(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងដំណាក់កាលនេះ បានបញ្ចេញស្បៀងអាហារ ដើម្បីចែកជូនពលរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់ មិនធ្លាប់មាននាពេលកន្លងមក។ សកម្មភាពរបស់សម្ដេចតេជោ មានគោលបំណងចង់ជួយចែករំលែកការលំបាករបស់ប្រជាពលរដ្ឋ ចៀសផុតពីកូវីដ-១៩។

នេះជាការលើកឡើងរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ តាមរយៈ video conference នៅរសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ ដើម្បីជំរុញឲ្យការងារនៃការបង្ការទប់ស្កាត់នូវជំងឺកូវីដ-១៩ កាន់តែមានប្រសិទ្ធភាពថែមទៀត អាចឈានទៅកាត់ផ្ដាច់បាន នូវការរីករាលដាលនៃជំងឺកាចសាហាវនេះ។

លោក ឃួង ស្រេង បានថ្លែងថា ការប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នារសៀលនេះ គឺដើម្បីត្រួតពិនិត្យការងារមួយចំនួនរបស់អាជ្ញាធរខណ្ឌ ស្វែងរកចំណុចខ្វះខាត បញ្ហាប្រឈមនានា ក្នុងគោលបំណងយកមកអនុវត្តឲ្យចំគោលដៅ ឈានទៅដល់ការផ្តាច់ជំងឺរាតត្បាតកូវីដ-១៩នេះចេញ ពីតំបន់ក្រហម។

លោក ឃួង ស្រេង បានណែនាំថា តំបន់ក្រហម ក្រៅពីការបិទខ្ទប់ហើយ កម្លាំងត្រូវល្បាតខាងក្នុង ជាមួយនិងការដាក់មីក្រូផ្សព្វផ្សាយ ឲ្យពួកគាត់ចូលរួមអនុវត្តទៅតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងអាជ្ញាធរ សំដៅធ្វើយ៉ាងណា កុំឲ្យរីករាលដាលកូវីដ-១៩នេះ នៅក្នុងតំបន់ និងទៅក្រៅតំបន់។ ជាងនេះទៀតក៏ត្រូវមើលពីបញ្ហាជីវភាពរបស់ពួកគាត់ បើមានការខ្វះខាតយើងជួយផ្តល់ជូនពួកគាត់ភ្លាម។

ចំពោះវិធានការបិទខ្ទប់នៅតំបន់ក្រហមនេះដែរ លោក ឃួង ស្រេង ក៏បានណែនាំឱ្យអាជ្ញាធរខណ្ឌទាំងអស់ដែល មូលដ្ឋានរបស់ខ្លួនមានតំបន់ក្រហម ត្រូវអនុវត្តការងារកុំតឹងរ៉ឹងពេក ហើយក៏កុំធូរពេកដែរ មានន័យថា បើពួកគាត់មានការចាំបាច់ មាននៅក្នុងការសម្រេចរបស់រាជរដ្ឋាភិបាល សម្រួលពួកគាត់បានចេញចូល។

គួរបញ្ជាក់ថា ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ តាមរយៈ video conference នេះដែរ អភិបាលខណ្ឌពាក់ព័ន្ធមួយចំនួន ក៏បានរាយការណ៍អំពីស្ថានភាពនានានៅក្នុងមូលដ្ឋានរបស់ខ្លួន ជុំវិញការវិវត្តនានានៃកូវីដ-១៩ ដើម្បីយកចំណុចទាំងនោះ មកពិភាក្សាគ្នា ស្វែងរកចំណុចល្អៗ ដែលធ្វើយ៉ាងណា ដែលអាចឈានទៅដល់ការផ្តាច់កូវីដ-១៩ បានជោគជ័យ នៅពេលដ៏ខ្លីខាងមុខនេះ៕