(ភ្នំពេញ)៖ បុរសម្នាក់ដែលមានជំងឺស្លាប់មួយចំហៀងខ្លួន ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ និងមន្រ្តីសុខាភិបាល បានជួយដឹកបញ្ជូនទៅកាន់មន្ទីរហ្លួងម៉ែភ្លាមៗ កាលពីរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ ក្រោយកូនរបស់គាត់ បានបង្ហោះសុំអន្តរាគមន៍តាមបណ្តាញសង្គមហ្វេសបុក។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា «បុរសស្លាប់មួយចំហៀងខ្លួនម្នាក់ ដែលកូនរបស់គាត់បានបង្ហោះព័ត៌មានតាមបណ្តាញសង្គមសង្ស័យថា កើតជំងឺកូវីដ១៩ ពេលនេះមន្ត្រីនៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានបញ្ជូនគាត់ទៅកាន់មន្ទីរពេទ្យហ្លួងម៉ែរួចរាល់ហើយ»

រីឯកូនគាត់ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ បញ្ជូនចេញពីមណ្ឌលព្យាបាលជម្ពូវ័ន ទៅកាន់មន្ទីរពេទ្យហ្លួងម៉ែរួចរាល់ហើយដែរ កាលពីរសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ម្សិលមិញ។

កាលពីពេលថ្មីៗ មានបុរសម្នាក់នេះបង្ហោះតាមបណ្តាញសង្គមហ្វេសបុកថា «សូមគោរព ពូចៅសង្កាត់ស្ទឹងមានជ័យ២ និងបងចៅសង្កាត់រងទី១ ប៉ារបស់ខ្ញុំបាទសង្សយ័កើតជំងឺកូវីដ១៩ ដោយគាត់បានប៉ះពាល់ជាមួយ នឹងកូនដែលមានផ្ទុកជំងឺកូវីដ១៩ ហើយគាត់មានជំងឺស្លាប់មួយចំហៀងខ្លួន ដោយមិនទាន់បានទៅយកសំណាក ព្រោះកូនៗត្រូវបានក្រុមគ្រូពេទ្យយកទៅព្យាបាល ឥឡូវគាត់មិនមាននរណាយកគាត់ទៅយកសំណាកទេ ដោយគាត់មានជំងឺប្រចាំកាយ»

ក្រោយមានការចែកចាយព័ត៌មាននេះ នៅលើបណ្តាញសង្គមហ្វេសបុករួចមក អាជ្ញាធររាជធានីភ្នំពេញ បានអន្តរាគមន៍ និងចាត់ឲ្យមន្រ្តីសុខាភិបាលចុះយកសំណាក និងដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យហ្លួងម៉ែភ្លាមៗតែម្តង កាលពីល្ងាចម្សិលមិញ ដើម្បីព្យាបាល៕