(កំពត)៖ លោក ជាវ តាយ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត និជាអភិបាលខេត្តកំពត នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ បានទទួលថវិកា គ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ ជាអំណោយ សប្បុរសធម៌ពីលោក ចៅ ចាយ ឡាំង តំណាងក្រុមហ៊ុនស្ថាបនាផ្លូវ ជឺរជាំង ហួស៊ីន ក្នុងឱកាសអបអរសាទរខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ «ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ១៩ និងកសាងភាពធន់របស់សង្គមជាតិ» ពិធីនេះប្រារព្ធធ្វើឡើងនៅក្នុងបរិវេណសាលាខេត្តកំពត។

ក្នុងឱកាសនោះដែរ លោក ជាវ តាយ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត បានពាំនាំមកនូវប្រសាសន៍ ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះក្រុមហ៊ុន ជឺរជាំង ហួស៊ីន និងបានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តសប្បុរសធម៌របស់ក្រុមហ៊ុន ដែលបាននាំយកនូវគ្រឿងឧបភោគ បរិភោគ និងសម្ភារប្រើប្រាស់ ទាំងនេះប្រគល់ជូនដល់សាខា ហើយសាខានឹងយកគ្រឿងឧបភោគ បរិភោគ សម្ភារ ទាំងនេះទៅចាត់ចែងតាមតម្រូវការ ដើម្បីជួយដល់ជនងាយរងគ្រោះទាំងឡាយ ឲ្យស្របតាមគោលការណ៍គ្រឹះទាំង ៧ប្រការ របស់ចលនាកាកបាទក្រហម និងសូមជូនពរឱ្យក្រុមហ៊ុនប្រកបអាជីវកម្មកាន់តែរីកចម្រើនឡើង។

ថវិកា និងសម្ភារដែលក្រុមហ៊ុនខាងលើ ប្រគល់ជូនសាខារួមមាន៖ ថវិកា ១០,០០០ដុល្លារ និងគ្រឿងឧបភោគ បរិភោគ គិតជាថវិកាស្មើនឹង ៣០,០០០ដុល្លារអាមេរិក៕