(ភ្នំពេញ)៖ វិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព បានចេញសេចក្តីថ្លែងការណ៍មួយ សម្តែងការគាំទ្រយ៉ាងពេញទំហឹង និងកោតសរសើរចំពោះសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបញ្ចប់នូវវិធានការ បិទខ្ទប់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ។

តាមសេចក្តីថ្លែងការណ៍ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា វិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព សូមធ្វើការគាំទ្រយ៉ាងពេញទំហឹង និងគោរពដឹង គុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ដែលបានបំពេញតួនាទីយ៉ាងសំខាន់មិនអាចខ្វះបាន ក្នុងការដឹកនាំគ្រប់គ្រងលើ ព្រឹត្តិការណ៍ឆ្លងសហគមន៍ នៃជំងឺកូវីដ-១៩ ដែលអូសបន្លាយតាំងពីខែកុម្ភៈ ឆ្នាំ២០២១មក។

«យើងខ្ញុំសូមគោរពកោតសរសើរចំពោះសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបញ្ចប់នូវវិធានការ បិទខ្ទប់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ លើកលែងតែតំបន់មានហានិភ័យឆ្លងខ្ពស់មួយចំនួន។ យើងខ្ញុំជឿជាក់ថា សេចក្តីសម្រេចនេះនឹងផ្តល់ផលប្រយោជន៍ដោយផ្ទាល់ដល់ប្រទេសកម្ពុជា និងប្រជាពលរដ្ឋខ្មែរ គ្រប់ជាន់ថ្នាក់ ព្រមទាំងបញ្ជាក់នូវកិច្ចបន្តខិតខំប្រឹងប្រែង ដោយភាពម៉ឺងម៉ាត់ ស្វាហាប់ និងច្បាស់លាស់របស់ សម្តេចតេជោ ដើម្បីធានាបាននូវការតម្កល់ផលប្រយោជន៍កម្ពុជាទាំងថ្នាក់ជាតិ និងអន្តរជាតិ ក្នុងការប្រយុទ្ធ ប្រឆាំងនឹងវិបត្តិជំងឺរាតត្បាតសកលមួយនេះ»។

រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ កន្លងទៅ បានចេញសេចក្តីសម្រេចបញ្ចប់ការបិទខ្ទប់ ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល បន្ទាប់ពីអនុវត្តការបិទខ្ទប់នេះ អស់រយៈពេល៣សប្តាហ៍ ដើម្បីទប់ស្កាត់ការរីករាលដាលធ្ងន់ធ្ងរ នៃជំងឺកូវីដ១៩ ក្នុងសហគមន៍ នៅក្នុងប្រទេសកម្ពុជា។ បន្ទាប់ពីបញ្ចប់ការបិទខ្ទប់នេះ រាជរដ្ឋាភិបាល បានផ្តល់សិទ្ធិដល់អាជ្ញាធរមូលដ្ឋានរាជធានីភ្នំពេញ និងខេត្តកណ្តាល រួមទាំងខេត្តដទៃទៀត អនុវត្តវិធានការបិទខ្ទប់ទ្រង់ទ្រាយតូច ទៅតាមស្ថានភាពជាក់ស្តែង។

 វិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព បានលើកឡើងថា ចាប់តាំងពី «ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១» ផ្ទុះឡើងមក រាជរដ្ឋាភិបាលកម្ពុជាក្រោមការ ដឹកនាំផ្ទាល់ និងចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ បាន និងកំពុងធ្វើការយ៉ាងសកម្មប្រកបដោយ ស្មារតីឈឺឆ្អាលក្នុងការប្រមែប្រមូលធនធានជាតិ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ទោះបីជាធនធានរបស់កម្ពុជានៅមាន កម្រិតយ៉ាងណាក៏ដោយ។ កម្ពុជាប្រាកដណាស់កំពុងមានបញ្ហាប្រឈមមួយចំនួន ខណៈពេលដែលប្រជាជនកម្ពុជា បានទទួលមរណភាពដោយជំងឺកូវីដ-១៩ ជាច្រើននាក់ ក៏ប៉ុន្តែប្រសិនបើគ្មានចំណាត់ការយ៉ាងឆាប់រហ័សដោយ រាជរដ្ឋាភិបាលកម្ពុជា ស្ថានភាពនឹងច្បាស់ជាឈានទៅដល់ចំណុចនៃគ្រោះមហន្តរាយជាក់ជាមិនខាន។ ជាមួយគ្នានេះ ដែរ សម្តេចតេជោ បានកត់សម្គាល់ជាក់ស្តែងអំពីតួនាទីដ៏សំខាន់របស់ប្រជាពលរដ្ឋកម្ពុជា រាប់ចាប់ពីទំនួលខុស ត្រូវផ្ទាល់ខ្លួន និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីធ្វើយ៉ាងណាឱ្យវិបត្តិនេះផុតរលត់ ទៅយ៉ាងឆាប់បំផុត។

«យើងខ្ញុំយល់ឃើញថា កត្តាសត្យានុម័តដែលគួរទទួលស្គាល់ គឺយុទ្ធនាការចាក់វ៉ាក់សាំង ប្រកបដោយភាពជោគជ័យ និងឆាប់រហ័សជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរ និងជនបរទេសដែលកំពុងស្នាក់នៅ ប្រទេសកម្ពុជា»។ នេះបើតាមការបញ្ជាក់បន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍។

ក្នុងនាមជាស្ថាប័នសិក្សាស្រាវជ្រាវវិស័យការបរទេសដ៏ចំណាស់ជាងគេនៅកម្ពុជា វិទ្យាស្ថាននេះ ក៏បានរំលេចនូវភាពជោគជ័យដ៏ត្រចះត្រចង់ចំនួន ២ចំណុចសំខាន់ៗក្នុងចំណោមស្នាដៃល្អផ្សេងៗទៀត ដែលសម្រេច បានក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ អំឡុងពេលវិបត្តិអាសន្នដ៏កាចសាហាវមួយនេះ។ លទ្ធផល ជោគជ័យទាំងពីរនោះរួមមាន៖

១៖ បើទោះជាទីផ្សារវ៉ាក់សាំងកូវីដ-១៩ នៅក្នុងពិភពលោកកំពុងមានភាពប្រកួត ប្រជែងយ៉ាងខ្លាំងយ៉ាងណាក៏ដោយ ក៏កម្ពុជានៅតែមានលទ្ធភាពក្នុងការទទួលបានវ៉ាក់សាំងយ៉ាងឆាប់រហ័ស និង២៖ កម្ពុជាជាប់ចំណាត់ថ្នាក់លេខ២ បន្ទាប់ពីសិង្ហបុរី ខាងមានអត្រាប្រជាជន ដែលទទួលវ៉ាក់សាំងយ៉ាងតិច ១ដូស ច្រើនជាងគេបង្អស់នៅក្នុងតំបន់អាស៊ាន។ ចំណាត់ថ្នាក់នេះ គឺជាលទ្ធផលដ៏ល្អគាប់ប្រសើរសម្រាប់ប្រទេសដែល ស្ថិតក្នុងចំណោមកម្រិតអភិវឌ្ឍដូចកម្ពុជា។

វិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព បានប្រកាសគោរពគាំទ្រ និងទទួលស្គាល់នូវតួនាទីមិនអាច ខ្វះបានរបស់ សម្តេចតេជោ ក្នុងការយកចិត្តទុកដាក់អំពីសុខទុក្ខប្រជាពលរដ្ឋកម្ពុជា ក្នុងអំឡុងវិបត្តិជំងឺឆ្លងដ៏ កាចសាហាវមួយនេះ។ វិទ្យាស្ថាននេះ ក៏សូមអំពាវនាវជូនដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ សូមគោរពអនុវត្តតាមអនុ សាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ក៏ដូចជាប្រតិបត្តិតាមវិធានការ និងសេចក្តីណែនាំនានាដាក់ចេញដោយ ក្រសួងសុខាភិបាល ព្រមទាំងស្ម័គ្រចិត្តចូលរួមទទួលយកការចាក់វ៉ាក់សាំងដើម្បីបង្ហាញពិភពលោកឱ្យឃើញថា កម្ពុជា កំពុងតែរួមចំណែកយ៉ាងសស្រាក់សស្រាំជាមួយបណ្តាប្រទេសកំពុងអភិវឌ្ឍដទៃទៀតក្នុងការប្រយុទ្ធប្រឆាំងនឹងវិបត្តិ ជំងឺរាតត្បាតសកលកូវីដ-១៩៕