(បន្ទាយមានជ័យ)៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានសម្រេចបើកការធ្វើដំណើរចេញ-ចូលជាធម្មតាឡើងវិញ លើទីតាំងបុរីដួងច័ន្ទ ភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ចាប់ពីម៉ោងសូន្យ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ប៉ុន្តែនៅបន្តបិទខ្ទប់លំនៅដ្ឋានមួយចំនួន ដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩។ នេះបើតាមសេចក្តីដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១នេះ។

តែរដ្ឋបាលខេត្តបន្ទាយមាន នៅបន្តបិទខ្ទប់លំនៅឋានមួយចំនួន រួមមាន៖ លំនៅឋានលេខ j23-j24-J25 -I34B-I43-E25-E40-49-A12 នៃបុរីដួងច័ន្ទ ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រយៈពេល១៤ថ្ងៃ ដោយគិតចាប់ពីវេលាម៉ោងសូន្យនៃថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ រហូតថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាព នៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងព្រឹត្តការណ៍ «សហគមន៍ ២០ កុម្ភៈ ២០២១» នៅក្នុងភូមិសាស្ត្រដែលត្រូវបិទខ្ទប់ និងទប់ស្កាត់ជំងឺនេះមិនឱ្យឆ្លងរីករាលដាលទៅកាន់តំបន់ផ្សេងទៀត។

ក្នុងអំឡុងពេល នៃការអនុវត្តវិធានការបន្តការបិទខ្ទប់នៃលំនៅឋានខាងលើនេះ បុគ្គលគ្រប់រូប ត្រូវបានហាមឃាត់ ការធ្វើដំណើរចេញពីលំនៅឋាន ឬទីសំណាក់បច្ចុប្បន្ន លើកលែងតែក្នុងករណ៏ចាំបាច់ដូចខាងក្រោម៖

* ការធ្វើដំណើរទៅមន្ទីរពេទ្យ មណ្ឌលសុខភាព សម្ភព ទីកន្លែងព្យាបាល ឬឱសថស្ថាន ដោយមូលហេតុសុខភាពតែនៅក្នុងរង្វង់ភូមិសាស្ត្រដែលត្រូវបិទខ្ទប់។ ចំពោះការធ្វើដំណើរដោយមូលហេតុសុខភាពចេញទៅក្រៅរង្វង់ភូមិសាស្ត្រ ដែលត្រូវបិទខ្ទប់នេះ អាចធ្វើទៅបានដោយមានការអនុញ្ញាតពីអាជ្ញាធរដែលទទួលបន្ទុក អនុវត្តវិធានការបិទខ្ទប់ ដោយកំណត់ចំនួនមនុស្សមិនឱ្យលើសពី៤នាក់ សម្រាប់ករណ៌នីមួយៗ។
* ការធ្វើដំណើរដើម្បីទៅបង្ហាញខ្លួនឱ្យមន្ត្រីសុខាភិបាលធ្វើការយកវត្ថុសំណាកទៅវិភាគរកវីរុសកូវីដ១៩ និងដើម្បីទៅទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩។
* ការធ្វើដំណើរទៅកាន់ទីន្លែងលក់ម្ហូបអាហារ ឬគ្រឿងឧបភោគ បរិភោគ និងសម្ភារប្រើប្ផាស់ចាំបាច់ប្រចាំថ្ងៃ ដែលអនុញ្ញាតបើកឲ្យដំណើរការដោយអាជ្ញាធរមានសមត្ថកិច្ច។ ការធ្វើដំណើរក្នុងគោលបំណងនេះអាចធ្វើឡើងដោយសមាជិកយ៉ាងច្រើន០២នាក់ ក្នុង១លំនៅឋាន ឬទីសំណាក់មិនឱ្យលើស០២ដង ក្នុង១សប្តាហ៍ និងក្នុងរង្វង់ភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់
* ការធ្វើដំណើរដោយមូលហេតុចាំបាច់ និងបន្ទាន់ផ្សេងៗទៀតដែលមានការអនុញ្ញាតជាមុនពីអាជ្ញាធរមានសមត្ថកិច្ចដែលទទួលបន្ទុកអនុវត្តវិធានការបិទខ្ទប់។

រាល់ការលើកលែងខាងលើ បុគ្គលគ្រប់រូបមានកាតព្វកិច្ច ត្រូវអនុវត្តវិធានការសុខាភិបាល រួមមាន៖ ការពាក់ម៉ាស់ រក្សាគម្លាតសុវត្ថិភាព ព្រមទាំងប្រកាន់ខ្ជាប់នូវការធ្វើអនាម័យ ដើម្បីសម្លាប់មេរោគ និងការវាស់កម្ដៅ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។

ក្នុងអំឡុងពេល នៃការអនុវត្តវិធានការបន្តបិទខ្ទប់លំនៅឋានខាងលើ ត្រូវបានហាមឃាត់រាល់ការជួបជុំ ឬការប្រមូលផ្ដុំមនុស្សលើកលែងតែ ក្នុងករណីចាំបាច់ដូចខាងក្រោម៖

* ការជួបជុំក្នុងចំណោមសមាជិកគ្រួសារដែលរស់នៅក្នុងលំនៅឋាន ឬទីសំណាក់ជាមួយគ្នា។
* ការជួបជុំរបស់បុគ្គលិកសុខាភិបាល ដើម្បីយកវត្ថុសំណាកបុគ្គលដែលពាក់ពន្ធ័ដោយផ្ទាល់ឬ ដោយប្រយោល ជាមួយអ្នកផ្ទុកជំងឺកូវីដ-១៩ឬដើម្បីយកអ្នកដែលផ្ទុកជំងឺកូវីដ១៩ ក៏ដូចជាបុគ្គលិកសុខាភិបាល ដែលបំពេញការងារសង្គ្រោះបន្ទាន់ផ្សេងទៀត។
* ការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ច កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់លំដាប់ថ្នាក់ក្នុងការបំពេញ។

ការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈរាល់ការលើកលែងខាងលើ បុគ្គលគ្រប់រូបមានកាតព្វកិច្ចត្រូវអនុវត្តវិធានការសុខាភិបាលរួមមាន ៖ ការពាក់ម៉ាស់ និងការរក្សាគម្លាតសុវត្ថិភាព ព្រមទាំងប្រកាន់ខ្ជាប់នូវការធ្វើអនាម័យ ដើម្បីសម្លាប់មេរោគ និងការវាស់កម្តៅក្នុងការប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩៕