(ភ្នំពញ)៖ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១នេះ Facebook ឈ្មោះ «កម្ចាត់ជនក្បត់» បានបន្តបង្ហាញពីផែនការធ្វើសកម្មភាពខុសច្បាប់ របស់ក្រុមចលនាមាតាធម្មជាតិ។ បើយោងតាមឯកសារ និងភស្តុតាងមួយចំនួនដែលបង្ហោះនៅលើ Facebook មួយនេះបានរៀបរាប់ជាមួយខ្លឹមសារទាំងស្រុងថា៖

ភស្តុតាងដែលមន្ត្រីស៊ើបអង្កេតលើករណីចលនាមាតាធម្មជាតិ បានបង្ហើបឱ្យដឹងថា ជនជាតិអេស្បាញ ឈ្មោះអេឡិច ហ្គន់សេឡេស ដេវិតសុន ដែលចូលមកក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ ២០០៦ ទោះបីជាត្រូវបាន បណ្តេញចេញពីប្រទេសកម្ពុជាក្តី តែបុគ្គលនេះនៅតែបន្តសកម្មភាពធ្វើវិទ្ធង្សនាប្រឆាំងនឹងកម្ពុជា ដោយទទួលប្រាក់ជំនួយពីម្ចាស់ជំនួយបរទេសនានា និងការគាំទ្រទាំងថវិកាពីសកម្មជន និងគាំទ្រនយោបាយពីអតីតគណបក្សសង្គ្រោះជាតិ។

រាល់ផែនការសកម្មភាពដែលបានរៀបចំឡើងដែលមានក្រុមយុវជនក្នុងស្រុកជាអ្នកអនុវត្ត ត្រូវបានគូសវាសនិងដឹកនាំធ្វើដោយជនបរទេស ហើយមានគោលដៅញុះញង់ និងបង្កចលាចលសង្គមនិងធ្វើឱ្យមានការងើបបះបោរប្រឆាំងនឹងរដ្ឋាភិបាលលើវិស័យផ្សេងៗ ជាពិសេសចលនាមាតាធម្មជាតិបានជ្រើសរើស មុខព្រួញមួយចំនួន ដើម្បីវាយប្រហារគឺអាជីវកម្មខ្សាច់ ប្រឆាំងនឹងវិនិយោគទុនចិននៅកោះកុង និងព្រះសីហនុ ទំនប់អគ្គិសនីសេសានក្រោម ២ និងលើអាជីវកម្មមាស និងគម្រោងវិនិយោគជាច្រើនទៀត។

ចលនាមាតាធម្មជាតិនេះគឺជាឈ្មោះប្រើ ដើម្បីបន្តសកម្មភាពវិទ្ធង្សនារបស់ពួកគេ ក្រោយពេលដែលអង្គការមាតាធម្មជាតិដែលអាឡិចធ្លាប់ជ្រកត្រូវបានភិក្ខុ ព្រហ្ម ធម្មជាតិ ជាប្រធានស្ថាបនិកអង្គការនេះស្នើសុំក្រសួងមហាផ្ទៃលុនឈ្មោះចេញពីបញ្ជីក្រោយបានរកឃើញថា អាឡិច ក្នុងអនុប្រធានអង្គការមាតាធម្មជាតិ បានយកត្រាអង្គការប្រើប្រាស់តាំងពីឆ្នាំ ២០១៣ និងបានធ្វើសកម្មភាពផ្ទុយនឹងលក្ខន្តិកៈរបស់អង្គការ និងបង្កការស្មុគស្មាញជាច្រើនដល់ថ្នាក់ដឹកនាំអង្គការ។ បញ្ជីហិរញ្ញវត្ថុរបស់អង្គការមាតាធម្មជាតិត្រូវបានគ្រប់គ្រងដោយ អាឡិច។ អាឡិចគ្រប់គ្រងទាំងហិរញ្ញវត្ថុ និងបន្ទាត់នយោបាយអង្គការ។ ដើម្បីកុំឱ្យមានបញ្ហាដល់អង្គការតទៅទៀត សូមប្រកាសរំលាយអង្គការមាតាធម្មជាតិពីថ្ងៃទី២៣ ខែសីហា ឆ្នាំ ២០១៧ ដោយបានដាក់សំណើទៅកាន់ក្រសួងមហាផ្ទៃ។

ក្បាលម៉ាស៊ីនដឹកនាំនៅក្រៅ ធ្វើសកម្មភាពនៅខាងក្នុង។ អាឡិចបន្តដឹកនាំចលនាមាតាធម្មជាតិពីខាងក្រៅប្រទេសដោយបានផ្តល់នូវការណែនាំ និងបទបញ្ជាផ្សេងៗដល់ក្រុមយុវជនដែលខ្លួនបានបំពេញ ការងារនៅពេលមានវត្តមាន នៅក្នុងប្រទេស។ ថុន រដ្ឋា គឺជាយុវជនម្នាក់ដែលបានចូលរួមសកម្មភាពជាមួយអាឡិចតាំងតែពីដើមដំបូងមកម្ល៉េះ និងបានបន្តធ្វើសកម្មភាព ដឹកមុខក្នុងចំណោមយុវជនផ្សេងទៀតក្នុងការធ្វើសកម្មភាពប្រឆាំងនានា។ សកម្មភាពដឹកនាំដោយ អាឡិច បានធ្វើគឺស្ថិតក្រោមឆ័ត្រអង្គការមាតាធម្មជាតិ និងក្រោយមកជាចលនាមាតាធម្មជាតិ គឺបម្រើឱ្យបុព្វហេតុក្រុមប្រឆាំងយ៉ាងពិតប្រាកដ ជាពិសេសចិញ្ចឹមទំនាស់លើអាជីវកម្មខ្សាច់ និងធនធានធម្មជាតិ និងបង្កការញុះញង់ក្រោមរូបភាពធ្វើជាអ្នកស្រឡាញ់និងឈឺឆ្អាលលើការងារបរិស្ថាននិងធនធានធម្មជាតិ។

រាល់ព័ត៌មាន ដែលចលនាមាតាធម្មជាតិបានបញ្ចេញផ្សព្វផ្សាយត្រូវបានបន្ទរ ដោយក្រុមបក្សប្រឆាំងជាពិសេសក្រុមអ្នកនយោបាយរត់ចោលគុកមួយចំនួន និងវិទ្យុបរទេស និងសារព័ត៌មានក្នុងស្រុកមួយចំនួនដែល ទទួលលុយជំនួយពីបរទេសជាឧបករណ៍ឃោសនានយោបាយរបស់ក្រុមឧទ្ទាមក្រៅច្បាប់។

ដោយសារតែអាឡិច និងចលនាមាតាធម្មជាតិគឺជាឧបករណ៍នយោបាយដាច់ថ្លៃរបស់ក្រុមប្រឆាំងជ្រុលនិយម ហេតុដូច្នេះបានជាពេលដែលក្រុមចលនាមាតាធម្មជាតិ រំលោភបំពានច្បាប់ គឺក្រុមប្រឆាំងជ្រុល និយមរួមនឹងសមាគមនិងអង្គការក្រៅរដ្ឋាភិបាលជាតិនិងអន្តរជាតិមួយចំនួន រួមនឹងជនបរទេសខ្លះ ដែលមាននិន្នាការលម្អៀងមួយចំនួន បានចេញមុខមកការពារព្រោះអ្នកទាំងនេះគឺជាកូនអុកដ៏សំខាន់របស់ពួកគេក្នុងការបង្កចលាចល និងញុះញង់ប្រជាពលរដ្ឋហើយប្រធានបទទាក់ទងនឹងបញ្ហាបរិស្ថាន និងធនធាន ធម្មជាតិនេះ ត្រូវបានក្រុមប្រឆាំងជ្រុលនិយម និងចៅហ្វាយនាយរបស់ពួកគេប្រើប្រាស់ ដើម្បីបញ្ឆេះកំហឹង ប្រជាពលរដ្ឋរួមជាមួយបញ្ហាសង្គមមួយចំនួនទៀត។ ហេតុដូច្នេះបានជាក្រុមប្រឆាំងមិនបានចូលរួមក្នុងការ ដោះស្រាយបញ្ហាប្រឈមទាំងឡាយឡើយ ប៉ុន្តែពួកគេ បានត្រឹមតែនិយាយបរិហារ និងទាញចំណេញនយោបាយប៉ុណ្ណោះ។ នេះគឺជាវិធីសាស្ត្រនៃការចិញ្ចឹមទំនាស់របស់ពួកគេ។

ក្នុងរយៈពេលចុងក្រោយនេះ ខណៈក្រុមប្រឆាំងជ្រុលនិយមដឹកនាំដោយ សម រង្ស៊ី បានស្រែកញុះ ញង់ប្រជាពលរដ្ឋតាមប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គម និងតាមវិទ្យុបរទេសមួយចំនួន និងអនុវត្តផែនការ រដ្ឋប្រហាររលូតថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ អាឡិចដែលជាមេចលនាមាតាធម្មជាតិក្រៅច្បាប់ បានចូលរួមយ៉ាងសកម្មក្នុងការញុះញង់ និងបានអំពាវនាវឱ្យប្រជាពលរដ្ឋនៅមូលដ្ឋានក្រោកឈរឡើងដើម្បីរើបម្រះ។ នៅសហរដ្ឋអាម៉េរិកកាលពីខែឧសភា ឆ្នាំ២០១៩ អាឡិចបានចូលរួមនៅក្នុងជំនួបជាមួយក្រុមសមាជិកនៃអតីតគណបក្សសង្គ្រោះជាតិ ដែលនៅពេលសកម្មជននៃអតីតបក្សនេះលើកឡើងអំពីការរួមគ្នា ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា។ អាឡិចបានទះអះអបអរសាទរ។

ភស្តុតាង និងទង្វើដែលជនបរ ទេសរូបនេះបានធ្វើ គឺមានភាពស៊ីសង្វាក់គ្នាទៅនឹងអ្វីដែលជាផែនការរបស់ក្រុមប្រឆាំងជ្រុលនិយមជាពិសេសអ្វីដែលមេឧបឃាត សម រង្ស៊ី បានរៀបចំឡើង គឺបង្កភាពចលនា ធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សង្គមដើម្បីពួកគេបំផ្ទុះបដិវត្តន៍ពណ៌។ សូម្បីតែជាតិ និងប្រជាជនកម្ពុជាកំពុងជួបនឹងវិបត្តិនៃជំងឺកូវីដ ពួកក្រុមប្រឆាំងទាំងនេះមិនបានជួយអ្វីសូម្បីតែបន្តិច តែពួកគេបានញុះញង់ និងបន្តអនុវត្តផែនការចាស់របស់ពួកគេ។ នៅក្នុងកិច្ចសម្ភាសជាមួយអ្នកកាសែតក្នុងស្រុកមួយនៅថ្ងៃទី៥ ខែឧសភា ក្រោយការចេញសាលក្រម អាឡិចបានថ្លែង ទទួលស្គាល់និងបង្ហាញរបៀបវារៈនយោបាយទុច្ចរិតរបស់ខ្លួន ដែលធ្វើសកម្មភាពក្រោមលេសបរិស្ថានដោយលើកឡើងថា៖ «ការប្រយុទ្ធរបស់យើង មិនមែនធ្វើឡើងសម្រាប់ កិច្ចការពារបរិស្ថានតែមួយប៉ុណ្ណោះទេ ប៉ុន្តែក៏ដើម្បីប្រជាជាតិ [ខ្មែរ]ដែលមានយុត្តិធម៌ និងប្រជាធិបតេយ្យ ពិតប្រាកដមួយឱ្យកាន់តែខ្លាំងក្លាថែមទៀត»។

នៅយប់ថ្ងៃទី៦ ខែឧសភា តាមរយៈការផ្សាយរបស់ឌឹ ខេមបូឌា ដេលី មេចលនាមាតាធម្មជាតិ អាឡិច ហ្គន់សាឡេស បានញុះញង់ប្រជាពលរដ្ឋសាជាថ្មីឱ្យបះបោរ ងើបប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់ ដោយញុះញង់ថា «ខ្មែរអត់មានជម្រើសណាមួយ ក្រៅតែពីប្រើគ្រប់មធ្យោបាយដើម្បីជំរុញឱ្យមានការផ្លាស់ប្ដូរក្បាលម៉ាស៊ីននៃរដ្ឋ»។ នេះបង្ហាញយ៉ាងច្បាស់ពីការអនុវត្តផែនការបដិវត្តន៍ពណ៌របស់ក្រុមប្រឆាំងជ្រុលនិយម ដោយមានការចូលរួមពីសមាគម និងអង្គការសង្គមស៊ីវិលមួយចំនួនទាំងស្របច្បាប់ និងមិនស្របច្បាប់ ក្នុងនោះ ចលនាមាតាធម្មជាតិគឺជាឧបករណ៍ដ៏សំខាន់មួយនៃការបំផ្ទុះផែនការបដិវត្តន៍ពណ៌ដែលជ្រោកក្រោមស្លាកបរិស្ថាន៕