(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល នាសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១នេះ បានចុះចែកអំណោយដល់ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្រ្តាក់ ចំនួន១១គ្រួសារ រស់នៅឃុំព្រែកដំបង, ឃុំរការកោង១ និងរការកោង២ ស្រុកមុខកំពូល ខេត្តកណ្តាល ។

ក្នុងឱកាសចែកអំណោយនេះ លោក គង់ សោភ័ណ្ឌ បាននាំការសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែបារម្ភពីសុខទុក្ខប្រជាពលរដ្ឋជានិច្ចរហូតមក។

អំណោយដែលចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះ នារសៀលនេះគឺ ប្រជាពលរដ្ឋចំនួន៣គ្រួសាររងគ្រោះរលំផ្ទះទាំងស្រុង គឺ១គ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកសុទ្ធ១កេស ជែល១ដប ម៉ាស១ប្រអប់ តង់១ផ្ទាំង និងថវិកា ៥០០,០០០រៀល។ ប្រជាពលរដ្ឋរងគ្រោះរបើករបូលផ្ទះធ្ងន់ធ្ងរចំនួន៦គ្រួសារ ១គ្រួសារ អង្ករ២៥គីឡូក្រាម មី១កេស ត្រីខកំប៉ុង១យួរ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកសុទ្ធ១កេស ជែល១ដប ម៉ាស១ប្រអប់ និងថវិកា២០០,០០០រៀល។

ដោយឡែកប្រជាពលរដ្ឋចំនួន ២គ្រួសារទៀត រងគ្រោះរបើកដំបូលផ្ទះដោយអន្លើ គឺ១គ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកសុទ្ធ១កេស ជែល១ដប ម៉ាស១ប្រអប់ និងថវិកា ១០០,០០០រៀល។

សូមជម្រាបថា កាលពីល្ងាចថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ កន្លងទៅថ្មីៗ មានបាតុភូតធម្មជាតិខ្យល់កន្រ្តាក់មួយបានបោកបក់មកលើលំនៅដ្ឋានរបស់ប្រជាពលរដ្ឋនៅស្រុកមុខកំពូល ធ្វើឱ្យខូខាតផ្ទះសំបែងរបស់ប្រជាពលរដ្ឋ ចំនួន១១គ្រួសារ ក្នុងនោះ ធ្វើឱ្យរលំផ្ទះទាំងស្រុង អស់ចំនួន ៣គ្រួសារ របើកដំបូលធ្ងន់ធ្ងរចំនួន ៦គ្រួសារ និងរបើកដំបូលដោយអន្លើចំនួន២គ្រួសារ៕