(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេចស្ដីពីការ បិទខ្ទប់ជាបណ្ដោះអាសន្នផ្នែកខាងត្បូង និងផ្នែកខ្លះនៃផ្លូវចូលភូមិបាំងណា ឃុំជង្រុក ស្រុកគងពិសី ដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩។

ក្នុងសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានរដ្ឋបាលខេត្តកំពង់ស្ពឺ បញ្ជាក់ថា ទីតាំងខាងលើនេះ ត្រូវបិទខ្ទប់រយៈពេល២សប្ដាហ៍ គិតចាប់ពីថ្ងៃទី០៦ ខែឧសភា ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ទៅក្នុងសហគមន៍ និងតំបន់ផ្សេងទៀត។

ក្រៅពីការបិទខ្ទប់ហើយនោះ រដ្ឋបាលខេត្តកំពង់ស្ពឺ បានកំណត់ឲ្យបុគ្គលគ្រប់រូបមានកាតព្វកិច្ចត្រូវអនុវត្តវិធានការសុខាភិបាល រួមមាន ការពាក់ម៉ាស និងការរក្សាគម្លាតសុវត្ថិភាព ព្រមទាំងប្រកាន់ឲ្យបានខ្ជាប់ខ្ជួននូវការធ្វើអនាម័យ ដើម្បីសម្លាប់មេរោគ និងការវាស់កម្ដៅ ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩៕