(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ លោក អ៊ុន ចាន់ដា រួមនឹងក្រុមការងារនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ បានចុះសំណេះសំណាល និងនាំអំណោយរបស់រដ្ឋបាលខេត្ត ផ្ដល់ជូនប្រជាពលរដ្ឋជាង ៧៣០គ្រួសារ នៅតាមបណ្តាឃុំកំពុងបឹងខ្ទប់ ក្នុងស្រុកកងមាស ដើម្បីដោះស្រាយជីវភាព។

លោក អ៊ុន ចាន់ដា បានយល់ឃើញថា បងប្អូនប្រជាពលរដ្ឋមានការខ្វះខាតជីវភាព ខណៈពេលភូមិឃុំរបស់ខ្លួនត្រូវបានបិទខ្ទប់ ដើម្បីការពារការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ហេតុដូច្នេះហើយទើបអាជ្ញាធរខេត្ត បាននាំអំណោយជាគ្រឿងឧបភោគបរិភោគ មកផ្ដល់ជូនបងប្អូនដើម្បីដោះស្រាយជីវភាពបានមួយរយៈ ក្នុងពេលដែលកំពុងបិទខ្ទប់នេះតែម្ដង។

លោកអភិបាលខេត្ត បានថ្លែងបន្តថា ឈានដល់ការសម្រេចចិត្តបិទឃុំចំនួន៣ ដែលមាន២៤ភូមិ និងភូមិចំនួន៤ នៅក្នុងស្រុកកងមាស ដោយសារមានអ្នកចំណូលស្រុក មកពីទីក្រុងភ្នំពេញ ដោយនាំមកមេរោគ កូវីដ-១៩ ចូលមកក្នុងសហគមន៍ និងបានបន្តចម្លងចូលទៅក្នុងសហគមន៍របស់គាត់។ ដូច្នេះប្រសិនបើអាជ្ញាធរខេត្ត មិនមានវិធានការឲ្យបានទាន់ពេលទេ នោះនឹងអាចមានការឆ្លងទៅកាន់ប្រជាពលរដ្ឋនៅក្នុងភូមិកាន់តែច្រើនឡើងមិនខាន។ ទន្ទឹមនឹងនោះ អាជ្ញាធរខេត្តបានអនុវត្តវិធានការសុខាភិបាល ធ្វើការស្រាវជ្រាវរកអ្នកដែលពាក់ព័ន្ធដោយផ្ទាល់ជាមួយអ្នកជំងឺ ដើម្បីយកមកធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កស្រុក និងខេត្ត ចំពោះអ្នកប៉ះពាល់ដោយប្រយោលត្រូវឱ្យគាត់ធ្វើចត្តាឡីស័កនៅតាមផ្ទះផងដែរ។

លោកអភិបាលខេត្ត បានបញ្ជាក់ថា ចំពោះភូមិ ឃុំដែលកំពុងបិទខ្ទប់ មកដល់ពេលនេះនៅសល់តែ ៦ ថ្ងៃទៀតប៉ុណ្ណោះ ប្រសិនបើការពិនិត្យទៅមិនឃើញមានវិជ្ជមានកូវីដ១៩ ថ្មីទេ អាជ្ញាធរខេត្តនឹងបើកឲ្យដំណើរការឡើងវិញ។ ដូច្នេះក្នុងតំណាក់កាលនេះ សូមបងប្អូនទាំងអស់អត់ធ្មត់សិនចុះ និងសូមបង្កើនការថែទាំសុខភាព ការពារសុវត្ថិភាពផ្ទាល់ខ្លួន អោយបានគ្រប់ៗគ្នា ក្នុងការចូលរួមទប់ស្កាត់ ពីការឆ្លងនៃជំងឺកូវីដ-១៩ និងត្រូវអនុវត្តនូវវិធានការ « ៣ការពារ និង ៣កុំ» ជាដាច់ខាត ពិសេសការអនុវត្តន៍កាតព្វកិច្ចពាក់ម៉ាស់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពបុគ្គល ស្របតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលក្នុងអំឡុងពេល នៃការឆ្លងរាលដាលជម្ងឺកូវីដ-១៩ បម្លែងថ្មី ដ៏កាចសាហាវនោះ៕