(កំពង់ឆ្នាំង)៖ ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់១០គ្រួសារ នៅឃុំអូរឫស្សី និងឃុំពានី ក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ទទួលបានអំណោយពីសប្បុរសជន តាមរយៈនគរបាលស្រុកកំពង់ត្រឡាច នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១។

លោក ហាក់ ប៊ុន្នី អធិការរងនគរបាលស្រុកកំពង់ត្រឡាច បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី៧ ខែឧសភានេះ ឱ្យដឹងថា ដោយអនុវត្តតាមការណែនាំរបស់លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ក្នុងការកៀរគររកការឧបត្ថម្ភពីសប្បុរសជន ដើម្បីជួយដល់គ្រួសារក្រីក្រ ដែលកំពុងរងគ្រោះដោយសារខ្យល់កន្ត្រាក់ កាលពីយប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ កន្លងទៅនេះ គឺមានការចូលរួមឧបត្ថម្ភពីសប្បុរសជនជាច្រើន តាមរយៈលោកអធិការនគរបាលស្រុកកំពង់ត្រឡាច។

លោកបានបន្តឱ្យដឹងទៀតថា អំណោយដែលបានមកពីសប្បុរសជនទាំងអស់ខាងលើនេះ ត្រូវបានលោកវរសេនីយ៍ឯក នន ស៊ីណាត អធិការនគរបាលស្រុកកំពង់ត្រឡាច ចាត់តំណាងឱ្យនាំយកទៅចែកជូនដល់គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់នៅក្នុងឃុំអូរឫស្សីចំនួន៥គ្រួសារ និងឃុំពានីចំនួន៥គ្រួសារ ដែលពួកគាត់កំពុងតែជួបការខ្វះ ខាតដោយវិបត្តិកូវីដ១៩ ហើយជាអកុសលបានជួបគ្រោះធម្មជាតិដោយខ្យល់កន្ត្រាក់បណ្ដាលឱ្យរលំ និងប៉ើងដំបូលផ្ទះរបស់ពួកគាត់អស់មួយចំនួនទៀត។

អំណោយទាំងអស់នេះបានមកពីសប្បុរសជនមួយចំនួន និងបានមកពីកងកម្លាំងមួយចំនួន ហើយត្រូវបានលោកវរសេនីយ៍ឯក នន ស៊ីណាត ចាត់មន្ត្រីឱ្យចុះចែកជូនដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋដែលទទួលរងគ្រោះ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ២៥គីឡូក្រាម និងគ្រឿងឧបភោគបរិភោគមួយចំនួន សម្រាប់ដោះស្រាយជីវភាពបានមួយគ្រាហ៍ ក្នុងអំឡុងបរិបទជំងឺកូវីដ១៩នេះ។

ទន្ទឹមនេះ កងកម្លាំងនគរបាលស្រុកកំពង់ត្រឡាច ដោយអនុវត្តតាមបទបញ្ជារបស់លោកស្នងការបានចូលរួមជួយជួសជុលលំនៅឋានរបស់ប្រជាពលរដ្ឋដែលបានរងគ្រោះដោយខ្យល់កន្ត្រាក់ខូចខាតលំនៅឋានអស់ចំនួន២០ខ្នងផ្ទះ ក្នុងនោះដួលរលំដល់ដី ៧ខ្នង និងរបើកដំបូលចំនួន១៣ខ្នង។

ឆ្លៀតក្នុងឱកាសនេះ ជំនួសមុខឱ្យលោកអធិការស្រុកកំពង់ត្រឡាច លោក ហាក់ ប៊ុន្នី អធិការរង ក៏សូមថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលបានបរិច្ចាគនូវធនធានផ្ទាល់ខ្លួន ចូលរួមរំលែកនូវទុកលំបាកដរបស់ប្រជាពលរដ្ឋរដែលរងគ្រោះដោយខ្យល់កន្ត្រាក់ខាងលើនេះ សូមឱ្យសប្បុរសជនទាំងអស់ជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើន ជៀសផុតពីរោគាទាំងឡាយ និងរកស៊ីមាន បានគ្រប់ក្រុមគ្រួសារ៕