(ភ្នំពេញ)៖ អាជ្ញាធររាជធានីភ្នំពេញ គ្រោងនឹងបង្រួមតំបន់ក្រហម ដែលជាតំបន់មានហានិភ័យខ្ពស់ នៃការរីករាលដាលជំងឺកូវីដ-១៩ មកនៅទំហំតូចជាងមុន ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋបានធ្វើដំណើរ ខណៈការឆ្លងរាលដាលជំងឺកូវីដ-១៩ បានថយចុះពីចំនួនជាង៥០០នាក់ មកនៅត្រឹមជាង២០០នាក់ក្នុងមួយថ្ងៃ ហើយការបង្រួមនេះ អាចបង្រួមមកត្រឹមបិទខ្ទប់លំនៅដ្ឋាន ដោយមិនបិទ ភូមិ សង្កាត់ទាំងមូលនោះទេ។

នេះបើតាមការបញ្ជាក់ឲ្យដឹងពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ខណៈដែលលោកអញ្ជើញ ចុះទៅពិនិត្យស្ថានភាពជាក់ស្ដែង នៃការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហមតាមដងផ្លូវលេខ៣៣៦ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១នេះ។

លោក ឃួង ស្រេង បានបញ្ជាក់ទៀតថា ស្ថានភាពអ្នកឆ្លងជំងឺកូវីដ១៩ នៅភ្នំពេញកើនឡើងពីជាង៤០០ ទៅ៥០០នាក់ក្នុងមួយថ្ងៃ តែសម្រាប់តួលេខថ្ងៃនេះ អ្នកឆ្លងជំងឺកូវីដ១៩ បានធ្លាក់ចុះមកនៅត្រឹមតែជាង២០០នាក់ប៉ុណ្ណោះ ដែលនេះជាសញ្ញាមួយបង្ហាញពីការថយចុះច្រើនអ្នកជំងឺកូវីដ-១៩។

ដូច្នេះជាវិធានការរបស់រដ្ឋបាលរាជធានីភ្នំពេញ នឹងពិភាក្សាដើម្បីរៀបចំតំបន់ក្រហមទាំងនេះ ឲ្យមកនៅរួមតូចជាងមុន ឬអាចឈានទៅដល់ការបិទខ្ទប់ត្រឹមតែលំនៅដ្ឋាន ដែលមានបញ្ហាប្រឈមតែប៉ុណ្ណោះ ដើម្បីបង្កលក្ខណៈឲ្យបងប្អូនប្រជាពលរដ្ឋ ងាយស្រួលក្នុងការធ្វើចរាចរណ៍ បំពេញការងារ និងរកស៊ីបាន៕