(ឧត្ដរមានជ័យ)៖ លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារ នាំអំណោយមនុស្សធម៌របស់ កាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន ៥១គ្រួសារ នៅភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង។

ក្នុងឱកាសនោះដែរលោក ប៉ែន កុសល្យ បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលសម្តេចតែងយកចិត្តទុកដាក់ គិតគូរជានិច្ចពីសុខទុក្ខ និងជីវភាពរបស់នៅរបស់ប្រជាពលរដ្ឋយើង ពិសេសប្រជាពលរដ្ឋក្រីក្រ ក្មេងកំព្រា ស្ត្រីមេម៉ាយ ចាស់ជរាគកមានទីពឹង និងប្រជាពលរដ្ឋងាយរងគ្រោះផ្សេងៗទៀត ពោលគឺទីណាមានការលំបាកទីនោះមានកាកបាទក្រហមកម្ពុជា។

ស្របពេលស្ថានភាពជំងឺកូវី១៩ កំពុងឆ្លងរាលដាលចូលក្នុងសហគមន៍ លោកអភិបាលខេត្តឧត្តរមានជ័យ បានណែនាំសូមឱ្យមានការចូលរួមពីប្រជាពលរដ្ឋ ប្រជាការពារ ក៏ដូចជាមេភូមិមេឃុំ ចៅសង្កាត់ ប្រសិនបើមានចំណូលថ្មី មកតំបន់របស់បងប្អូនសូមរាយការណ៍មកសមត្ថកិច្ច ឬអាចទាក់ទងមកលោកដោយផ្ទាល់ក៏បាន ក្នុងន័យការពារពួកគាត់មកពីតំបន់ហានិភ័យ ឬបុគ្គលដែលបានគេចចេញពីមណ្ឌលធ្វើចិត្តាឡីស័ក ហើយយកជំងឺមកចម្លង ដល់សហគមន៍របស់យើង។

លោក ប៉ែន កុសល្យ បានថ្លែងផ្តាំផ្ញើបន្ថែមដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុត ក្នុងការថែរក្សាសុខភាព ជាពិសេស សូមក្រើនរម្លឹកដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានកុំឱ្យធ្វេសប្រហែសពីជំងឺកូវីដ១៩នេះ ឱ្យសោះ ត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការរបស់រាជរដ្ឋាភិបាល «៣ការពារ ៣កុំ» ផងដែរ ព្រោះបច្ចុប្បន្ននេះ ករណីឆ្លងនៅកម្ពុជាមិនទាន់មានការថមថយនៅឡើយនោះទេ។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋចំនួន ៥១គ្រួសារ ទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥ គីឡូក្រាម, មី១ កេស, ត្រីខ១០ កំប៉ុង ឃីត១ (មុង ភួយ សារុង ក្រមា អាវយឺត) និងថវិកា ៥០,០០០រៀល ដូចៗគ្នា។ ដោយឡែកប្រជាការពារប្រមាណជាង១០នាក់ ទទួលបានថវិកាលើកទឹកចិត្តចំនួន ៥០០,០០០រៀល ដែលប្រចាំការនៅភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ៕