(កណ្ដាល)៖ បុគ្គលិកកាស៉ីណូហ្គ្រេនដ្រាហ្គនម្នាក់ ជនជាតិឥណ្ឌូនេស៉ី បានចាក់ប្រហារបុគ្គលិកកាស៉ីណូក្រោន ដែលជាជនជាតិឥណ្ឌូនេស៉ីដូចគ្នា បណ្ដាលឲ្យរបួសធ្ងន់ស្រាល ចំនួន៤នាក់។ ហេតុការណ៍នេះបានបង្កឲ្យ មានការភ្ញាក់ផ្អើល នៅយប់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ ចំណុចភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល។

របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា ជនរងគ្រោះក្នុងហេតុការណ៍នេះ មានចំនួន៤នាក់ ទី១៖ឈ្មោះ CHALIE អាយុ២៦ឆ្នាំ, ទី២៖ឈ្មោះ SELAMAT អាយុ៤២ឆ្នាំ, ទី៣៖ឈ្មោះ MISKO អាយុ៣៧ឆ្នាំ និងទី៤៖ឈ្មោះ HENDRI អាយុ៣៤ឆ្នាំ។ ពួកគេជា បុគ្គលិកកាស៉ីណូក្រោន ស្នាក់នៅភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។

ដោយឡែក ជនសង្ស័យឈ្មោះ គី យ៉ុង (KUI YONG) អាយុ៤៧ឆ្នាំ មុខរបរបុគ្គលិកកាស៉ីណូ ហ្គ្រេនដ្រាហ្គន ស្នាក់នៅភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ។ ក្នុងនោះសមត្ថកិច្ចដកហូតបាន កាំបិតចុងស្រួច ចំនួន០២ដើម និងម៉ូតូម៉ាក Honda Wave អាល់ហ្វា ទឹកប៊ិច គ្មានស្លាកលេខចំនួន០១គ្រឿង។

សមត្ថកិច្ចបានបញ្ជាក់ថា កន្លងមកជនរងគ្រោះ SELAMAT និងជនសង្ស័យឈ្មោះ KUI YONG ធ្លាប់ជាមិត្តភក្ដិរកស៊ីចូលហ៊ុនគ្នាផ្នែកអនឡាញ។ ក្រោយមកប្រមាណជា៣ ទៅ៤ខែមុន ជនរងគ្រោះ និងជនសង្ស័យ ក៏មានទំនាស់ក្នុងការរកស៊ីជាមួយគ្នា ហើយក៏លែងនិយាយរាប់រកគ្នាពីពេលនោះមក។ លុះដល់ថ្ងៃកើតហេតុ ជនសង្ស័យ និងជនរងគ្រោះបានណាត់ដើម្បីវាយគ្នាតែម្ដង៕