(ភ្នំពេញ)៖ ក្រោយទទួលបានព័ត៌មាន ពីកម្មករកម្មការិនី ដែលរស់នៅក្នុងផ្ទះជួលតាមបណ្តោយវេងស្រេង ស្ថិតនៅក្នុងភូមិ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ដែលមានការខ្វះខាតស្បៀងអាហារ និងមានបញ្ហាពាក់ព័ន្ធ នឹងតម្លៃផ្ទះជួលផងដែរនោះ នៅល្ងាចថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំអាជ្ញាធរខណ្ឌ និងសង្កាត់ ចុះទៅធ្វើការសម្របសម្រួលជាមួយកម្មករទាំងនេះ ដោយម្ចាស់ផ្ទះបានឯកភាព មិនតំឡើងថ្លៃបន្ទប់នោះទេ។

តាមប្រភពព័ត៌មាន ដែលបានបង្ហាញតាមរយៈបណ្ដាញសង្គម ជុំវិញកម្មករ កម្មការិនី ដែលរស់នៅទីនោះ បានបញ្ជាក់ថា ពួកគាត់បានជួលបន្ទប់ជួល នៅទីតាំងខាងលើ ចំនួន ៤៧០បន្ទប់ ហើយក្រោយពីមានព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈនោះ ម្ចាស់ផ្ទះជួលបានបញ្ចុះតម្លៃជួល ២០ដុល្លារ ក្នុងមួយបន្ទប់ជូន ដើម្បីរំលែកការលំបាករបស់ពួកគាត់ ខណៈដែលរោងចក្រត្រូវបានបិទទ្វារដែរនោះ។

តែក្នុងរយៈពេលចុងក្រោយនេះ ពោលគឺក្រោយពីរាជរដ្ឋាភិបាល បានបើកឲ្យមានការធ្វើចរាចរណ៍ឡើងវិញ ម្ចាស់ផ្ទះជួលបានឡើងថ្លៃដូចដើមវិញ ដែលធ្វើឱ្យកម្មករ កម្មការិនី រស់នៅតំបន់ក្រហម និងមិនទាន់មានការងារធ្វើវិញផងនោះ កើតទុក្ខមិនសុខចិត្តចំពោះការឡើងថ្លៃនេះ។ ការតវ៉ានោះ ក្រោយពីមានការសម្របសម្រួលពីអភិបាលរាជធានីភ្នំពេញ ម្ចាស់ផ្ទះជួលបានយល់ព្រមជាមួយអាជ្ញាធរ ដោយបញ្ចុះតម្លៃ ២០ដុល្លារនេះ ដូចដើមវិញ។

ជាមួយគ្នានោះដែរ លោក ឃួង ស្រេង ក៏បានជួយឧបត្ថម្ភ កម្មករ កម្មការិនី ទាំង៤៧០បន្ទប់ផងដែរ ដោយក្នុងមួយបន្ទប់ ទទួលបានអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នូវអង្ករ ១បាវ ទម្ងន់២៥គីឡូក្រាម មី ១កេស ត្រីខ១០កំប៉ុង និងទឹកត្រី ១យួរ ហើយអំណោយទាំងនេះ នឹងយកទៅចែកជូនទៅដល់មុខបន្ទប់ជួលរបស់កម្មករតែម្ដង។

បន្លែមពីលើនេះទៀត ចំពោះតម្លៃភ្លើងអគ្គីសនី អភិបាលរាជធានីភ្នំពេញ បានសម្របសម្រួលឱ្យកម្មករ ជំពាក់ជាបំណុលសិន ចាំពេលក្រោយនឹងមានការដោះស្រាយបំណុលនេះវិញ៕