(ភ្នំពេញ)៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើសារលិខិត ជូនបងប្អូនជនរួមជាតិ ក្នុងឱកាសខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ២០២១ ក្រោមប្រធានបទ «ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ» ដើម្បីឆ្លើយតបទៅនឹងសភាពការណ៍ជាក់ស្តែង នៃការរាលត្បាតជាសកលជំងឺកូវីដ-១៩ នៅទូទាំងពិភពលោកផង និងឆ្លើយតបទៅនឹង សភាពការណ៍បច្ចុប្បន្ននៅកម្ពុជាផង។

ប្រធានបទខាងលើនេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានគូសបញ្ជាក់ ពីការប្តេជ្ញាចិត្តរបស់កាកបាទក្រហមកម្ពុជា ក្នុងការបំផុសកម្លាំងឱ្យចូលរួមក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងកូវីដ-១៩ អនុវត្តវបានខ្ជាប់ខ្ជួន វិធានការសុខាភិបាល វិធានរដ្ឋបាលនានា និងជាពិសេសពង្រឹងយុទ្ធនាការ ៣ការពារ ៣កុំ ២ចូលរួម និងបន្តរួមកម្លាំងគ្នាជាចរន្តជាតិមួយ ក្នុងការជំនះគ្រប់ឧបសគ្គ ដើម្បីប្រក្រតីភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមគន្លងថ្មី និងកសាងភាពធន់របស់សង្គមជាតិ។

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងបន្ដថា «ក្នុងឱកាសដ៏វិសេសវិសាលនេះ ខ្ញុំម្ចាស់ និងសហការីនៃកាកបាទក្រហមកម្ពុជា សូមវន្ទាក្រាបបង្គំដោយគារវភក្តីភាព និងកតញ្ញុតាធម៌ដ៏ជ្រាលជ្រៅបំផុតថ្វាយ ព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ដែលតែងតែប្រោសព្រះរាជទាន ព្រះរាជួបត្ថម្ភព្រះរាជទ្រព្យដល់កាកបាទក្រហមកម្ពុជា ប្រចាំខែ ប្រចាំត្រីមាស ក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម និងក្នុងឱកាសផ្សេងៗទៀតជារៀងរាល់ឆ្នាំ»។

ជាក់ស្តែង ក្នុងឱកាសទិវា ៨ឧសភា ឆ្នាំ២០២១នេះ ព្រះអង្គទាំងទ្វេបានប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ចំនួន ១០ម៉ឺនដុល្លារអាមេរិក។ លើសពីនេះទៅទៀតនោះ ព្រះអង្គទាំងទ្វេ នៅបានបរិច្ចាគព្រះរាជទ្រព្យដ៏ច្រើនសន្ធឹកសន្ធាប់ព្រះរាជូបត្ថម្ភ ដល់ប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដល់តម្រូវការនៃការទិញវ៉ាក់សាំង សម្រាប់ចាក់ជូនប្រជានុរាស្ត្រ ដល់តម្រូវការបំពាក់ឧបករណ៍នៅមន្ទីរពេទ្យហ្លួងម៉ែ ផ្ដល់ព្រះរាជអំណោយ ដល់ប្រជារាស្ត្រក្នុងតំបន់ក្រហម និងបិទខ្ទប់ និងនៅក្នុងការជួយដល់ប្រជានុរាស្ត្ររងគ្រោះដោយទឹកជំនន់ ធ្ងន់ធ្ងរ និងគ្រោះមហន្តរាយផ្សេងៗក្នុងឆ្នាំ២០២០។

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះ សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា សប្បុរសជនជាតិ-អន្តរជាតិ ទាំងក្នុង និងក្រៅប្រទេស ស្ថាប័ននីតិប្បញ្ញត្តិ ព្រមទាំងរាជរដ្ឋាភិបាល វិស័យឯកជន ដៃគូសហប្រតិបត្តិការទាំងអស់ ដែលតែងតែផ្ដល់ការគាំទ្រទាំងស្មារតី សម្ភារ និងធនធានហិរញ្ញវត្ថុ ជួយជំរុញឱ្យសមាគមជាតិ កាកបាទក្រហមមួយនេះ អាចបំពេញបានយ៉ាងសក្ដិសម នូវបេសកកម្មមនុស្សធម៌។

ជាមួយគ្នានេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងអំណរគុណ និងកោតសរសើរចំពោះ ថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា សាខា-អនុសាខា អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជា និងអាជ្ញាធរដែនដី កងកម្លាំងគ្រប់ប្រភេទនៅទូទាំងប្រទេស ដែលបាននិង កំពុងចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជួយដោះស្រាយទុក្ខលំបាក របស់ប្រជាពលរដ្ឋរស់នៅតំបន់បិទខ្ទប់ និងតំបន់ផ្សេងៗទៀតនៅទូទាំងប្រទេស រួមជាមួយនឹងការពង្រឹង បន្ថែមទៀតនូវសកម្មភាពមនុស្សធម៌ ដើម្បីកសាងភាពធន់របស់សហគមន៍ និងសង្គមជាតិ រហូតសម្រេចបាន នូវសមិទ្ធផលសំខាន់ៗក្នុងឆ្នាំ២០២០ ដែលរួមមាន៖

* រក្សាបានការផ្តល់ថវិកា ១លានដុល្លារអាមេរិក សម្រាប់ជួយឧបត្ថម្ភដល់មន្ទីរពេទ្យកុមារគន្ធបុប្ផា និង មន្ទីរពេទ្យកុមារអង្គរ ចំនួន ២ម៉ឺនដុល្លារអាមេរិក
* ផ្តល់អំណោយសម្រាលទុក្ខលំបាករបស់គ្រួសាររងគ្រោះ និងងាយរងគ្រោះបានចំនួន ១១១,៧៨៤ គ្រួសារពិសេសដល់ប្រជាជន ដែលទទួលរងនូវការរាតត្បាតដោយជំងឺកូវីដ-១៩ ដ៏កាចសាហាវ
* អប់រំផ្សព្វផ្សាយស្តីពីហានិភ័យ និងទប់ស្កាត់ជំងឺរាតត្បាតជាសកលកូវីដ-១៩ តាមរយៈសកម្មភាព អ្នកស្ម័គ្រចិត្តចុះផ្ទាល់ដល់លំនៅឋាន សម្រេចបានជាង ១លានគ្រួសារ។ រីឯការអប់រំផ្សព្វផ្សាយ លើកកម្ពស់ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី សម្រេចបាន ៤៧៧លើក មានអ្នកចូលរួមដោយផ្ទាល់ចំនួន ៦៤,៦០២នាក់
* បានកសាងលំនៅឋាន ផ្តល់ជម្រកដល់គ្រួសារឥតទីពឹង ចំនួន ៦៩ខ្នងផ្ទះ និងបានចាប់ផ្តើមឧបត្ថម្ភ ដល់ការសាងសង់ផ្ទះជូនអតីតយុទ្ធជន តាមរយៈសមាគមអតីតយុទ្ធជន ដែលក្នុងជំហានដំបូង គឺថវិកាចំនួន ៥០ម៉ឺនដុល្លារ សម្រាប់ផ្ទះ ១៦៦ខ្នង។
* ជីកអណ្តូងបានចំនួន ២១១អណ្ដូង សម្រាប់គ្រួសារតាមជនបទដាច់ស្រយាលចំនួន ៤,៧៣៧គ្រួសារ និងសាងសង់បង្គន់អនាម័យ សម្រេចបានចំនួន ៣២០បង្គន់
* ផ្តល់ប្រាក់កម្ចី សម្រាប់ជាដើមទុនលើកកម្ពស់ជីវភាពអ្នកងាយរងគ្រោះបំផុត បានចំនួន ២៩៦គ្រួសារ នៅតំបន់ប្រឈមគ្រោះថ្នាក់ដោយសារមីន៕

ខាងក្រោមនេះ ជាសារលិខិត របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ២០២១៖