(កណ្ដាល)៖ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ទោ ភឺន ផល្លា និងលោកស្រី សាយ សោភា អគ្គនាយិកាសាលាអន្តរជាតិវើលដ៏កម្ពុជា បាននាំយកអំណោយ ទឹកបរិសុទ្ធ ចំនួន ៥០០កេស និងអាល់កុល ចំនួន ៥០កាន ជូនរដ្ឋបាលខេត្តកណ្ដាល សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល។

លោក ជាង រិទ្ធី នាយកទីចាត់ការអន្តវិស័យខេត្តកណ្ដាល តំណាងលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត ចំពោះទឹកចិត្តប្រកបដោយសប្បុរស ពោរពេញដោយសទ្ធាជ្រះថ្លារបស់លោក ភឺន ផល្លា និងលោកស្រី ដែលបានចំណាយនូវទ្រព្យសម្បត្តិផ្ទាល់ខ្លួន ក្នុងការជួយដល់សង្គមជាតិ តាមរយៈរដ្ឋបាលខេត្តកណ្ដាល ដែលនេះគឺជាកាយវិការឆ្លុះបញ្ចាំងពី គុណធម៌ សប្បុរសធម៌ ការចេះជួយគ្នាក្នុងគ្រាលំបាក ពិសេសបានទាន់ពេលវេលា។

លោកបានសន្យាថា នឹងនាំយកសម្ភារទាំងអស់នេះ ប្រគល់ដល់ដៃប្រជាពលរដ្ឋ និងអ្នកដែលរងប៉ះពាល់ ដោយផ្ទាល់ និងប្រយោល ក្នុងព្រឹត្តិការណ៍ «សហគមន៍២០កុម្ភៈ» ក្នុងភូមិសាស្ត្រខេត្តកណ្ដាល៕