(បន្ទាយមានជ័យ)៖ ពលកខ្មែរចំនួន២០នាក់ លួចឆ្លងដែនពីប្រទេសថៃចូលមកខ្មែរ តាមច្រករបៀង តែត្រួវកម្លាំងចំរុះឃាត់បានទាំងយប់ រួចបញ្ជូនទៅធ្វើចត្តាឡីស័ក១៤ថ្ងៃ កាលពីយប់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ នៅចំណុចគោលដៅទំនប់ដាច់ ភូមិសូរិយា ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ទោ យូ សុគន្ធភក្តី មេបញ្ជាការវរសេនាតូចថ្មើជើងលេខ៥១៣ បានប្រាប់ឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍មេបញ្ជាការកងពលតូចថ្មើជើងលេខ៥១ លោកបានដឹកនាំកម្លាំងសហការជាមួយ កម្លាំងព្រំដែន៥០៣ និងនគរបាលវរ៩១១ ចេញល្បាតនៅចំណុចគោលដៅទំនប់ដាច់ ស្រាប់តែបានប្រទះឃើញពលករខ្មែរចេញពីប្រទេសថៃមានប្រុសស្រី២០នាក់ ក៏បានឃាត់សួនាំ។

កម្លាំងចំរុះបានប្រាប់ឲ្យដឹងបន្តទៀតថា ពលករខ្មែរទាំង២០នាក់នេះ ក្រោយពីសមត្ថកិច្ចសួរនាំ ពួកគាត់បានប្រាប់ឲ្យដឹងថា ពួកគាត់មកពីប្រទេសថៃ ក្រោយពីអាជ្ញាធរថៃ ធ្វើការរឹតបណ្តឹងនៅកន្លែងធ្វើការងារស្របពេលកូវីដ១៩ កំពុងឆ្លងខ្លាំងផង ទើបពួកខ្លួនវិលត្រឡប់មកស្រុកកំណើតវិញ តាមច្រករបៀងសំណាងណាស់តម្រួតថៃមិនបានកាក់។

បន្ទាប់ពីធ្វើការសាកសួររួច កម្លាំងសមត្ថកិច្ចចម្រុះបានប្រគល់ពួកគាត់ជូនផ្នែកជំនាញបញ្ជូនទៅធ្វើចត្តាឡីស័ក នៅកន្លែងបានកំណត់ឲ្យគ្រប់១៤ថ្ងៃ ទើបអាចឲ្យវិលទៅផ្ទះវិញបាន៕