(ភ្នំពេញ)៖ ប្រជាពលរដ្ឋ មានជីវភាពខ្វះខាត ស្នាក់នៅតាមបន្ទប់ជួល ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ចំនួន៤០១គ្រួសារ បានទទួលស្បៀងអាហារដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១។

ការនាំអំណោយទៅចែកជូននាពេលនេះ បានធ្វើឡើងក្រោមវត្តមានលោក ថេង សុថុល អភិបាលខណ្ឌចំការមន និងលោក ព្រុំ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌ, លោក លោកស្រីអភិបាលរងខណ្ឌ, លោកនាយករដ្ឋបាលខណ្ឌ, លោកចៅសង្កាត់ និងមន្ត្រីខណ្ឌ-សង្កាត់មួយចំនួនទៀត ដែលការផ្តល់ស្បៀងអាហារនេះ បានចែកជូនដល់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់និន្នាការនយោបាយ និងមិនរំលងប្រជាពលរដ្ឋណាម្នាក់ឡើយ។

ក្នុងឱកាសនេះ លោក ថេង សុថុល បាននាំមកនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចទាំងទ្វេរ ជូនប្រជាពលរដ្ឋ និងបានចាត់ឱ្យមន្ត្រីនៅមូលដ្ឋានយកចិត្តទុកដាក់ចំពោះសុខទុក្ខ ក៏ដូចជាការលំបាករបស់បងប្អូន ដោយមិនទុកឱ្យ ប្រជាពលរដ្ឋ ណាម្នាក់ស្លាប់ ឬរងទុក្ខវេទនា ដោយសារអត់បាយនោះទេ។ ដោយសារបច្ចុប្បន្ននេះ ជំងឺកូវីដ១៩ បានកំពុងចរាចរ ស្ទើរគ្រប់ទីកន្លែង លោកអភិបាលខណ្ឌ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ នូវការចូលរួមសហការ ជាមួយអាជ្ញាធរ ក្នុងគ្រា លំបាកនេះ និងស្នើដល់ប្រជាពលរដ្ឋរក្សាការអត់ធ្មត់ និងសូមកុំបំពាន កុំប្រមាថ និងកុំធ្វេសប្រហែសឱ្យសោះ។

លោក ថេង សុថុល បានលើកឡើងទៀតថា ទោះបីជាការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ត្រូវបានបិទបញ្ចប់ ក៏ពិតមែន ប៉ុន្តែសម្រាប់តំបន់ដែលប្រឈមខ្លាំង និងតំបន់ក្រហម អាជ្ញាធរ នៅតែបន្តបិទខ្ទប់ដដែល ហើយការសម្រេច បញ្ចប់ការបិទខ្ទប់នេះ មិនមែនមានន័យថាជំងឺកូវវីដ១៩ លែងមាន ហើយបងប្អូនភ្លេចខ្លួន មិនគិតពីការឆ្លងជំងឺកូវីដ១៩ នោះឡើយ។ ដូច្នេះ ការប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាល និងគោរពវិធានការរដ្ឋបាល តាមការដាក់ចុះរបស់អាជ្ញាធរ មានសមត្ថកិច្ច គឺជាការចាំបាច់បំផុត ដើម្បីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ដែលគោលដៅចម្បង គឺការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ។

ទន្ទឹមនេះ ដោយមើលឃើញតំបន់នេះ មានផ្ទះច្រើនជាប់ៗគ្នា ហើយផ្លូវមានលក្ខណៈតូចចង្អៀត ហើយក្នុងពេលនេះ ជារដូវក្ដៅផងនោះ លោកអភិបាលខណ្ឌ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ មេត្តាប្រុងប្រយ័ត្នចំពោះ គ្រោះអគ្គិភ័យ ដែលអាចកើតឡើងបណ្ដាលមកពីភ្លើងចង្ក្រាន ធូប ទៀន ជាពិសេសបញ្ហាអគ្គីសនី ដោយធ្វើយ៉ាងណា ពិនិត្យឱ្យបានម៉ត់ចត់ កុំមានការធ្វែសប្រហេសឱ្យសោះ ។

បើតាមលោកនាយករដ្ឋបាលខណ្ឌ បានបញ្ជាក់ថា អំណោយដែលចែកជូនក្នុង ១គ្រួសារ ទទួលបាន៖ អង្ករ ១បាវទម្ងន់ ២៥គីឡូក្រាម, មី១កេស, ត្រីខ ១យួរ និងទឹកត្រី ១យួរ៕