(កំពង់ចាម)៖ លោក ហ៊ុន ណេង អនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តកំពង់ចាម និងប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកស្ទឹងត្រង់ នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១នេះ បានចាត់ឲ្យលោក សោ សាវឿន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំព្រែកកក់ និងសហការី ចុះសួរសុខទុក្ខ ចែកអំណោយជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត។

ប្រជាពលរដ្ឋដែលទទួលបានអំណោយនាឱកាសនោះ មានចំនួន៣០គ្រួសារ ដែលមានជីវភាពខ្វះខាតខ្លាំង រស់នៅមូលដ្ឋានឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ដោយក្នុងនោះ មួយគ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម, មី០១កេស, ម៉ាស១ដុំ, អាល់កុល១ដប និងថវិកា១០០,០០០រៀល ព្រមទាំងជូនក្រុមការងារបក្សឃុំថវិកា៣០០,០០០រៀល, ម៉ាស និងអាល់កុលផងដែរ។

ថ្លែងក្នុងឱកាសនោះ លោក សោ សាវឿន បានផ្ដាំផ្ញើការសួរសុខទុក្ខពីសំណាក់ លោក ហ៊ុន ណេង ជូនដល់ប្រជាពលរដ្ឋទាំងអស់គ្នា ព្រមទាំងក្រុមការងារមូលដ្ឋានផងដែរ។ ពិសេសផ្ដាំផ្ញើ និងក្រើនរំលឹកទាំងប្រជាពលរដ្ឋ ក៏ដូចជាក្រុមការងារ ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាព អនាម័យ ដើម្បីជៀសផុតពីជំងឺផ្សេង។

បន្ថែមពីនេះ លោក សោ សាវឿន ក៏បានជម្រាបជូនប្រជាពលរដ្ឋអំពីស្ថានភាពជាក់ស្ដែងដែលកំពុងកើតមានឡើងនៅក្នុងប្រទេសកម្ពុជា ពិសេសពាក់ព័ន្ធការវិត្តន៍ថ្មីៗ នៃជំងឺកូវីដ១៩ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងជាមួយជំងឺដ៏កាចសាហាវមួយនេះ។

លោកក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់ និងស្ដាប់ការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល លើការបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ ពិសេសចូលរួមអនុវត្តវិធានការ «៣ការពារ និង៣កុំ» របស់សម្ដេចតេជោ ហ៊ុន សែន ដើម្បីយកឈ្នះលើជំងឺកូវីដ១៩ទាំងអស់គ្នា៕