(ភ្នំពេញ)៖ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា លោក វ៉ាង វិនធាន នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១នេះ បានគូសបញ្ជាក់ថា ផ្លែស្វាយកម្ពុជា នឹងមានវាសនា ដូចចេកអំបូងលឿង ដែលកំពុងមានការរីកចម្រើនខ្លាំង ក្រោយពីរដ្ឋាភិបាលចិន អនុញ្ញាតឲ្យនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាដោយផ្ទាល់ ទៅកាន់ប្រទេសចិន។

ការគូសបញ្ជាក់បែបនេះរបស់លោក វ៉ាង វិនធាន ធ្វើឡើងក្នុងពិធីសម្ពោធ ការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាដោយផ្ទាល់ ទៅកាន់ប្រទេសចិនជាផ្លូវការ ក្រោមអធិបតីភាពលោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១នេះ។

លោក វ៉ាង វិនធាន បានបញ្ជាក់យ៉ាងដូច្នេះថា «តាមរយៈការបើកចំហក្នុងទីផ្សារប្រទេសចិន សម្រាប់ផ្លែស្វាយកម្ពុជា នឹងមានកំណើន ក្នុងការអភិវឌ្ឍន៍ខ្លាំង ដូចដំណាំចេកជាមិនខាន»។

លោកបានលើកឡើងទៀតថា ប្រទេសចិនមានតម្រូវការទីផ្សារច្រើន និងមានផលិតភាពកសិកម្ម យ៉ាងជឿនលឿន ហើយប្រទេសចិន បានក្លាយជាទីផ្សារនាំចេញដ៏ធំបំផុត សម្រាប់ប្រទេសកម្ពុជា។

លោកថា ក្រោយពីមានការជោគជ័យ ក្នុងការនាំចេញដំណាំចេកកម្ពុជា ទៅកាន់ប្រទេសចិន ផលិតកម្មដំណាំចេក នៅក្នុងប្រទេសកម្ពុជា មានការអភិវឌ្ឍខ្លាំង ហើយបរិមាណក្នុងការនាំចេញ មានការកើនឡើង ដោយចាប់ពី១ម៉ឺនតោន ក្នុងឆ្នាំ២០១៨ រហូតដល់៣៣ម៉ឺនតោន ក្នុងឆ្នាំ២០២០។

លោកឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ជឿជាក់ថា ក្រោមការខិតខំរួមគ្នា រវាងប្រទេសទាំងពីរ ផលិតកសិកម្មកម្ពុជា នឹងមានគុណភាពខ្ពស់ កាន់តែច្រើននឹងអាចនាំចេញ ទៅកាន់ប្រទេសចិនផងដែរ។

លោក វ៉ាង វិនធាន បានគូសបញ្ជាក់ទៀតថា ប្រតិបត្ដិការវិស័យកសិកម្ម រវាងប្រទេសទាំងពីរ នឹងអាចឈានដល់ដំណើរការថ្មីមួយទៀត ដែលអាចជួយដល់ការ អភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ។

ជាមួយគ្នានេះ លោកក៏បានបញ្ជាក់ផងដែរថា បើទោះបីជាជួបវិបត្ដិកូវីដ-១៩ យ៉ាងណាក្ដី ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា វិស័យកសិកម្ម នៅក្នុងប្រទេសកម្ពុជា សម្រេចបានកំណើនកើនឡើង នៅក្នុងឆ្នាំ២០២០។

លោក វ៉ាង វិនធាន បានលើកឡើងថា កសិកម្មជាវិស័យដ៏សំខាន់មួយ និងកិច្ចសហប្រតិបត្ដិការរវាង ចិន-កម្ពុជា ហើយផលិតផលកសិកម្ម របស់ប្រទេសកម្ពុជា មានលក្ខណៈសំបូរបែប និងមានគុណភាពខ្ពស់ ដូចជា៖ អង្ករក្រអូប, ទុរេនកំពត, ម្រេចកំពត, ក្រូចថ្លុងក្រចេះ និងស្ករត្នោតកំពង់ស្ពឺ ជាដើម -ល-។ សុទ្ធតែមានតម្រូវការ នៅក្នុងប្រទេសចិន។

លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា នៅឆ្នាំដំបូងនេះ កម្ពុជារំពឹងថា នឹងនាំចេញផ្លែស្វាយស្រស់ ទៅកាន់ទីផ្សារចិន ប្រមាណ១០ម៉ឺនតោន ទទួលចំណូលប្រមាណ ១០០លានដុល្លារ។

លោក វេង សាខុន បានលើកឡើងថា ការនាំចេញក្នុងបរិមាណ១០ម៉ឺនតោន នៅឆ្នាំដំបូងនេះ គឺចំណុចចាប់ផ្តើមប៉ុណ្ណោះ ប៉ុន្តែសម្រាប់ឆ្នាំបន្ទាប់លោកជឿជាក់ថា បរិមាណនឹងមានការកើនឡើងច្រើន ហើយរោងចក្រវេចខ្ចប់ថ្មីៗប្រមាណ១០រោងចក្រទៀត នឹងរួចរាល់ដាក់ឲ្យដំណើរការផងដែរ៕