(បន្ទាយមានជ័យ)៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃអាទិត្យ ទី០៩ ខែឧសភាឆ្នាំ២០២១នេះ បានបន្តចុះចែកស្បៀងអាហារដែលជាអំណោយ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនប្រជាពលរដ្ឋរស់នៅតំបន់បិទខ្ទប់ នៅភូមិប្រជាធម្មកើត ៦៥គ្រួសារ និងភូមិប្រជាធម្មលិច ៥០គ្រួសារ ក្នុងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

សកម្មភាពនេះ មានការចូលរួមពីលោក មាស ច័ន្ទពិសិទ្ធព្រះរាជអាជ្ញាសាលាដំបូងខេត្តបន្ទាយមានជ័យ លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត និងលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត អង្គភាពភូមិ និងកម្លាំងសមត្ថកិច្ច។

នាឱកាសនោះ លោក អ៊ុំ រាត្រី បាននាំការសាកសួរសុខទុក្ខ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសម្តេចទាំងទ្វេ តែងតែយកចិត្តទុកដាក់ ដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ជាពិសេសនៅក្នុងគ្រាដ៏លំបាកមួយនេះ។

លោកបានសំណូមពរដល់ប្រជាពលរដ្ឋបន្តចូលរួម ប្រយុទ្ធនឹងប្រឆាំងកូវីដ-១៩ និងរក្សាអនាម័យដៃស្អាត ពាក់ម៉ាស់ក្នុងករណីចាំបាច់ និងការរក្សាគម្លាតពីគ្នា ពិសេសអនុវត្តបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ និង៣កុំ របស់ប្រមុខរាជរដ្ឋាភិបាល និងវិធានសុខាភិបាល ដើម្បីរួមគ្នាបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍។

សូមបញ្ជាក់ថា អំណោយរួមមាន៖ ទឹកត្រីចំនួន៣០យួរ, ទឹកស៊ីអ៉ីវ៣០យួរ, ត្រីងៀត១០គីឡូក្រាម, សាច់ក្រក១០គីឡូក្រាម, ផ្អក ម៉ាំ ០៥គីឡូក្រាម, ត្រីខ ១០យួរ, ទឹកសុទ្ធ២០យួរ, ម៉ាស់០១កេសធំ, និងថវិកាចំនួន ៦,៨៧០,០០០រៀល៕