(ភ្នំពេញ)៖ ពិធីរំលឹកវិញ្ញាណក្ខន្ធ ដែលគ្រោងនឹងប្រារព្ធឡើង នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ខាងមុននេះ ត្រូវបានប្រកាសផ្អាកដោយសារបញ្ហារាតត្បាតនៃជំងឺកូវីដ១៩។ នេះបើយោងតាមលិខិតរបស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា ដែលផ្ញើទៅប្រធានគណៈកម្មាធិការគណបក្សរាជធានី-ខេត្ត ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១នេះ។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ដោយបញ្ហាកូវីដជំងឺ១៩ កំពុងរាលដាលពេញពិភពលោក និងនៅកម្ពុជាផងនោះ ដូច្នេះ សូមគណបក្សរាជធានី-ខេត្តទាំងអស់ ផ្អាកការធ្វើពិធីរំលឹកវិញ្ញាណក្ខន្ធនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ខាងមុខនេះសិន»

សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំ នៅថ្ងៃទី២០ ខែឧសភា គណបក្សប្រជាជនកម្ពុជា តែងតែធ្វើពិធីរំលឹកវិញ្ញាណក្ខន្ធប្រជាជនកម្ពុជា ដែលបានស្លាប់ដោយរបបប្រល័យពូជសាសន៍ ប៉ុល ពត ជាពិសេស គឺជាការធ្វើបុណ្យដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់អ្នកដែលបានស្លាប់បាត់បង់ជីវិតទាំងនោះផងដែរ។

ទិវាចងចាំ ២០ ឧសភា ត្រូវបានសភានៃសាធារណរដ្ឋប្រជាមានិតកម្ពុជានៅឆ្នាំ១៩៨៣ ដោយហៅថា «ទិវាចងកំហឹង» ដើម្បីជាការចងកំហឹងទៅនឹងរបបខ្មែរក្រហមដែលបានកាប់សម្លាប់ ប្រជាពលរដ្ឋខ្មែរ។ ថ្ងៃទី២០ ខែឧសភា ឆ្នាំ១៩៧៣ គឺជាថ្ងៃកំណើត របស់សហកររបស់របបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហមបាន ហើយបានបន្តសង្គ្រាម រហូតដល់ឈានដល់ការគ្រប់គ្រងរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។

«ទិវាជាតិនៃការចងចាំ» ទើបនឹងត្រូវរាជរដ្ឋាភិបាលកម្ពុជា កំណត់ជាថ្ងៃបុណ្យជាតិ កាលពីថ្ងៃ ទី១៤ ខែ កុម្ភៈ ឆ្នាំ ២០១៨។ ការកំណត់យកថ្ងៃនេះធ្វើជាថ្ងៃបុណ្យជាតិផ្លូវការ សម្រាប់ជាការរំឭកដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩៕