(កំពង់ចាម)៖ បន្ទាប់ពីបានទទួលដំណឹងថា ប្រជាពលរដ្ឋចំនួន៤០គ្រួសារ កំពុងប្រឈមបញ្ហាខ្វះទីជម្រក និងស្បៀងអាហារដោយសារខ្យល់ព្យុះកន្រ្ទាក់ កាលពីយប់ថ្ងៃទី០៥ ខែឧសភា, លោក វេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម និងលោកស្រី ម៉ក់ ស៊ីថា នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ បានរៀបចំបេសកកម្មបន្ទាន់មួយ ដើម្បីចុះមកពិនិត្យ និងវាយតម្លៃលើផល ប៉ះពាល់ជាក់ស្តែង និងដោះស្រាយបញ្ហា ជូនប្រជាពលរដ្ឋទាំង៤០គ្រួសារ ដែលមាននៅក្នុងឃុំចំនួន៦ (ឃុំព្រៃចារ សូទិប ស្តើងជ័យ សំពងជ័យ ខ្នុរដំបង និងឃុំផ្តៅជុំ) ឲ្យបានទាន់ពេល។

លោក អួត ឈាងលី អភិបាលស្រុកបានឲ្យដឹងថា ប្រជាពលរដ្ឋកំពុងជួបប្រទះ និងជំនួយបឋម គឺតង់ប្រក់ដំបូលជូនគ្រួសារទាំង៣ ហើយយោងលើការវាយតម្លៃការខូចខាតទាំង៤០ខ្នងផ្ទះ ក្នុងនោះ៣ខ្នងផ្ទះខូចខាតទាំងស្រុង និង៣៧ខ្នងផ្ទះទៀត ខូចខាតដំបូល រួមទាំងដំបូលព្រះវិហារ១ផងដែរ។

ក្នុងនាមឲ្យអាជ្ញាធរស្រុក និងជាពិសេសបងប្អូនប្រជាពលរដ្ឋទាំង៤០គ្រួសារ លោកអភិបាលស្រុក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះលោកប្រធាន ក្រុមការងារ លោកប្រធាន-អនុប្រធានក្រុមការងារ ចុះជួយឃុំទាំង៦ ដែលបានគិតគូយកចិត្តទុកដាក់អំពីសុខទុក្ខ របស់បងប្អូនដែលទទួលរងគ្រោះ ដោយបានជួយឧបត្ថម្ភជាស្បៀង សម្រាប់ទ្រទ្រង់ជីវភាពប្រចាំថ្ងៃ និងសម្ភារប្រើប្រាស់ ជាជម្រកបានទាន់ពេលវេលា។

កាយវិការដ៏ប្រពៃនេះ បានបង្ហាញពីការគិតគូយកចិត្តទុកដាក់ខ្ពស់ ក្នុងការដោះស្រាយនូវរាល់បញ្ហា និងទុក្ខកំបាកជូនបងប្អូនទូទាំងស្រុកជើងព្រៃ បានទាន់ពេលវេលា។

ឧត្តមគតិ និងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងនាមលោកជាប្រធានក្រុមការងារ ចុះស្រុកកំពង់សៀម ធ្វើឲ្យប្រជាពលរដ្ឋចងចាំ និងបន្តគាំទ្រលើការដឹកនាំ របស់ឯកឧត្តមប្រធាន និងសហការីជារៀងរហូត ក្រោមម្លប់សុខសន្តិភាព។

មានមតិសំណេះសំណាល ជាមួយប្រជាពលរដ្ឋរងគ្រោះ លោកក្នុងនាមថ្នាក់ដឹកនាំក្រុមការងារ ចុះជួយស្រុកជើងព្រៃ លោកបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងចូលរួមសោកស្តាយចំពោះការខូចខាតទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋទាំង ៤០គ្រួសារ។

ដើម្បីសម្រាលទុក្ខលំបាករបស់គ្រួសាររងគ្រោះ ព្រឹកនេះ លោករដ្ឋមន្ដ្រី វេង សាខុន ដែលជាប្រធានក្រុមការងារ បានអញ្ជើញចុះមកផ្ទាល់ ដើម្បីពិនិត្យវាយតម្លៃ លើការខូចខាត និងដាក់ចេញនូវគោលនយោបាយ ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋជាបន្ទាន់។

ជាក់ស្តែងអំណោយស្បៀងសង្រោះបន្ទាន់ ដែលបានចែកជូនប្រជាជនចំនួន៤០គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករ២៥គីឡូក្រាម, មីខ្លាឃ្មុំ១កេស, ទឹកស៊ីអ៊ីវ មួយយួរ, ត្រីខមួយកេស និងតង់កៅស៊ូចំនួន៣ ត្រូវបានលោកនាំយកមកចែកជូនប្រជាពលរដ្ឋដោយផ្ទាល់ តំណាងដ៏ខ្ពស់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាតក្រហមកម្ពុជា។

លោកបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង រួមសហការគ្នាបានល្អ ក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ទាំងអាជ្ញាធរមូលដ្ឋាន និងលោកប្រធាន-អនុប្រធាន និងសមាជិកក្រុមការងារចុះជួយឃុំទាំង៦។ កាយវិការដ៏ប្រពៃនេះ បានបង្ហាញឲ្យឃើញពីទំនួលខុសត្រូវខ្ពស់ ចំពោះបញ្ហាជីវភាព សេចក្តីសុខទុក្ខរបស់បងប្អូននៅមូលដ្ឋានគ្រប់កាលៈទេសៈ និងគ្រប់ក្រុមគ្រួសារ។

ក្នុងឱកាសនោះដែរ លោកប្រធាន បានណែនាំឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះធម្មជាតិ ដោយត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការសាងសង់លំនៅឋាន ឲ្យមានភាពធន់នឹងគ្រោះធម្មជាតិ ប្រកបដោយសុវត្ថិភាព ការពារទ្រព្យសម្បត្តិ សត្វពាហន: និងអាយុជីវិត។

ស្ថិតក្នុងស្ថានភាពនៃការរីករាលដាលជំងឺឆ្លងកូវីដ -១៩ ឯកឧត្តមប្រធានបានណែនាំឲ្យបងប្អូនប្រជាពលរដ្ឋត្រូវបង្កើនការថែរក្សាសុខភាព អនុវត្តឲ្យបានតាមការណែនាំរបស់ក្រសួងសុខាភិបាល និងជាពិសេសអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ និង៣កុំ ដើម្បីបង្ការ និងទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ នៅមូលដ្ឋានរបស់ខ្លួនឲ្យបាន។

កម្មវត្ថនៃការជួយឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋរងគ្រោះ សម្រាប់សាងសង់ និងជួសជុលផ្ទះឡើងវិញ រួមមាន៖ ផ្ទះ៣ខ្នងខូចខាតទាំងស្រុង អស់ទឹកប្រាក់សរុបចំនួន ៩,០០០,០០០រៀល, ផ្ទះចំនួន១៦ខ្នងផ្ទះ ខូចខាតកម្រិតមធ្យមអស់ទឹកប្រាក់សរុបចំនួន ៧,២៥០,០០០រៀល និងខូចខាតកម្រិតស្រាលចំនួន២១ខ្នងផ្ទះ អស់ទឹកប្រាក់សរុបចំនួន ២,៦១០,០០០រៀល។

បន្ថែមលើសពីនេះ លោកបានជួយឧបត្ថម្ភជាថវិកាសម្រាប់ត្រៀមបំរុងជួយសង្គ្រោះ និងឧបត្ថម្ភប្រជាជន ដែលជួបនឹងបញ្ហាខ្វះខាតនាពេលខាងមុខ ដែលក្នុងនេះ បានជូនទៅលោកមេឃុំទាំង១០ ក្នុងស្រុកជើងព្រៃ អស់ថវិកាចំនួន ៤,០០០,០០០ រៀល និងឧបត្ថម្ភថវិកា ជូនលោកអភិបាលនៃគណៈអភិបាលស្រុកជើងព្រៃ ចំនួន៥,០០០,០០០រៀល។ សរុបថវិកាដែលបានចំណាយនាថ្ងៃនេះ អស់ចំនួន២៧,៨៦០,០០០រៀល៕