(ភ្នំពេញ)៖ បណ្តាញព័ត៌មាន Fresh News ដែលបានចាប់បដិសន្ធិឡើងនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៤នោះ មកដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១នេះ មានអាយុកាលគម្រប់ ៧ឆ្នាំហើយ ជាមួយដំណើរជម្នះឧបសគ្គ ការខិតខំ និងការតស៊ូយ៉ាងស្វិតស្វាញ ដើម្បីដណ្តើមបានកន្លែងឈរជើងលើសមរភូមិសតិអារម្មណ៍ ដែលមានការទទួលស្គាល់ គាំទ្រ និងទុកចិត្តពីមិត្តអ្នកអាន។

Fresh News បានចាប់ផ្តើមដំណើរការជាផ្លូវការជាមួយបច្ចេកវិទ្យាថ្មីសន្លាងដំបូងគេនៅកម្ពុជា ក្នុងការផ្តល់ព័ត៌មានតាមបែបបច្ចេកវិទ្យាទំនើប គឺការបាញ់បញ្ជូនព័ត៌មាន ទៅដល់ដៃរបស់អ្នកអាន ដែលមានសហស្ថាបនិកវ័យក្មេងជាកូនខ្មែរពីររូប គឺលោក លឹម ជាវុត្ថា និងលោក គឹម ម៉េង។ រយៈពេល៧ឆ្នាំមកនេះ Fresh News បានវិវឌ្ឍន៍ខ្លួនដោយបានបង្កើតចេញសមិទ្ធផលជាច្រើន ក្នុងការផ្តល់ព័ត៌មានកាន់តែសម្បូរបែបជូនប្រជាពលរដ្ឋទូទៅទាំងនៅក្នុង និងក្រៅប្រទេស

ឆ្នាំ២០២០ និង២០២១ គឺជាឆ្នាំមួយដ៏លំបាកសម្រាប់អាជីវកម្មគ្រប់ប្រភេទទាំងនៅកម្ពុជា និងលើពិភពលោក ព្រោះតែវិបត្តិនៃជំងឺកូវីដ១៩ ដែលកំពុងរាតត្បាត នៅលើពិភពលោក។ បើទោះរងការបោកបក់នៃវិបត្តិនេះយ៉ាងណាក្តី តែនៅឆ្នាំ២០២០កន្លងទៅ Fresh News នៅតែអាចបន្តឈរជើងយ៉ាងរឹងមាំ ក្នុងការផ្តល់ព័ត៌មានលឿនរហ័ស និងសម្បូរបែបគ្រប់រស់ជាតិជូនមិត្តអ្នកអាន ជាមួយសហការីរបស់ខ្លួនប្រមាណជា១៣០នាក់។

ឆ្នាំដែលជាវិបត្តិដ៏ធ្ងន់ធ្ងរនេះ ទន្ទឹមនឹងការប្រឹងប្រែងរក្សានូវដំណើរការរបស់ខ្លួន ដោយមិនធ្វើឱ្យប៉ះពាល់ដល់សហការីហើយនោះ ឆ្នាំ២០២០កន្លងទៅ Fresh News បានបញ្ចប់សាងសង់ស្នាក់ការកណ្តាលផ្ទាល់ខ្លួន បន្ទាប់ពីផ្ញើវាសនានៅអគារជួលអស់រយៈពេលជាង៥ឆ្នាំ។ សមិទ្ធផលអគារទីស្នាក់ការកណ្តាលកម្ពស់ ៤ជាន់ អាចរាប់ថា ជាសមិទ្ធផលដ៏ធំធេងសម្រាប់អង្គភាព ដែលផ្តើមចេញពីដំណាក់កាលដ៏លំបាកមួយនេះ។ វាក៏ជាសមិទ្ធផលដ៏រីករាយមួយសម្រាប់សហស្ថាបនិក ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់រូបរបស់អង្គភាព ព្រោះជាសមិទ្ធផលដែលទទួលបានក្នុងពេលស្ថានភាពដ៏លំបាកនៃវិបត្តិកូវីដ១៩។

សមិទ្ធផលដែលសម្រេច និងទទួលទាំងមុន និងក្រោយពេលមានវិបត្តិកូវីដ១៩ ជាសមិទ្ធផលកើតចេញពីការដឹកនាំពោរពេញដោយភាពឆ្លៀសវៃ ប៉ិនប្រសប់ របស់លោក លឹម ជាវុត្ថា នាយកប្រតិបត្តិបណ្តាញព័ត៌មាន Fresh News និងសហស្ថាបនិកលោក គឹម ម៉េង ព្រមទាំងមានការចូលរួមមិនអាចកាត់ផ្តាច់បានពីថ្នាក់ដឹកនាំ និងសហការីពេញដោយថាមពលគ្រប់រូប។

លោក លឹម ជាវុត្ថា បានចាត់ទុកសមិទ្ធផលទាំងនេះ ជាមោទនភាពមួយសម្រាប់ថ្នាក់ដឹកនាំ បុគ្គលិកគ្រប់ផ្នែក ក៏ដូចជាអង្គភាពទាំងមូល។ នាយកប្រតិបត្តិវ័យក្មេង ដែលពោរពេញដោយថាមពលនៃភាពជាអ្នកដឹកនាំរូបនេះ បានលើកឡើងថា «ដំណើរក្នុងវិបត្តិកូវីដ១៩នេះ វាជារឿងដ៏លំបាក និងជារឿងព្រួយបារម្ភមួយយ៉ាងធំធេង សម្រាប់អង្គភាព ក្នុងពេលយើងបានមើលឃើញអង្គភាពជាច្រើនបានរងផលប៉ះពាល់ដោយសារវិបត្តិនេះ»

លោកបន្តថា «យើងបារម្ភមិនត្រឹមតែការប៉ះពាល់ដល់ដំណើរការរបស់អង្គភាពនោះទេ ប៉ុន្តែយើងបារម្ភផលប៉ះពាល់ដល់បុគ្គលិករបស់យើងគ្រប់រូប ដែលបានផ្ញើវាសនាជាមួយអង្គភាព។ កូវីដ១៩ វាធ្វើឱ្យអង្គភាព និងស្ថាប័នលើវិស័យជាច្រើនប៉ះពាល់ដល់ដំណើរការ ហើយបុគ្គលិករបស់អង្គភាពទាំង និងស្ថាប័នទាំងនោះ ក៏ប៉ះពាល់ចំណូលប្រចាំខែរបស់ពួកគេ។ ដូច្នេះយើងបារម្ភពីផលប៉ះពាល់ទាំងនោះ តែទីបំផុតយើងបានប្រឹងប្រែងជម្នះបញ្ហាទាំងនេះបានរយៈពេលជាងមួយឆ្នាំ ហើយយើងនឹងបន្តប្រឹងជម្នះបញ្ហា និងឧបសគ្គនេះបន្តទៀត រហូតដល់វិបត្តិកូវីដ១៩ ត្រូវបានបិទបញ្ចប់»

លោក លឹម ជាវុត្ថា បានបញ្ជាក់យ៉ាងដូច្នេះបានបញ្ជាក់ថា «ដូចយើងទាំងអស់គ្នាដឹងហើយ គ្មានភាពរីកចម្រើន និងសមិទ្ធផលដ៏ត្រចះត្រចង់ណាមួយ អាចកើតមានឡើយ ប្រសិនបើយើងដឹកនាំដោយគ្មានចក្ខុវិស័យ និងផែនការវែងឆ្ងាយទេនោះ។ បើការដឹកនាំមានចក្ខុវិស័យវែងឆ្ងាយ តែខ្វះការរួបរួម និងការប្រឹងប្រែងប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ពីគ្រប់កោសិកានៅក្នុងស្ថាប័ន ឬអង្គភាពទេនោះ ភាពជោគជ័យ និងការលូតលាស់ក៏មិនអាចកើតមានផងដែរ។

ខ្ញុំចង់និយាយថា អ្វីដែលអង្គភាព Fresh News បាននិងកំពុងទទួលបាននេះ គឺបានកើតចេញពីការប្រមូលផ្តុំកម្លាំងពីបុគ្គលិករបស់ខ្ញុំទាំងអស់ ហើយពួកគេបានខិតខំ ប្រឹងប្រែងបម្រើការងារប្រកបដោយការតាំងចិត្តខ្ពស់ ហើយស្វាហាប់ក្នុងការងារបំផុត អាចនិយាយបានថា បុគ្គលិករបស់ខ្ញុំ បានចាត់ទុក Fresh News ជាជម្រកជីវិតរបស់ពួកគេ ចាត់ទុកការងាររបស់ពួកគេ ជាចំណីអាហាររបស់ពួកគេ»

CEO ដែលមានជីវិតជាកូនកំព្រាទាំងឪពុក និងម្តាយតាំងពីអាយុជាង១០ឆ្នាំរូបនេះបានបញ្ជាក់យ៉ាងដូច្នេះថា «ភាពច្នៃប្រឌិតផ្នែកបច្ចេកវិទ្យាព័ត៌មាន និងវិធីសាស្ត្រធ្វើឱ្យអាជីវកម្មលើវិស័យព័ត៌មានមាននិរន្តរភាព មិនសូវជាមានឧបសគ្គឡើយសម្រាប់រូបលោក ដែលជាអ្នកចូលចិត្តស្រាវជ្រាវផ្នែកបច្ចេកវិទ្យាព័ត៌មាន និងយល់ដឹងផ្នែកវិជ្ជាជីវ:សារព័ត៌មាន ព្រមទាំងស្វែងយល់អំពីជនល្បីៗផែ្នកជំនួញ និងនយោបាយ»

ក្នុងឱកាសខួប ៧ឆ្នាំនៃថ្ងៃកំណើត Fresh News លោក លឹម ជាវុត្ថា អរគុណដល់បុគ្គលិកគ្រប់ផ្នែកទាំងនៅទីស្នាក់ការកណ្តាល និងនៅតាមបណ្តារាជធានី-ខេត្ត ដែលបានខិតខំអស់កម្លាំងចិត្ត ដើម្បីភាពរីកចម្រើន និងវឌ្ឍនភាពរបស់អង្គភាព។ លោក ក៏សង្ឃឹមថា បុគ្គលិកទាំងអស់ នឹងចាត់ទុកដំបូល Fresh News ជាជម្រកជីវិតដ៏ត្រជាក់ត្រជុំ ហើយបន្តប្រមូលផ្តុំចំណេះដឹង កម្លាំងបញ្ញាស្មារតី ដើម្បីអភិវឌ្ឍដំបូលជីវិតមួយនេះ ឲ្យកាន់តែរីកធំធាត់ទៅមុខថែមទៀត។

លោកនាយកប្រតិបត្តិ Fresh News ក៏គោរពថ្លែងអំណរគុណដល់ម្ចាស់ក្រុមហ៊ុននានា ដែលបានជួយឧបត្ថម្ភគាំទ្រ និងមិត្តអ្នកអានទាំងអស់ ដែលតែងផ្តល់ការជឿទុកចិត្តដល់បណ្តាញព័ត៌មាន Fresh News ។ លោក លឹម ជាវុត្ថា បានបញ្ជាក់ថា បើមានតែការខិតខំ ហើយគ្មានការគាំទ្រជឿទុកចិត្តពីម្ចាស់ក្រុមហ៊ុន និងមិត្តអានទេនោះ Fresh News មិនអាចដណ្តើមយកបានប្រជាប្រិយភាពដ៏លេចធ្លោក្នុងវិស័យព័ត៌មានបាននោះឡើយ។

លោកនាយកប្រតិបត្តិ ក៏សូមអរគុណដល់រាជរដ្ឋាភិបាល អាជ្ញាធរ សមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធ អង្គការសង្គមស៊ីវិល និងគណបក្សនយោបាយទាំងអស់នៅកម្ពុជា ដែលជានិច្ចកាលតែងសហការជួយសម្របសម្រួលផ្តល់ព័ត៌មាន ដែលជួយឲ្យអង្គភាព Fresh News តែងទទួលបានព័ត៌មាន និងដំណឹងទាន់ហេតុការណ៍យកទៅផ្សព្វផ្សាយជូនប្រជាពលរដ្ឋជ្រាបជាដំណឹង។

លោក លឹម ជាវុត្ថា ក៏បានសូមការអធ្យាស្រ័យខ្ពស់ ចំពោះកំហុសឆ្គងអចេតនា និងមិនបានតាំងចិត្តទាំងឡាយ ដែលបានកើតមានក្នុងការផ្តល់ព័ត៌មាន ក្នុងរយៈពេល៧ឆ្នាំកន្លងមកនេះ។ លោក ជាវុត្ថា បានតាំងចិត្តថា នឹងខិតខំកែតម្រូវរាល់កំហុសឆ្គងអចេតនាទាំងអស់នេះ ហើយក៏នឹងខិតខំគ្រប់លទ្ធភាព និងប្រមូលផ្តុំសមត្ថភាព ដើម្បីបម្រើវិស័យព័ត៌មាន ដែលគេនិយមនិយាយថា សមរភូមិសតិអារម្មណ៍មួយនេះឲ្យកាន់តែល្អប្រសើរ ព្រមទាំងប្តេជ្ញាចិត្តខិតខំរកវិធីផ្តល់ព័ត៌មានឲ្យកាន់តែសម្បូរបែបថែមទៀត សម្រាប់មិត្តអ្នកអាន និងទស្សនារបស់ខ្លួន។

ជាមួយការប្រារព្ធខួប៧ឆ្នាំ លោកនាយកប្រតិបត្តិ Fresh News បានគោរពបួងសួងវត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាថែរក្សាចក្រវាឡទាំងមូល តាមអភិបាលប្រោសព្រំដល់ម្ចាស់ក្រុមហ៊ុន មិត្តអ្នកអាន និងបុគ្គលិកទាំងអស់ មានសុខភាពល្អប្រសើរ ការប្រកបរបរចិញ្ចឹមជីវិតកាន់តែរីកចម្រើន និងទទួលបានជោគជ័យ៕

បច្ចុប្បន្ននេះអង្គភាពព័ត៌មាន Fresh News មានបណ្តាញព័ត៌មានរបស់ខ្លួនយ៉ាងច្រើន ដែលផ្សព្វផ្សាយគ្របដណ្តប់ទាំងក្នុង និងក្រៅប្រទេស៖

1. TV Channel Fresh News Whole Country.
2. Fresh News App: 2.4M
3. Fresh News Facebook: 4.2M
4. Fresh News TV Facebook: 2M
5. Fresh News YouTube: 550K
6. Fresh News Telegram: 60K
7. Fresh News Tiktok: 1M Likes
8. Fresh News Plus
9. Fresh News Wesite 10M/month
10. Fresh News Radio (Online)
11. Fresh News Smart TV (World Wide)
12. Fresh News English
13. Fresh News Chinese.