(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានទទួលស្បៀងអង្ករចំនួន២០តោន ដើម្បីត្រៀមទុកជួយសង្គ្រោះប្រជាពលរដ្ឋ រស់នៅក្នុងភូមិសាស្ត្រតំបន់បិទខ្ទប់ក្នុងមូលដ្ឋានខណ្ឌ ពីលោក ហ៊ឺ វីរៈ ទីប្រឹក្សាសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា, ជារដ្ឋលេខាធិការក្រសួងវប្បធម៏ និងជាអនុប្រធានគណៈកម្មាធិការរៀបចំបុណ្យជាតិ និងអន្តរជាតិ។

ពិធីប្រគល់និងទទួលអង្ករចំនួន២០តោននេះ មានការចូលរួមពីលោក ជុំ បាយ័នវិបុល ប្រធានក្រុមប្រឹក្សាខណ្ឌ, លោក លីន ញ៉ក់ អភិបាលរងខណ្ឌ និងលោក ឡេង ច័ន្ធវិសិទ្ធិ ប្រធានការិយាល័យហេរញ្ញវត្ថុខណ្ឌ ស្ថិតនៅសាលាខណ្ឌឫស្សីកែវ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១។

ពិធីប្រគល់និងទទួលអង្ករចំនួន២០តោននេះដែរ, លោក ជា ពិសី ក្រៅពីសូមគោរពថ្លែងអំណរគុណយ៉ាងក្រៃលែងចំពោះសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា តាមរយះលោកទីប្រឹក្សា ហ៊ឺ វីរៈ ជារដ្ឋលេខាធិការក្រសួងវប្បធម៏ និងជាអនុប្រធានគណៈកម្មាធិការរៀបចំបុណ្យជាតិ និងអន្តរជាតិ, លោកអភិបាលខណ្ឌ ក៏បានសន្យា យកអង្ករទាំងអស់ទៅចែកជូនដល់ដៃប្រជាពលរដ្ឋ ដែលជួបការខ្វះខាតរស់នៅក្នុងភូមិសាស្ត្រតំបន់បិទខ្ទប់។

បន្ថែមពីនេះ និងតំណាងឱ្យរដ្ឋបាលខណ្ឌ និងប្រជាពលរដ្ឋទូទាំងខណ្ឌ, លោក ជា ពិសី សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី ឫទ្ធិបារមី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីអង្គរដ៏បវរនៃកម្ពុជា សូមតាមជួយអភិបាលថែរក្សាការពារ ប្រោះព្រំប្រទាននូវសព្ទសាធុការពរជ័យ បវរសួស្ដី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូនចំពោះសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រីជាទីស្រលាញ់ដោយក្ដីមោទនភាពបំផុត និងសូមមានជន្មាយុយឺនយូរ សុខភាពល្អ បរិបូរណ៍ និងប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លាងឃ្លាតឡើយ៕