(បន្ទាយមានជ័យ)៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១នេះ បានបង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ចំនួន៨៥នាក់បន្ថែមទៀត ដែលទើបរកឃើញថ្មី នៅក្រុងប៉ោយប៉ែត ក្នុងនោះមានទាំងជនជាតិខ្មែរ និងជនបរទេស។ នេះបើតាមសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

ជាមួយគ្នានេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានអំពាវនាវដល់ប្រជាពលរដ្ឋ និងសាធារណជន ដែលបានប៉ះពាល់ដោយផ្ទាល់ជាមួយ សូមរួសរាន់មកជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ដោយប្រយោលជាមួយអ្នកវិជ្ជមានជំងឺកូវីដ១៩ ទាំង៨៥នាក់ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះ ក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។

ក្នុងករណីមានការប្រែប្រួលសុខភាពខុសប្រក្រតី ដូចជាឡើងកម្ដៅ, ក្អក, កណ្ដាស់, ហៀរសំបោរ, ឈឺបំពងក, មានកំហាក និងថប់ដង្ហើមជាដើម ត្រូវប្រញាប់ទំនាក់ទំនងទៅក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ឬមន្ទីរពេទ្យខេត្ត ក្រុង ស្រុក ឬមណ្ឌលសុខភាពឃុំ សង្កាត់ និងអាជ្ញាធរមូលដ្ឋាន តាមរយៈទូរស័ព្ទលេខ 012 724 042 / 012 948 779៕