(ត្បូងឃ្មុំ)៖ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១នេះ លោក ឆាយ វណ្ណា សមាជិកព្រឹទ្ធសភា និងជាលេខាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ២ និងជាលេខាគណៈកម្មការទី៥នៃព្រឹទ្ធសភា និងលោក សុះ មូហាំម៉ាត់ ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចុះសួរសុខទុក្ខជួបសំណេះសំណាល និងនាំយកអំណោយកញ្ចប់អាហារសម្រាប់ស្រាយបួសក្នុងខែរ៉ម៉ាឌ ដល់សាសនិកឥស្លាមចំនួន១១៩គ្រួសារ ដែលស្ថិតនៅភូមិអង្គរជា ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ជាអំណោយរបស់ស្ថានទូតរដ្ឋគូវែត ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

លោក ឆាយ វណ្ណា បានលើកឡើងថា «យើងទាំងអស់គ្នាដឹងហើយថា ជំងឺកូវីដ១៩ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់សង្គមជាតិ និងប្រជាជនគ្រប់ស្រទាប់វណ្ណៈ ពិសេសគឺជីវភាពប្រជាពលរដ្ឋដែលងាយរងគ្រោះ។ ដូច្នេះយើង ទាំងអស់គ្នាត្រូវអនុវត្តឱ្យបានដាច់ខាតតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុវត្តវិធានការ «៣កុំ និង៣ការពារ» ដើម្បីកាត់ផ្តាច់ខ្សែសង្វាក់ នៃការឆ្លងរីករាលដាលក្នុងប្រទេសទាំងមូល និងជាពិសេស នៅខេត្តត្បូងឃ្មុំនេះ។

នៅក្នុងពិធីនោះដែរ លោក សុះ មូហាំម៉ាត់ បានបញ្ជាក់ថា អំណោយទាំងនេះ ជាទឹកចិត្តដ៏ជ្រះថ្លារបស់ប្រជាពលរដ្ឋគូវែតតាមរយៈលោក Counselor. Zaher Muteb B Alkhurainej ជាភារធារីទូតរដ្ឋគូវែតប្រចាំកម្ពុជា ព្រមទាំងនាំសេចក្ដីផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ស្ថានទូតគូវែត ដល់បងប្អូនសាសនិកឥស្លាមទាំង១១៩ គ្រួសារផងដែរ។

សូមជម្រាបដែរថា សមាគមប្រភពល្អកម្ពុជា ដែលដឹកនាំដោយលោក សុះ មូហាំម៉ាត់ បានចូលរួមចំណែកជាមួយរាជ រដ្ឋាភិបាលទូទាំងប្រទេសនិងអាជ្ញាធរខេត្តត្បូងឃ្មុំ ក្នុងការអភិវឌ្ឍកសាងធនធានមនុស្ស វិស័យអប់រំ សាសនា សាងសង់សាលារៀន ជួយដល់សិស្សនិស្សិត កុមារកំព្រាប្រជាពលរដ្ឋក្រីក្រ តាមភូមិជាច្រើនព្រមទាំងសមិទ្ធផលនានាជាច្រើនទៀត។

ជាពិសេសក្នុងរ៉ម៉ាឌននេះ កញ្ចប់អាហារស្រាយបួសចំនួន៩១៦៥ កញ្ចប់ ដែលគិតជាទឹកប្រាក់សរុប ៤០,៣២៦០ដុល្លារ ត្រូវបានចែកជូនប្រជាពលរដ្ឋស្ទើរទូទាំងប្រទេសក្នុងអំឡុងខែរ៉ម៉ាឌនឆ្នាំ២០២១នេះ។

គួរជម្រាបថា អំណោយទាំងនោះក្នុងមួយគ្រួសារៗ ទទួលបាន ឣង្ករ៥០គីឡូក្រាម, ស្ករស៤គីឡូក្រាម, អំបិល២គីឡូក្រាម, ប្រេងឆា២ លីត្រ១ដប, មី១០កញ្ចប់, ទឹកដោះគោ៤ កំប៉ុង, ត្រីខ៥កំប៉ុង និងទឹកត្រីមួយលីត្រ១ដប៕