(ត្បូងឃ្មុំ)៖ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តត្បូងឃ្មុំ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ក្រុមការងារ អាជ្ញាធរមូលដ្ឋាន ឃុំស្រុក មន្ទីរអង្គភាពពាក់ព័ន្ធក្រុមគ្រឿងចក្រ កងកម្លាំងការពារសម្របសម្រួល សណ្តាប់ធ្នាប់ បានខិតខំប្រឹងប្រែង ពុះពារ រៀបចំលើកដាំ «ដើមពោធិ៍អ្នកតាក្រហមក» បញ្ឈឡើងវិញ ក្រោយដួលរលំដោយសារខ្យល់កន្ត្រាក់។

លោក ហាក់ សុខមករា អភិបាលរងខេត្តត្បូងឃ្មុំ ដែលបានដឹកនាំក្រុមការងារ និងមន្រ្តីអាជ្ញាធរចុះទៅរៀបចំដាំដើមឈើអាយុកាលរាប់រយឆ្នាំនេះឡើងវិញ បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា ក្រោយមានការណែនាំពី លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា និងអភិបាលខេត្តត្បូងឃ្មុំ លោករួមជាមួយអភិបាលស្រុក បានដឹកនាំធ្វើការងារនេះបានរួចជាស្ថាពរក្នុងរយៈពេល ៩ម៉ោង។

ក្រោយបញ្ចប់ការងារដោយជោគជ័យ លោកឧបនាយករដ្ឋមន្រ្តី បានផ្តាំថ្លែងអំណរគុណដល់ក្រុមការងារ និងអាជ្ញាធរទាំងអស់ ដែលបានរួមគ្នាទាំងយប់ដើម្បីធ្វើកិច្ចការងារទាន់ពេលវេលា និងអាចបន្តដាំដើមឈើនៅក្នុងតំបន់ ប្រវត្តិសាស្រ្តមួយនេះឡើងវិញ។

នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១នេះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ក៏បានដឹកនាំថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងអាជ្ញាធរស្រុក ចុះពិនិត្យដំណើរការរៀបចំដាំឡើងវិញនូវដើមពោធិ៍ដ៏ធំមួយដើម ដែលមានអាយុកាលរាប់រយឆ្នាំ គឺ «ដើមពោធិ៍លោកតាក្រហមក» ដែលដួលរលំដោយខ្យល់កន្ត្រាក់ ល្ងាចថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ ខណ:មានការយល់ច្រលំថាជា «ដើមពោធិ៍ប្រវត្តិសាស្ត្រស្នេហាទុំទាវ» នៅក្បែរនោះ មានចម្ងាយប្រមាណ៧០ម៉ែត្រពីគ្នា ដែលស្ថិតនៅភូមិជើងខាល ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ក្នុងឳកាសនោះ លោកបណ្ឌិតអភិបាលខេត្ត បានធ្វើការសែនព្រេន ទៅតាមទំនៀមទំលាប់ប្រពៃណីសាសនា និងណែនាំឲ្យមន្ទីរជំនាញ និងអាជ្ញាធរស្រុករៀបចំបច្ចេកទេស ពន្លឿនការដាំឡើងវិញ រៀបចំកែសម្រួលសោភ័ណភាព បន្តអភិរក្សតំបន់ប្រវត្តិសាស្ត្រនេះ រហូតនារសៀលថ្ងៃដដែលនេះ បានធ្វើការស្ទូចដាំរួចរាល់ជាស្ថាពរ។

សូមជម្រាបថា បន្ទាប់ពីទទួលដំណឹងពីការដួលរលំនេះ ភ្លាមៗក្រោមការណែនាំពីលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តត្បូងឃ្មុំ លោកបណ្ឌិត អភិបាលខេត្ត បានចំណាត់ការទាំងយប់ឲ្យអាជ្ញាធរស្រុក សហការជាមួយមន្ទីរពាក់ព័ន្ធ ចុះទៅដល់ទីតាំង នឹងត្រៀមគ្រឿងចក្របច្ចេកទេស ដើម្បីធ្វើការស្ទូចលើករៀបចំដាំឡើងវិញ៕