(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ បានសន្យាជួយឧបត្ថម្ភទាំងសម្ភារ និងថវិកាទៅតាមលទ្ធភាព ដើម្បីជួយសម្រួលជីវភាពរស់នៅដល់ក្រុមគ្រួសារស្ត្រីឈ្មោះ ធុត ដាណែត ដែលមានផ្ទៃពោះ៦ខែ និងកំពុងផ្ទុកវីរូសកូវីដ១៩ ជាមួយកូនប្រុស-ស្រីតូចៗចំនួន២នាក់ទៀត បន្ទាប់ពីប្ដីរបស់នាង (ធុត ដាណែត) បានទទួលមរណៈភាព ដោយសារជំងឺកូវីដ១៩ និងជំងឺប្រចាំកាយធ្ងន់ធ្ងរមួយចំនួនទៀត។

លោក ជា ពិសី បញ្ជាក់ថា «ក្នុងនាមរដ្ឋបាលខណ្ឌប្ញស្សីកែវ ខ្ញុំពិតជាមានសេចក្ដីសោកសង្រេងយ៉ាងពន់ពេក និងសូមចូលរួមរំលែកទុក្ខ ចំពោះក្រុមគ្រួសារ ដែលមានទីលំនៅក្រុមទី៥ ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ដែលមានស្វាមីទទួលមរណភាពដោយជម្ងឺកូវីដ-១៩»

លោក ជា ពិសី ថា «ខ្ញុំពិតជាមានសេចក្ដីសោកស្ដាយយ៉ាងខ្លាំង ដែលភរិយារបស់សព មានផ្ទៃពោះ៦ខែ និងកូនតូចៗ២នាក់ទៀត បានឆ្លងមេរោគកូវីដ១៩ថែមទៀត បច្ចុប្បន្ននេះ ប្អូនស្រីនិងកូន កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ»

ក្នុងឱកាសដ៏ក្រៀមក្រំ និងសោកសង្វេគនេះ រដ្ឋបាលខណ្ឌ នឹងជួយឧបត្ថម្ភ ជាសម្ភារៈ និងថវិកា ទៅតាមលទ្ធភាពរបស់រដ្ឋបាលខណ្ឌ ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅរបស់ក្រុមគ្រួសារប្អូនស្រី ចាប់ពីពេលដែល ប្អូនស្រីមានផ្ទៃពោះ៦ខែ និងកូនតូចៗ២នាក់ នឹងជាសះស្បើយពីមេរោគកូវីដ១៩ ហើយចេញពីមន្ទីរពេទ្យមក រហូតដល់ ប្អូនស្រីបានសម្រាលកូនរួច។

សូមជម្រាបថា ស្ត្រីឈ្មោះ ធុត ដាណែត ស្នាក់នៅក្រុមទី៥ ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ត្រូវបានមន្ត្រីសុខាភិបាលសហការជាមួយអាជ្ញាធរដែនដីបន្តរកឃើញថា មានវិជ្ជមានវិរូសកូវីដ-១៩ ក្នុងពេលកំពុងមានផ្ទៃ៦ខែ និងកូនប្រុសតូចឈ្មោះ សៅ រិទ្ធបញ្ញា អាយុ១០ឆ្នាំ ជាមួយកូនស្រីតូចម្នាក់ទៀតឈ្មោះ សៅ អាលីហ្សា អាយុ៤ឆ្នាំ សុទ្ធតែមានវិជ្ជមានវីរូសកូវីដ-១៩ បន្ទាប់ពីប្ដីរបស់នាងឈ្មោះ សួង ណារិទ្ធ ភេទប្រុស អាយុ៣៧ឆ្នាំ បានទទួលមរណៈភាព ដោយសារជំងឺកូវីដ-១៩ និងជំងឺប្រចាំកាយធ្ងន់ធ្ងរមួយចំនួនទៀត កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង០៣៖១៥នាទីព្រឹក នៅមន្ទីរពេទ្យរុស្ស៉ី៕