(ភ្នំពេញ)៖ ថ្នាក់ដឹកនាំមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត ហៅមន្ទីរពេទ្យរុស្ស៊ី បានចេញមក បដិសេធភ្លាមៗ ចំពោះការចោទប្រកាន់មកលើ រថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យថា បានដឹកអ្នកជម្ងឺម្នាក់ យកទៅទម្លាក់ចោល នៅស្រុកស្អាង ខេត្តកណ្តាល កាលពីល្ងាច ថ្ងៃទី៧ ខែមីនា កន្លងទៅនេះ ដោយគ្មានការទទួលខុសត្រូវ ។

សូមបញ្ជាក់់ថា មានការចុះ ផ្សាយលើបណ្តាញសារព័ត៌មាន ក្នុងស្រុកថា នៅល្ងាចថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៦ រថយន្ត សង្គ្រោះបន្ទាន់ (ឡានសាមុយ)របស់មន្ទីរពេទ្យ បានដឹកអ្នកជម្ងឺម្នាក់ឈ្មោះ សន ប៉ោ អាយុ៤៩ឆ្នាំ ទៅទម្លាក់ចោលនៅលើចិញ្ចើមផ្លូវជាតិលេខ២១ ភូមិព្រែកខ្សេវ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ដែលនាំឲ្យមានការរិះគន់យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ។

ចំពោះការចោទប្រកាន់នេះលោក ធួន សេដ្ឋា នាយផ្នែកសាមុយ បានថ្លែងបដិសេធ នៅយប់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៦នេះថា « យើងខ្ញុំជាក្រុមរថយន្តសង្គ្រោះ(សាមុយ) របស់មន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត សូមបដិសេធចំពោះការផ្សាយព័ត៌មាន បំផ្លើស ការពិតដែរថា (នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៦ វេលាម៉ោង១៦ល្ងាច) បានដឹក អ្នកជម្ងឺឈ្មោះ សន បោ ភេទប្រុស អាយុ៤៩ឆ្នាំ ដឹកទៅទម្លាក់ផ្លុងចោល នៅលើចិញ្ចើម ផ្លូវជាតិលេខ២១បេ ក្នុងភូមិព្រែកខ្សេវ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ដែលធ្វើឲ្យ ខូចកេរ្តិ៍ឈ្មោះ របស់ក្រុមសង្គ្រោះ (សាមុយ) នៃមន្ទីរពេទ្យមិត្តភាព ខ្មែរ សូវៀត យើងខ្ញុំ»។

បើតាមលោក ធួន សេដ្ឋា នៅថ្ងៃនោះរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យ ពុំបានដឹកអ្នកជម្ងឺឈ្មោះនេះទេ៕