(ត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១នេះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងអាជ្ញាធរស្រុក ចុះពិនិត្យដំណើរការរៀបចំដាំឡើងវិញ នូវដើមពោធិ៍ដ៏ធំមួយដើម ដែលមានអាយុកាលរាប់រយឆ្នាំ គឺ «ដើមពោធិ៍លោកតាក្រហមក» ដែលដួលរលំដោយខ្យល់កន្ត្រាក់ ល្ងាចថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ ខណ:មានការយល់ច្រលំថាជា «ដើមពោធិ៍ប្រវត្តិសាស្ត្រស្នេហាទុំទាវ» នៅក្បែរនោះ មានចម្ងាយប្រមាណ៧០ម៉ែត្រពីគ្នា ដែលស្ថិតនៅភូមិជើងខាល ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ក្នុងឳកាសនោះ លោកបណ្ឌិតអភិបាលខេត្ត បានធ្វើការសែនព្រេន ទៅតាមទំនៀមទំលាប់ប្រពៃណីសាសនា និងណែនាំឲ្យមន្ទីរជំនាញ និងអាជ្ញាធរស្រុករៀបចំបច្ចេកទេស ពន្លឿនការដាំឡើងវិញ រៀបចំកែសម្រួលសោភ័ណភាព បន្តអភិរក្សតំបន់ប្រវត្តិសាស្ត្រនេះ រហូតនារសៀលថ្ងៃដដែលនេះ បានធ្វើការស្ទូចដាំរួចរាល់ជាស្ថាពរ។

សូមជម្រាបថា បន្ទាប់ពីទទួលដំណឹងពីការដួលរលំនេះ ភ្លាមៗក្រោមការណែនាំពីលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តត្បូងឃ្មុំ លោកបណ្ឌិត អភិបាលខេត្ត បានចំណាត់ការទាំងយប់ឲ្យអាជ្ញាធរស្រុក សហការជាមួយមន្ទីរពាក់ព័ន្ធ ចុះទៅដល់ទីតាំង នឹងត្រៀមគ្រឿងចក្របច្ចេកទេស ដើម្បីធ្វើការស្ទូចលើករៀបចំដាំឡើងវិញ។

បន្ទាប់មកលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បន្តចុះចែកអង្ករជំនួយសង្គ្រោះបន្ទាន់របស់រាជរដ្ឋាភិបាលជប៉ុនចំនួន១២តោន ដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិនាពេលកន្លងទៅ ចំនួន៤០០គ្រួសារ ក្នុងមូលដ្ឋាន ស្រុកត្បូងឃ្មុំ ស្ថិតនៅសាលាឃុំពាមជីលាំង ព្រមទាំងផ្តល់ថវិការលើកទឹកចិត្តដល់ក្រុមប្រឹក្សាឃុំ និងមេភូមិផងដែរ។

ឆ្លៀតក្នុងឱកាសនោះ លោកបណ្ឌិតអភិបាលខេត្ត ក៏បានក្រើនរំលឹកផងដែរដល់មន្រ្តីគ្រប់លំដាប់ថ្នាក់ ត្រូវបម្រើសេវាសាធារណៈឲ្យបានល្អ និងទាន់ពេលវេលា ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ហើយប្រសិនបើមានបញ្ហាអ្វី ត្រូវរាយការណ៍ជូនថ្នាក់លើដើម្បីសិក្សាដោះស្រាយជូនពួកគាត់ជាបន្ទាន់។

គួរឲ្យដឹងផងដែរ ក្នុងរយៈពេល២ថ្ងៃនេះ ភូមិសាស្រ្តខេត្តត្បូងឃ្មុំ មានភ្លៀងធ្លាក់ លាយជាមួយខ្យល់កន្ត្រាក់ជាប់ៗគ្នាដែលរងផលប៉ះពាល់ទៅលើក្រុង/ស្រុកទូទាំងខេត្ត ធ្វើឱ្យផ្ទះរបស់ប្រជាពលរដ្ឋប្រមាណជិត៣០០គ្រួសារ ត្រូវបានប៉ើងដំបូល និងដួលរលំ ព្រមទាំងដើមឈើ និងផលដំណាំ រងការខូចខាតជាដំណំផងដែរ៕