(កំពង់ចាម)៖ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១នេះថា កម្លាំងនគរបាលខេត្តកំពង់ចាម ទើបនឹងបានបើកប្រតិបត្តិការបំបែកសំណុំរឿងប្លន់ប្រដាប់អាវុធមួយករណីដោយជោគជ័យ ដោយឈានដល់ការចាប់ខ្លួនជនល្មើសចំនួន៣នាក់ ដកហូតអាវុធខ្លីមួយដើម ព្រមទាំងសម្ភារ មធ្យោបាយសម្រាប់ប្រព្រឹត្ដបទល្មើសមួយចំនួនទៀត។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា ប្រតិបត្តិការនេះធ្វើឡើងក្រោមការចង្អុលបង្ហាញពី នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដោយប្រើប្រាស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងជំនាញ អធិការដ្ឋាននគរបាលស្រុកកំពង់សៀម និងក្រុងកំពង់ចាម ដឹកនាំដោយ លោកឧត្ដមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងដោយមានការដឹកនាំសម្របសម្រួលផ្ទាល់ពី លោក សាន សុភៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម។

ជាលទ្ធផលនៃប្រតិបត្តិការ កម្លាំងនគរបាលជំនាញបង្ក្រាបបានជនសង្ស័យ ចំនួន០៣នាក់ រួមមាន៖ ទី១៖ ឈ្មោះ ឡាំ ឆុន ហៅ ឈុន វីរៈ ហៅ ឡុង សម្បត្តិ ហៅ ឡុង ធា អាយុ៤៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិក្រាំងដូង ឃុំសំរោង ស្រុកបន្ទាយមាស ខេត្តកំពត, ទី២៖ ឈ្មោះ ដេត សុផល អាយុ៤៣ឆ្នាំ មានទីលំនៅភូមិអំពិលតាពក ឃុំអំពិលតាពក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ និងទី៣៖ ឈ្មោះ ហោ ស្រីអូន ភេទស្រី អាយុ៤៨ឆ្នាំ មានទីលំនៅភូមិវាលស្បូវ ឃុំអំពិល ស្រុកកំពង់សៀម។

ក្នុងប្រតិបត្តិការ ចុះបង្រ្កាបដកហូតវត្ថុតាងរួមមាន៖ ម៉ូតូជាមធ្យោបាយជិះធ្វើសកម្មភាព ចំនួន០៣គ្រឿង (ធុនសេ១២៥ ចំនួន០២គ្រឿង និងម៉ូតូម៉ាក វីហ្សិន ចំនួន០១គ្រឿង), ស្លាកលេខម៉ូតូចំនួន១៤សន្លឹក, អាវុធខ្លីចំនួន០១ដើម (ម៉ាកk59), គ្រាប់ចំនួន១០គ្រាប់, សោកាច់ចំនួន២៣គ្រាប់ និងសម្ភារៈវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត។

ផ្អែកតាមចម្លើយសារភាពរបស់ជនសង្ស័យបានឆ្លើយថា កន្លងមកពួកគេធ្លាប់ធ្វើសកម្មភាពប្លន់ និងលួចម៉ូតូ ចំនួន១៥លើក (ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម) ហើយម៉ូតូដែលធ្វើសកម្មភាពយកបានពីអំពើលួច គឺបានយកទៅលក់ឲ្យ មុខសញ្ញាទទួលផលចោរកម្ម នៅរាជធានីភ្នំពេញ។

នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ បន្ទាប់ពីទទួលបានចម្លើយសារភាពពីឈ្មោះ ឡាំ ឆុន លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាឲ្យកម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដោយទទួលបានការសហការ ពីកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បន្តចុះស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនបាន មុខសញ្ញាទទួលផលចោរកម្មបានចំនួន០២នាក់ទៀត នៅចំណុចតាមផ្លូវវិមានឈ្នះ ឈ្នះ ស្ថិតនៅសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនសង្ស័យទទួលផលចោរកម្មនេះរួមមាន៖ ឈ្មោះ សួន រស្មី អាយុ២៨ឆ្នាំ មានទីលំនៅភូមិប្រាំបីមុំ ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ និងឈ្មោះ អ៊ួង សុខគា អាយុ២៣ឆ្នាំ មានទីលំនៅភូមិចុងបឹង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ សម្ភារៈវត្ថុតាងដែលត្រូវបានដកហូតរួមមាន រថយន្តចំនួន០១គ្រឿង ម៉ាកកាម៉ារី ពណ៌ស ពាក់ផ្លាក់លេខ2AQ-9068 (ប្រើប្រាស់ស្លាកលេខក្លែងក្លាយ) និងទូរស័ព្ទដៃចំនួន០២គ្រឿង។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងខាងលើ ត្រូវបានចងក្រងសំណុំរឿងតាមនីតិវិធី និងបានបញ្ជូនទៅសាលាដំបូងខេត្តកំពង់ចាម រួចហើយ ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់៕