(កំពង់ឆ្នាំង)៖ សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង បានផ្តល់ជូនស្រូវពូជចំនួន ១០តោន ចែកជូនប្រជាកសិករចំនួន២៨៤គ្រួសារ មកពីឃុំចំនួន ៧ ក្នុងស្រុកបរិបូរណ៌។

ការផ្តល់ពូជស្រូវធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ តាមរយៈលោកប្រធានមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ឆ្នាំង។

លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ក្នុងពេលចែកអំណោយស្រូវពូជជូនប្រជាកសិករ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចចៅហ្វាវាំង គង់ សំអុល ដែលបានផ្ដាំផ្ញើសួរសុខទុក្ខ និងឱ្យត្រូវយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ កុំឲ្យឆ្លងចូលសហគមន៍ ដោយអនុវត្តនូវវិធានរបស់ក្រសួងសុខាភិបាល និងអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន គឺ៣កុំនិង៣ការពារ ។

ជាមួយគ្នានេះដែរ លោកប្រធានមន្ទីរកសិកម្មបានណែនាំឱ្យប្រជាកសិករ យកស្រូវពូជដែលជាអំណោយនេះ ទៅសាបព្រូសបង្កបង្កើនផលឲ្យបានពីដើមឆ្នាំទាន់ពេលវេលា ដើម្បីទទួលបានទិន្នផលខ្ពស់។

ដោយឡែកលោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយមខេត្តកំពង់ឆ្នាំង ក៏បានផ្ដាំផ្ញើផងដែរដល់ប្រជាកសិករទាំងអស់ ប្រុងប្រយ័ត្នចំពោះបាតុភាពភ្លៀងផ្គរខ្យល់ព្យុះ និងខ្យល់កន្ត្រាក់ដែលអាចប៉ះ ពាល់មកលើមូលដ្ឋានក្នុងរដូវវស្សានេះ។ ហើយត្រូវយកចិត្តទុកដាក់ ថែទាំនិងប្រុងប្រយ័ត្នកុំឲ្យកុមារតូចៗជាកូនចៅលេងទឹកស្រែទឹកអូរ ឬទឹកស្ទឹង ដែលអាចបង្កគ្រោះថ្នាក់ដល់ពួកគេ៕