(ភ្នំពេញ)៖ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១នេះ នៅសាលាស្រុកលើកដែក ខេត្តកណ្តាល លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលជួយស្រុកលើកដែក ខេត្តកណ្តាល បានប្រគល់ជំនួយឧបត្ថម្ភរួមមាន៖ អង្ករ២២តោន, មី១៤០០កេស, ត្រីខ១៤០០កេស និងថវិកាមួយចំនួន ជូនដល់ប្រជាពលរដ្ឋជួបការលំបាក ដោយសារការរាតល្បាតជំងឺកូវីដ-១៩ និងគាប់ជួនចំថ្ងៃគំរប់ខួបកំណើតរបស់លោកផង។

ការនាំយកអំណោយនេះ ក្នុងនាមលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះជួយខេត្តកណ្តាល និងលោកស្រីកិត្តិសង្ហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ រដ្ឋសភាជាតិ អនុប្រធានទី១ គណៈអចិន្រ្តៃយ៍ក្រុមការងារ គណបក្សចុះមូលដ្ឋាន ខេត្តកណ្តាល និងជាប្រធានគណអចិន្ត្រៃយ៍ គណពង្រឹងមូលដ្ឋានស្រុកលើកដែក និងក្នុងនាមលោក ហេង រតនា ជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយស្រុកលើកដែក។

ក្នុងនោះ ក៏មានការចូលរួម ពីលោកឧត្តមសេនីយ៍ ចៅ សម្បតិ្ត និងលោក លោកស្រី នៃក្រុមការងាររាជរដ្ឋាភិបាល ចុះជួយស្រុកលើកដែក បានចុះសួរសុខទុក្ខ និងផ្តល់ជំនួយឧបត្ថម្ភ ជាគ្រឿងឧបភោគបរិភោគ ដល់ប្រជាពលរដ្ឋជួបការលំបាក និងកងកម្លាំងជួរមុខទូទាំងស្រុកលើកដែក ក្នុងព្រឹតិ្តការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ នៃការឆ្លងកូវីដ១៩។

សូមបញ្ជាក់បន្ថែមថា តំរូវការដោះស្រាយជូនប្រជាពលរដ្ឋ ជួបការលំបាកទូទាំងស្រុកលើកដែក មានចំនួន៣,៦៨៨គ្រួសារ និងកម្លាំងជួរមុខ ចំនួន៣៣០នាក់ ជាមុខសញ្ញាសំនូមពរជំនួយឧបត្ថម្ភ ដែលរួមមានអង្ករចំនួនជិត៤០តោន, មីចំនួនជិត៥,០០០កេស និងត្រីខជិត៥.០០០កេសនោះ ត្រូវបានក្រុមការងារគណបក្ស និងរាជរដ្ឋាភិបាលចុះជួយស្រុកលើកដែក បានផ្តល់ជូនអាជ្ញាធរមូលដ្ឋានគ្រប់តាមតំរូវការនៃសំនូមពរទាំងស្រុង ដើម្បីអនុវត្តបែងចែកតាមគ្រប់មុខសញ្ញា។

ក្នុងឱកាសនោះ លោក ហេង រតនា ក៏បានផ្តាំផ្ញើថា ជំនួយឧបត្ថម្ភទាំងនេះ ត្រូវបែងចែកដឹកជញ្ជូនទៅដល់ខ្នងផ្ទះ ប្រជាពលរដ្ឋដែលខ្វះខាតផ្ទាល់តែម្តង និងដើម្បីអនុវត្តវិធានការរបស់សម្តេចតេជោ ៣ការពារ និង៣កុំ ឲ្យបានម៉ឺងម៉ាត់មានប្រសិទ្ធភាព ចៀសវាងដាច់ខាតការប្រមូលផ្តុំប្រជាពលរដ្ឋ ដើម្បីផ្តល់ជំនួយទាំងនេះ។

ឆ្លៀតក្នុងឱកាសនេះ លោកសូមកោតសរសើរចំពោះគណបញ្ជាការស្រុកលើកដែក កងកម្លាំងទាំងអស់ និងអាជ្ញាធរមូលដ្ឋានភូមិឃុំស្រុក ដែលបានលះបង់ និងចូលរួមយ៉ាងសកម្ម ក្នុងការអនុវត្តយ៉ាងហ្មត់ចត់ និងម៉ឺងម៉ាត់តាមបទបញ្ជារបស់រាជរដ្ឋាភិបាល ក្នុងយុទ្ធការប្រឆាំងជំងឺកូវីដ១៩ ក្នុងកាលៈទេសៈដ៏ចាំបាច់បំផុតនេះ និងសូមសំដែងនូវអំណរព្រះគុណថ្វាយព្រះថេរាថេរៈគ្រប់ព្រះអង្គ និងសូមអរគុណប្រជាពលរដ្ឋស្រុកលើកដែកទាំងមូល ដែលបានអត់ធ្មត់យោគយល់ព្រមទាំងចូលរួម អនុវត្តតាមវិធានការរាជរដ្ឋាភិបាល ក្នុងសមភូមិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ យ៉ាងសកម្មផងដែរ៕