព័ន្ធនៃទំនាក់ទំនងដែលមានស្រាប់តាមរយៈការដែលគាត់បានយល់ ពីបទដ្ឋាននៃឥរិយាបទសង្គម។ មិនថាបទពិសោធដំបូងនៃការប្រាស្រ័យទាក់ទងរបស់កុមារជាមួយមនុស្សពេញវ័យ នៅក្នុងប្រព័ន្ធទំនាក់ទំនងរវាងមនុស្សពេញវ័យ និងកុមារ គឺមានភាពវិជ្ជមានអាស្រ័យ
លើទស្សនៈសុខុមនៃការអប់រំដំបូងរបស់ពួកគេនៅក្នុងគ្រួសារ៕