(តាកែវ)៖ លោកស្រី កុយ ពិសី រដ្ឋលេខាធិការក្រសួងទេសចរណ៍, អនុប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំព្រៃអំពក ស្រុកគិរីវង់ ខេត្តតាកែវ តាមរយៈមេឃុំព្រៃអំពក នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១នេះ បានឧបត្ថម្ភឃិត មានជាសម្ភារ និងស្បៀងមួយចំនួន ជូនដល់ប្រជាពលរដ្ឋ ដែលធ្វើចត្តាឡីស័ក នៅឃុំព្រៃអំពក ស្រុកគិរី វង់ ខេត្តតាកែវ។

ជាមួយនឹងការផ្តល់អំណោយនេះ លោកស្រី កុយ ពិសី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ដោយដាក់ចេញវិធានការនានា ដើម្បីជួយប្រជាពលរដ្ឋ និងទប់ស្កាត់ការរីករាលដាលខ្លាំងក្លា នៃជំងឺកូវីដ១៩ នៅក្នុងសហគមន៍កម្ពុជា។

លោកស្រី កុយ ពិសី បានសំណូមពរដល់ប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័កទាំងអស់ ឱ្យអនុវត្តតាមវិធានការចត្តាឡីស័កឱ្យបានត្រឹមត្រូវ ដើម្បីទប់ស្កាត់ការរីករាលដាលនៅក្នុងមូលដ្ឋាន និងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អនុវត្តវិធានការ «៣កុំ និង៣ការពារ» ឱ្យបានត្រឹមត្រូវ ដើម្បីរួមគ្នាប្រយុទ្ធយកឈ្នះមេរោគកូវីដ១៩។

នៅក្នុងឱកាសនោះ តំណាងប្រជាពលរដ្ឋ នៅឃុំព្រៃអំពក បានថ្លែងអំណរគុណដល់ លោកស្រី កុយ ពិសី ដែលបាននាំយកនូវអំណោយមួយចំនួន មកចែកជូនដល់ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កពេលនេះ។ ពួកគាត់ បានសន្យាថា នឹងបន្តអនុវត្តតាមវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ដើម្បីរួមគ្នាជាមួយរាជរដ្ឋាភិបាល ក្នុងការទបស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាផងដែរ៕