(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម និងជាប្រធានសាខាកាកបាទក្រហមខេត្ត លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១នេះ និងក្រុមការងារ បានអញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋចំនួន៩០គ្រួសារ នៅ២កន្លែងផ្សេងគ្នា រួមមាន៖ ១០គ្រួសារ នៅឃុំជ្រៃវៀន ស្រុកព្រៃឈរ និង៨០គ្រួសារទៀត មកពី៦ឃុំ ស្រុកកងមាស ដែលរងគ្រោះដោយខ្យល់កន្ត្រាក់បណ្តាលឲ្យប៉ើង និងរបើកដំបូលផ្ទះប្រជាពលរដ្ឋកាលពីល្ងាចថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១។

ក្នុងឱកាសនោះ លោក អ៊ុន ចាន់ដា បានចូលរួមសម្តែងការសោកស្តាយជាខ្លាំង ជាមួយក្រុមគ្រួសាររងគ្រោះទាំងអស់ ចំពោះមហន្តរាយធម្មជាតិ ដែលកើតឡើងដោយមិននឹកស្មានដល់ បង្កឲ្យមានការខូចខាត ផ្ទះសម្បែងរបស់បងប្អូន បែបនេះ។

ជាមួយគ្នានោះដែរ លោកអភិបាលខេត្ត ក៏បានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ជនរងគ្រោះ ជនងាយរងគ្រោះ ដោយមិនរើសអើងឡើយ ហើយតែងបានចាត់តំណាងឲ្យចុះអន្តរាគមន៍ ផ្តល់ជំនួយសង្រ្គោះទាន់ពេលវេលា ស្របតាមទិសស្លោក «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»

អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនជនរងគ្រោះ ទាំង៩០គ្រួសារ ក្នុង១គ្រួសារ ទទួលបាន៖ អង្ករ ២៥គក្រ, មី៥០កញ្ចប់,ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ត្រីខ ១០កំប៉ុង, ឃីត១ (មុង១ ភួយ១ សារុង១ ក្រមា១)។

ដោយឡែក ថវិកាបានផ្តល់ជូនតាមកម្រិតខូចខាត គឺអ្នកដែលខូចខាតកម្រិតធ្ងន់ ចំនួន១៩គ្រួសារ ១គ្រួសារផ្តល់ជូន ៣០០,០០០រៀល, អ្នកខូចខាតកម្រិតមធ្យម ចំនួន១៥គ្រួសារ ១គ្រួសារ ផ្តល់ជូន ២០០,០០០ រៀល ហើយ អ្នកដែលខូចខាតកម្រិតស្រាល ចំនួន៥៦គ្រួសារ ១គ្រួសារ ទទួលបានថវិកាចំនួន១០០,០០០ រៀល។

ក្នុងនោះដែរ ខាងស្រុកព្រៃឈរ អនុសាខាស្រុក បានផ្តល់សង្កសី ១៣៧សន្លឹកជូន ៨គ្រួសារងគ្រោះតាមទំហំខូចខាត និងផ្តល់ថវិកាជូន២គ្រួសារដែលរបើកក្បឿង ក្នុង១គ្រួសារ ២០០,០០០ រៀល និងព្រះអនុគណស្រុក ក៏បានឧបត្ថម្ភ ក្នុង១គ្រួសារ មី២កេស និងថវិកា ១០០,០០០រៀលផងដែរ។

សូមរំលឹកថា កាលពីល្ងាចថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ កន្លងទៅនេះ ខ្យល់កន្ត្រាក់ បានបង្កមហន្តរាយ នៅឃុំចំនួន២៤ នៃ៥ស្រុកក្នុងនោះមាន (បាធាយ ជើងព្រៃ ព្រៃឈរ កងមាស និង ស្ទឹងត្រង់) ប៉ះពាល់ផ្ទះប្រជាពលរដ្ឋ សរុបចំនួន១៩៤ខ្នង ខូចខាតកម្រិតធ្ងន់ ៣៩គ្រួសារ, កម្រិតមធ្យម ៩៩គ្រួសារ និងកម្រិតស្រាល ៥៦គ្រួសារ ហើយត្រូវបានសាខាអនុសាខាកាកបាទក្រហមកម្ពុជាខេត្តស្រុកផ្តល់ជំនួយមនុស្សធម៌ភ្លាមៗជាបន្តបន្ទាប់៕